កម្ពុជា​នឹង​ជំរុញ​អោយ​និស្សិត​មាន​ជំនាញ​ផ្នែក​ត​បណ្ដាញ​អគ្គីសនី​អោយ​ច្បាស់លាស់​

52

ភ្នំពេញ៖ អគ្គនាយករង​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៃ​ក្រសួង​ការងារ​បាន​អោយ​ដឹងថា កម្ពុជា​កំពុង​ព្យាយាម​ជំរុញ​អោយ​និស្សិត​មានឱកាស​ដើម្បី​មាន​ជំនាញ​ច្បាស់លាស់​ផ្នែក​បណ្តាញអគ្គីសនី​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​។​

លោក ទេព ណាវី​អគ្គនាយករង​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើកឡើង​ដូចនេះ​ក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីពី​វិធីសាស្ត្រ​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ និង​បណ្តុះបណ្តាល​អ្នកវាយតម្លៃ​ជំនាញ​លើ​មុខរបរ​ត​បណ្តាញអគ្គីសនី​ដែល​កម្មវិធី​ធ្វើឡើង​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី ១៣ ខែ វិច្ឆិកា​នេះ ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​អង្គការ JICA សហការ​ជាមួយនិង​ក្រុមហ៊ុន JTB ដែល​ទទួលបាន​ពានរង្វាន់​ក្នុងការ​ប្រកួតប្រជែង​នៃ​ប្រទេស​ជប៉ុន និង​ជំនា​ញករ​ចំនួន​២​រូប ដើម្បី​ចែករំលែក​បទពិសោធ​ន៏​។ លោក ទេព ណាវី អគ្គនាយករង​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​បាន​បញ្ជាក់ កន្លងមក​មាន​និស្សិត​កម្ពុជា​បានទទួល​ជោគជ័យ​លើ​ជំនាញ​នានា ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​បណ្តាញអគ្គីសនី​នៅមាន​កម្រិត​នៅឡើយ ទើប​ក្រសួង​ការងារ​សហការ​ជាមួយ​ដៃគូ​ជប៉ុន​ដើម្បី​ជំរុញ​លើ​ជំនាញ​មួយ​នេះ​។​

លោក ទេព ណាវី​បានអោយដឹងថា វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​បង្រៀន​ពី​បច្ចេកទេស​នៃ​ការអនុវត្ត​វិជ្ជា​ជី​វះ​សម្រាប់​មុខរបរ​ដែល​ត្រូវបាន​ជ្រើសរើស​ទៅតាម​ស្ថានភាព​ជាក់ស្តែង​ក្នុង​បណ្តា​ប្រទេស​គោលដៅ បង្រៀន​នូវ​វិធីសាស្ត្រ​នៃ​ការវាយតម្លៃ និង​ការបង្កើន​ការអភិវឌ្ឍ​ធនធានមនុស្ស​លើ​ផ្នែក​បច្ចេកទេស​ដោយ​ឆ្លងកាត់​ការធ្វើ​តេស្ត​យ៉ាង​ត្រឹមត្រូវ​។ លោក​ទេព ណាវី​បាន​បន្ថែមទៀតថា រាល់​ប​ច​ច្ចេកទេស​ជំនាញ​ជាច្រើន​គឺ​ត្រូវបាន​ជប៉ុន​ឧបត្ថម្ភ ការចែករំលែក​បទពិសោធ​ន៍ ការបង្ហាត់បង្ហាញ​វិធីសាស្ត្រ​ដល់​កម្ពុជា​បាន​យ៉ាងច្រើន​។​

លោក យូ​ស្សី​អូ អូ​ស្សី​តិ Yoshio Oshite​តំណាង​ក្រុមហ៊ុន JTB Coporate​មានការ​រីករាយ​អំពី​ការសហការ​របស់​ជប៉ុន​ជាមួយ​កម្ពុជា​លើ​ជំនាញ​ត​បណ្តាញ​ដែល​វា​មាន​សារៈសំខាន់​ដើម្បីអោយ​ប្រទេស​មានការ​គ្រប់គ្រង និង​ធានា​បច្ចេកទេស​ខ្ពស់​លើ​បណ្តាញអគ្គីសនី​នេះ​។​