គ​.​ជ​.​ប គ្រោង​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​នៅ​ថ្ងៃ​១៤​ធ្នូ​

56

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប​គ្រោង​នឹង​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​នៅ​ថ្ងៃ​១៤​ធ្នូ​ខាងមុខ បន្ទាប់ពី​ការ​ចុះឈ្មោះ​បោះឆ្នោត​រួចរាល់​បាន​ត្រឹម​ជាង​៥០​ម៉ឺន​នាក់ និង​លុបឈ្មោះ​ជិត​២​ម៉ឺន​នាក់​។​

ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​គូស​បញ្ជាក់​ថា ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​នៅ​ខែក្រោយ​ខាងមុខនេះ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្តឹង​តវ៉ា ក្នុង​ករណី​មានការ​បាត់ឈ្មោះ​ពី​បញ្ជី ឬ​មានការ​លុបឈ្មោះ​មិន​ត្រឹមត្រូវ និង​មានឈ្មោះ​ច្រើនជាង​មួយកន្លែង ឬ​មានឈ្មោះ​ស្ទួន​ជាដើម​។​

សេចក្តីអំពាវនាវ​រប​ស់គ​.​ជ​.​ប​ដែល​បានចេញ​ផ្សាយ​កាលពី​ចុង​សប្តាហ៍​នេះ​បាន​ឲ្យ​ដឹងថា គ​.​ជ​.​ប​នឹង​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង រួម​នឹង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​លុបចេញ ពី​បញ្ជី​បោះឆ្នោត​តាម​ឃុំ​-​សង្កាត់​នីមួយៗ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃ​១៤​ធ្នូ ឆ្នាំ​២០១៧​ខាងមុខនេះ នៅតាម​សាលាឃុំ​-​សង្កាត់ និង​នៅតាម​ទីតាំង​ណាមួយ​ក្នុង​ឃុំ​-​សង្កាត់​នៅ​ទូទាំងប្រទេស​។​

ជាមួយគ្នានេះ ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក មានប្រសាសន៍ថា ប្រជាពលរដ្ឋ​អាច​តវ៉ា ឬ​ប្តឹង​ជំទាស់ ទៅ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្នុង​រយៈពេល​១០​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ចាប់ពី​ថ្ងៃទី​១៥ រហូតដល់​២៥​ធ្នូ ដែលជា​កាលបរិច្ឆេទ​ចុងក្រោយ​។​

តាម​ទិន្នន័យ​របស់​គ​.​ជ​.​ប បាន​បង្ហាញថា រយៈពេល​៧០​ថ្ងៃ នៃ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ចុះឈ្មោះ​អ្នកបោះឆ្នោត​មាន​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​បានត្រឹមតែ​៥២​ម៉ឺន​នាក់​។​ទន្ទឹមគ្នានេះ គ​.​ជ​.​ប​បាន​លុបឈ្មោះ​ចេញពី​បញ្ជី​ចំពោះ​អ្នក​ដែល​ទទួលមរណភាព និង​អ្នក​ដែល​ត្រូវបាន​ដកសិទ្ធិ​បោះឆ្នោត​ជា​បណ្តោះអាសន្ន​ជិត​២​ម៉ឺន​នាក់​។

ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ចុះឈ្មោះ​អ្នកបោះឆ្នោត​ត្រូវបាន​គេ​មើលឃើញថា មិន​គ្រប់​តាម​ផែនការ​ដែល​គ​.​ជ​.​ប​គ្រោង​ចុះ​អោយបាន​គ្រប់​ចំនួន​ប្រមាណ​ជាជាង ១ លាន ៦​សែន​នាក់​នៅ​ទូទាំងប្រទេស​កម្ពុជា ដោយសារ​តែមាន​ប្រជាពលរដ្ឋ​មួយចំនួន​ហាក់​មិន​អើពើរ និង​ប្រជាពលរដ្ឋ​មួយចំនួនទៀត​បានធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ដែលជា​ហេតុ​ធ្វើអោយ​ការចុះឈ្មោះ​មិន​គ្រប់​ចំនួន​។​

សូម​រំលឹកថា កា​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៧​នេះ គឺ​សម្រាប់​យកទៅ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ​៕