មនុស្ស ៥​នាក់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​​​មួយ​នៅ​​​រដ្ឋ​ California សហរដ្ឋ​អាមេរិក​

55

អាមេរិក៖ យោង​តាម​​ក្រុម​មន្ត្រី​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា មនុស្ស​ ៥​នាក់​​ដែល​​មាន​ទាំង​​ក្មាន់កាំភ្លើង​ម្នាក់​​ផង​បាន​បាត់​បង់​ជីវិត​​ នៅ​ក្នុង​ការ​បាញ់​ប្រហារ​​​​យ៉ាង​សាហាវ​ហួស​ប្រមាណ​កាល​ពី​ថ្ងៃ​អង្គារ​​ម្សិលមិញ​ នៅ​​ផ្លូវ​​កែង​ក្បែរ​សាលា​មួយ​កន្លែង​ក្នុង​តំបន់​ដាច់​ស្រយាល​នៅ​រដ្ឋ​​កាលីហ្វ័រញ្ញ៉ា​ខាង​ជើង ហើយ​ក៏​មាន​​កុមារ​មួយ​ចំនួន​​ស្ថិត​ក្នុង​ចំណោម​អ្នក​រង​របួស​​ដែរ។

យោង​តាម​​សារព័ត៌មាន​ Record Seaech Light ក្នុង​រដ្ឋ California ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​​អនុវត្ត​ច្បាប់​​បាន​បាញ់​សម្លាប់​​ក្មាន់កាំភ្លើង​​ ដែល​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ ៥​នាក់​​ដែល​​បាន​បាត់​បង់​ជីវិត ​ក្នុង​ការ​បាញ់​ប្រហារ​​ជា​បន្ត​បន្ទាប់​​នៅ​​ឯ​ទី​តាំង ៧​កន្លែង​​ ឬ​លើស​​ពី​នោះ។ ការ​បាញ់​​រះ​​ដ៏​កំរោល​នេះ​​បាន​ផ្ដើម​ឡើង​នៅ​គេហដ្ឋាន​មួយ​ និង​បាន​បញ្ឈប់​នៅ​សាលា​តេហាម៉ារាន់ឆូ​នៅ​ជិត​​ទីក្រុង​ Corning នេះ​ជា​​សេចក្ដី​​រាយការណ៍​​​របស់​ស្ថានីយ​ទូរទស្សន៍​​សាក្រាមេនតូ​ ដែល​​សំអាង​តាម​​សម្ដី​​របស់​ក្រុម​មន្ត្រី​​អនុវត្តន៍​ច្បាប់។ លោក Phil Johnston ជំនួយ​ការ​​នៃ​អធិការ​នគរបាល ​​​បាន​​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​​ក្នុង​តំបន់​ថា ក្មាន់កាំភ្លើង​រូប​នេះ​​ប្រដាប់​ដោយ​អាវុធ​ស្វ័យប្រវត្តិ​​វែង​មួយ​ដើម​ និង​កាំភ្លើង​​ខ្លី​ពីរ​ដើម​ផង៕​​​

អត្ថបទ៖ រិទ្ធី