សត្វ​អណ្តើក​ហ្លួង​២៥​ក្បាល​ ត្រូវ​បាន​លែង​ចូល​ក្នុង​ទឹកដី​ធម្មជាតិ

79

កោះកុង ៖ ​អណ្តើក​ហ្លួង​ពេញវ័យ​ចំនួន​២៥​ក្បាល​ ដែល​ទទួល​បាន​ការ​ថែរក្សា​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​ខេត្តកោះកុង ​ត្រូវបាន​លែង​ចូល​ក្នុង​ដែនដី​ធម្មជាតិ​នៅ​តាម​ដងព្រៃ​ក​ស្រែអំបិល​ខេត្តកោះកុង​។ ការ​ព្រលែង​នេះ​ គឺ​ដើម្បី​ឱ្យ​អណ្តើក​ទាំងនេះ ​អាច​រស់រាន​ក្នុង​ទឹកដី​ធម្មជាតិ​វិញ​។ ​នេះ​បើ​យោង​តាម​ការ​ផ្សព្វផ្សាយរ​បស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ​(WCS)

WCS ​បានបន្ដថា ​អណ្តើក​ហ្លួង ជា​ប្រភេទ​សត្វ​កម្រ​ដែល​ជិត​ផុត​ពូជ ​ហើយ​វា​ត្រូវ​បាន​គេ​ជឿថា​ បាន​ផុត​ពូជ​ពី​ប្រទេស​កម្ពុជា​ ទៅហើយ​រហូតដល់​ឆ្នាំ​២០០០​ ទើប​អ្នក​ជំនាញ​របស់​កម្ពុជា​ និង​អង្គ​ការ​ជំនាញ​ខាង​សត្វព្រៃ​បាន​រក​ឃើញ​នៅ​ស្ទឹង​ស្រែអំបិល​ នៅ​ខេត្តកោះកុង​។

អង្គការ WCS បានឱ្យដឹងថា​ អណ្តើក​ហ្លួង មាន​វត្ត​មានតែ​នៅ​ប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ថៃ ហើយ​ចំនួន​វា​នៅ​លើ​សកលលោក​មាន​តិចជាង ​៥០០ ក្បាល​ប៉ុណ្ណោះ​។​ ចំណែក​នៅ​កម្ពុជា សត្វ​អណ្តើក​នេះ ​ក៏បាន​ចាត់​ជា​ប្រភេទ​កំពុង​រងគ្រោះថ្នាក់​ផងដែរ ​ហើយ​ត្រូវ​បាន​ដាក់​ជា​ប្រភេទ​ល្មូន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ​ដោយ​ព្រះរាជក្រឹត្យ​កាលពី​ឆ្នាំ ២០០៥៕