សម្តេច​តេ​ជោ ​ហ៊ុន​ សែន ​អញ្ជើញ​និវត្ត​មកដល់​កម្ពុជា​វិញ​ហើយ

43

ភ្នំពេញ ៖​ បន្ទាប់ពី​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ ទៅកាន់​ទីក្រុង​ដា​ណាំង ​ប្រទេស​វៀតណាម​ កាលពី​ថ្ងៃទី​១០ ​វិច្ឆិកា​ ចូលរួម​ក្នុង​កិច្ច​សន្ទនា​ក្រៅផ្លូវការ​រវាង​ថ្នាក់ដឹកនាំ​​កិច្ច​សហប្រតិបត្តិការ​ សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក​ និង​បន្ត​ដំណើរ​ទៅកាន់​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ ​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ជាច្រើន​ទៀត​, ​សម្តេច​តេជោ ​ហ៊ុន សែន បាន​អញ្ជើញ​ និវត្ត​មកដល់​កម្ពុជា ​វិញ​ដោយ​សុវត្ថិភាព​ នៅ​ព្រឹក​ថ្ងៃទី​១៥ ​ខែ វិច្ឆិកា ​នេះ​។

សូម​រម្លឹកថា ​ ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​វៀតណាម ​សម្តេច​តេ​ជោ ​បាន​អញ្ជើញ​ចូលរួម​កិច្ច​សន្ទនា​ក្រៅផ្លូវការ​ រវាង​ថ្នាក់ដឹកនាំ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក ​ក្រោម​មូលបទ “ ការរួម​គ្នា​ក្នុង​ភាពជា​ដៃគូ ​ដើម្បី​ថាមភាព​ថ្មី ​សម្រាប់​សមាហរណកម្ម និង​ការ​តភ្ជាប់​គ្រប់​ជ្រុងជ្រោយ នៃ​អាស៊ី​-​ប៉ា​ស៊ី​ហ្វី​ក “ ដោយ​សម្តេច​បាន​អញ្ជើញ​ថ្លែង​សន្ទរកថា​គន្លឹះ​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ភាពជា​ដៃគូ រវាង​អាស៊ាន និង APEC ក្នុង​គោលដៅ​រួម ជំរុញ​កំណើន​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​នវានុវត្តន៍ និង​បរិយា​ប័ន ព្រមទាំង​ការ ធ្វើ​សមាហរណកម្ម​ចូល ទៅ​ក្នុង​សេដ្ឋកិច្ចពិភពលោក​។

ក្នុង​ស្មារតី​នេះ​ សម្តេច​បញ្ជាក់ថា​ តំបន់​ទាំងពីរ​គឺ​ពិតជា នៅ​មាន​ឱកាស​ច្រើន ក្នុងការ​សហការគ្នា ដើម្បី​ស្វែង រក​ប្រភព​កំណើន​ថ្មីៗ​ ពង្រឹង​នវានុវត្តន៍ គាំទ្រ​បណ្តាញ​ផលិតកម្ម​តំបន់​ ក៏ដូចជា​ការ​កាត់បន្ថយ ឧបសគ្គ​ដែល​រាំងស្ទះ​ដល់​សមាហរណកម្ម តាមរយៈ​ការ​បង្កើន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់ ​ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​បើកចំហរ​តំបន់​របស់ APEC ហើយ​នេះ​ក៏​អាច​ជា​ការបោះ​ជំហាន​ដ៏​ល្អ​មួយ សម្រាប់​ការ​ជំរុញ​ពាណិជ្ជកម្ម​សេរី​ក្នុង​ពិភពលោក​។ ​ព្រម​ពេល​ជាមួយគ្នា​នោះ​ដែរ​ ស​ម្តេច ក៏​លើកឡើងថា ​ការចូលរួម របស់ អាស៊ាន​ជាមួយ​នឹង APEC មាន​កម្រិត​មិនទាន់​ពេញលេញ​នៅឡើយ​ ដោយសារ​ប្រទេស​អាស៊ាន ​ចំនួន​បី​ទៀត រួម មាន​កម្ពុជា ​ឡាវ និង​មី​យ៉ាន់​ម៉ា ​នៅ​មិន​មែនជា​សមាជិក​របស់ APEC នៅឡើយ​។

ក្នុងន័យនេះ សម្តេច ក៏បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស APEC ពិចារណា​ដាក់បញ្ចូល​ប្រទេស​ទាំងបី​នេះ ជា​សមាជិក APEC ដើម្បី​ឲ្យ​អាស៊ាន មានឱកាស​ចូលរួមចំណែក​យ៉ាងសកម្ម​និង​ពេញលេញ ក្នុង​ការ​សម្រេចបាន​នូវ​គោលដៅ​រួម និង​ភាព​រុង រឿង​ក្នុង​តំបន់​។​ក្នុង​ឱកាស​ស្នាក់នៅ​ប្រទេស​វៀតណាម​សម្តេច​ក៏បាន​អញ្ជើញ​ជួប​សំដែង​ការ​គួរសម ​ជាមួយ​ប្រធាន​រដ្ឋ វៀតណាម​ ឯកឧត្តម ​ត្រាន ដាយ​ក្វាង​ និង​អញ្ជើញ ​ចូលរួម​ពិសារ​អាហារ​ពេលព្រឹក​ការងារ ​ដែល​រៀបចំឡើង​ដោយ ឯកឧត្តម ​នាយករដ្ឋមន្ត្រី​វៀតណាម​ ង្វៀន សួន​ហ្វុ​ក ផងដែរ​។

តម​ក នៅក្នុង​ដំណើរ​អញ្ជើញ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ សម្តេច​តេ​ជោ​ក៏បាន​ឆ្លៀតពេល​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​មេដឹកនាំ​សំខាន់ៗ​ជាច្រើន ដូចជា​ជំនួប​ជាមួយ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ ដែល​ភាគី​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់​ពី​សភាពការណ៍​នៅ​តាម​ព្រំដែន​ដែល​មិន​មាន​ភាព​តានតឹង​ហើយ​តាមរយៈ​នេះ​សម្តេច​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋមន្ត្រីការបរទេស ​និង​គ​ណៈកម្មាធិការ​ព្រំដែន ​នៃ​ប្រទេស​ទាំងពីរ ដែល​បាន​ធ្វើការ​ជួបប្រជុំ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​កើតមានឡើង ​សំដៅ​ធ្វើយ៉ាងណា ​កាត់បន្ថយ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​។

តាមរយៈ​កិច្ចសន្ទនា​នោះដែរ ​មេដឹកនាំ​ទាំងពីរ ក៏បាន​ចុះហត្ថលេខា ដើម្បី​ស្នើ​ដល់​ប្រធានាធិបតី​បារាំង ​សុំ​បញ្ជូន​អ្នកឯកទេស​បារាំង ​មក​ធ្វើការ​ជាមួយ​ភាគី​កម្ពុជា ​និង​ភាគី​ឡាវ ​លើ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​។​ នៅក្នុង​កិច្ចសន្ទនា​នោះដែរ​ សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​មានការ​បោះ​បង្គោល​ព្រំដែន​ចំនួន​១៤៥​បង្គោល​, ដើម្បី​បោះ​បន្ថែម​នៅ​តាម​ទីកន្លែង​ណា​ដែល​មាន​ការ​សាំ​ញាំ​ឲ្យ​បាន​ញឹក ​ហើយ​ការ​ស្នើឡើង​នោះ ​ត្រូវបាន​ឯកភាព​ពី​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ​ផងដែរ​។ ក្រៅពីនេះ ក៏បាន​ពិភាក្សាគ្នា​ក្នុងការ​បង្កើន​អាហារូបករណ៍​សម្រាប់​និស្សិត នៃ​ប្រទេស​ទាំងពីរ សំដៅ​ធ្វើយ៉ាង​ណា​ជំរុញ​ការ​តភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ឲ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត ​និង​បាន​ពិភាក្សា​ទៅលើ​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី ពហុភាគី ​បញ្ហា​តំបន់ និង​អន្តរជាតិ ។

បន្ទាប់មក​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ សម្តេច​តេ​ជោ​ក៏បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ទ្វេភាគី ជា មួយ ឯកឧត្តម ឌី​មេ​ទ្រី ម៉េ​ដ​ម៉េ​ដេ​វ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហព័ន្ធរុស្ស៊ី​។ ​ជាមួយនឹង​ការ​ស្វាគមន៍​យ៉ាង​រាក់ទាក់ នាយករដ្ឋមន្ត្រី​រុស្ស៊ី​មានប្រសាសន៍ថា ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ កម្ពុជា រុស្ស៊ី នាពេល​បច្ចុប្បន្ន​មាន​ភាពល្អប្រសើរ​ខ្លាំងណាស់ ​ហើយ​ការពិភាក្សា​នៅថ្ងៃនេះ​នឹង​ជួយ​ជំរុញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ​ឲ្យ កានតែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​រុស្ស៊ី​ ក៏មាន​ប្រសាសន៍ថា ​ទំនាក់ទំនង នៃ​ប្រទេស​ទាំង​បាន​ដើរ​ទៅមុខ​យ៉ាង​លឿន ហើយ​តាមរយៈ ​នេះ​ឯកឧត្តម​ ចង់ឃើញ​កំណើនសេដ្ឋកិច្ច ​ពាណិជ្ជកម្ម​នៃ ប្រទេស​ទាំងពីរ​មាន​ទំហំ​កាន់តែ​ធំ​ឡើងៗ​។ ឯកឧត្តម ​បន្តថា ឯកឧត្តម​ មាន​ចក្ខុវិស័យ​ល្អ ក្នុង​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ លើ​អ្វីដែល​មេដឹកនាំ​ទាំងពីរ​បាន​ចុះហត្ថលេខា​រួចមកហើយៗ​បាននិងកំពុង​អនុវត្ត​។ ឯកឧត្តម​ បន្តថា ​ថ្មីៗ​នេះ ឯកឧត្តម​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដើម្បី​ធ្វើការ​ជួសជុល​មន្ទីរពេទ្យ​រុស្ស៊ី ដែល បាន​សាងសង់​ឡើង​កាលពី​ទសវត្សរ៍​៦០ ដែល​នឹង​ត្រូវ​ធ្វើការ​ជួសជុល​នៅពេល​ដ៏​ខ្លី​ខាងមុខ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​សំណាក់​រដ្ឋាភិបាល​រុស្ស៊ី​។

នៅក្នុង​ជំនួប​ពិភាក្សាគ្នា​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ពិភាក្សា​ជាមួយ​ឯកឧត្តម នាយករដ្ឋមន្ត្រី​ រុស្ស៊ី ស្តីពី​បំណុល​ ដែល​កម្ពុជា​ជំពាក់​ពី​អតីត​សហភាពសូវៀត​, ការពិភាក្សា​ឲ្យ​មានការ​ហោះហើរ​ត្រង់​ពី​រុស្ស៊ី​មកកាន់​ខេត្ត​ព្រះសីហនុ ​បន្ទាប់ពី​កម្ពុជា​បាន​ពង្រីក​បណ្តោយ​ផ្លូវ​សម្រាប់​យន្តហោះ​ចុះឡើង​រួចមក​នោះ​។ លើ​បញ្ហា​បំណុល ឯកឧត្តម ​នាយករដ្ឋមន្ត្រី​រុស្ស៊ី​ក៏បាន​ស្វាគមន៍​ក្នុង​ការ​បង្កើត​ក្រុមការងារ​ ក្នុងការ​ដោះស្រាយ​ពី​បញ្ហា​បំណុល ដើម្បី​ដោះស្រាយ​ជូន​ប្រទេស​កម្ពុជា​។ ​ឯកឧត្តម​ នាយករដ្ឋមន្ត្រី​រុស្ស៊ី​ ក៏បាន​ចាត់ទុកថា ​កម្ពុជា​គឺជា​មិត្ត​ដ៏​ល្អ​ជិតស្និទ្ធ របស់​ប្រទេស​រុស្ស៊ី និង​បាន​ចាត់ទុកថា កម្ពុជា​និង​បន្ត​មាន​ស្ថេរ ភាព​នយោបាយ ដោយ​មិនអាច​មាន​បរ​ទេសណា​ចូល​ជ្រៀតជ្រែក​បានឡើយ​។ ​ជាមួយនិង​សំណើរ​សុំ​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ឯកឧត្តម​នាយករដ្ឋមន្ត្រី​រុស្ស៊ី មានប្រសាសន៍ថា រុស្ស៊ី​និង​ផ្តល់​ជំនួយ​សម្រាប់​ការបោះឆ្នោត​សកល​ឆ្នាំ​២០១៨ និង​ត្រៀម​បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត​ទៅ​ធ្វើ​ការត្រួត​ពិនិត្យ​ដំណើរការ​បោះឆ្នោត​ផងដែរ​។

ដោយឡែក​នៅក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​ចិន ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បាន​សម្តែង​សេចក្តី​រីករាយ​ដែល​បាន​ជួប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សារជាថ្មី ក្នុងនាម​ជា​មិត្ត​ចាស់​របស់​ចិន​។ ​នេះ​គឺ​បាន​បង្ហាញ​យ៉ាងច្បាស់​អំពី​ទំនាក់ទំនង ជិតស្និទ្ធ​កាន់តែ​ល្អ​ប្រសើរ​ជា​លំដាប់​រវាង​កម្ពុជា​និង​ចិន​ ជាពិសេស​គឺ​រវាង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចិន​។ ឯកឧត្តម​ លី ខឺ​ឈាង​ បានបញ្ជាក់​ឡើងវិញ​នូវ​ការ​ប្តេជ្ញា​រួមគ្នា​ជំរុញ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​ដល់​កម្រិត​កាន់តែ​ខ្ពស់​ថែមទៀត​។ ​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ពិភា​ក្សាគ្នា​អំពី​ការ​ជំរុញ​នូវ​ការអនុវត្ត​គម្រោង​កសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដែល​ជា​ផ្លូវ​សេដ្ឋកិច្ច ដ៏​សំខាន់​មួយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

ជាការ​ឆ្លើយតប ភាគី​ចិន ​បាន​សន្យាថា ​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ក្នុង​ការជួយ​ជំរុញ​ឱ្យ​ការ​កសាង​ផ្លូវ​ល្បឿន​លឿន​នេះ​បា​ន​សម្រេច​ទៅ​ឆាប់រហ័ស ដើម្បី​ចូលរួម​វិភាគទាន​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​លើក​តម្កើង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។ ​ទន្ទឹមនេះដែរ​ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​អំពី​ការជំរុញ​ការដោះមីន និង​យុទ្ធភណ្ឌ ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា ​ដែលជា​មរតក​នៃ​សង្គ្រាម​រាំ​រ៉ៃ​រាប់​ទសវត្ស​កន្លងមក​។ ភាគី​មិត្ត​ចិន​ បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា ​ការដោះមីន ​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជា​សកម្មភាព​អាទិភាព​មួយ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការជួយ​ប្រទេស​នានា ដែល​កំពុង​ជួបប្រទះ​នូវ​បញ្ហា​នេះ​។ ​មិត្ត​ចិន​សន្យាថា ​នឹង​ជួយ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ឱ្យ​បាន​ឆាប់រហ័ស និង​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​ធ្វើការ​ពិភាក្សា​លើ​ទិដ្ឋភាព​ជាក់ស្តែង​ហើយ​ដាក់ជូន​ថ្នាក់ដឹកនាំ​ទាំងពីរ​ពិនិត្យ ​និង​សម្រេច​ឱ្យ​បាន​មុនពេល​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ នាយករដ្ឋមន្ត្រី​ចិន​នៅ​កម្ពុជា​នាពេល​ខាងមុខនេះ​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ ចិន លី ខឺ​ឈាង ​បានបញ្ជាក់​ជម្រាបជូន​សម្តេច​តេ​ជោ ​ សារជាថ្មី​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង និង​បន្ត​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព​, ស្ថិរភាព និង​ការអភិវឌ្ឍ​។

ក្រៅពី​ជំនួប​ទ្វេភាគី​ជាមួយ​មេដឹកនាំ​សំខាន់ៗ​ដទៃទៀត នៅក្នុង​បេសកកម្ម​ដ៏​ថ្លៃថ្លា នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣១ អ្វី​ដែលជា​គួរ​ឱ្យកត់សម្គាល់ សម្តេច​តេ​ជោ បាន​មានប្រសាសន៍​ដោយ​ត្រង់ៗ​ទៅកាន់​លោក​ប្រធានាធិបតី សហរដ្ឋអាមេរិក​ដូ​ណា​ត្រាំ​ ដោយ​ចាត់​ទុក​លោក​ដូ​ណា​ត្រាំ ​ជាម​នុស្ស​ដ៏​អស្ចារ្យ​មួយ​ ដែល​បាន​និយាយ​នៅ​ឯ​អង្គការសហប្រជាជាតិ​,​នៅ​(APEC)​ និង​នៅ​កិច្ចប្រជុំ​កំពូល​នេះ​ថា «​យើង​គោរព​ឯករាជ្យ និង​អធិបតេយ្យភាព​នៃ​ប្រទេស​របស់​អ្នក​, យើង​ចង់​ឱ្យ​អ្នក​ខ្លាំង​, រីកចម្រើន​,​និង​មាន​ឯករាជ្យ​ដោយ​ខ្លួនឯង​ ចាក់ឫស​ជ្រៅ​ក្នុង​តម្លៃ​នៃ​ប្រវត្តិសាស្ត្រ​របស់​អ្នក ​និង​ប្រឹងប្រែង​ដើម្បី​អនាគត​ល្អ​ប្រសើរ​នៃ​ប្រជាជន​អ្នក​»​ នេះ​ជា​អ្វីដែល​យើង​ប្រឹងប្រែង​ទាំងអស់គ្នា ​ហើយ​រី​ក​ចម្រើន​​ជាមួយគ្នា​ នឹង​ភាពជា​ដៃគូ​ពិត​និង​ជា​ដៃគូ​យូរអង្វែង​។ ​ក្នុងន័យនេះ​សម្តេច​ គិតថា​ លោក​ដូ​ណា​ត្រាំ​ជា​មនុស្ស​ដ៏​អស្ចារ្យ​ហើយ​ជា​មនុស្ស​ដែល​សម្តេច​គោរព​បំផុត​។​ទោះជា​យ៉ាងណា​សម្តេច​ក៏បាន​មាន​ប្រសាសន៍​ត្រង់ៗ ​ទៅកាន់​លោក​ដូ​ណា​ត្រាំ ​ទាក់ទង​ទៅនឹង​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​កម្ពុជា ​ដូចជា​ការវាយប្រហារ​របស់​បក្ស​ប្រឆាំង​ទៅលើ​សម្តេច ​និង​លោក ​ដូ​ ណា​ត្រាំ ​ក្នុងពេល​យុទ្ធនាការ​បោះឆ្នោត​ សហរដ្ឋអាមេរិក ,​បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់​សហរដ្ឋអាមេរិក ​ដែល​ជា​មរតក​រដ្ឋ​បន្សល់ទុក ​ពី​របប​លន់​ណុល ​និង បាន​ឆ្លៀត​ប្រាប់​ ទៅ​លោក ​ដូ​ ណា​ល់​ត្រាំ​ អំពី​ស្ថានទូត​សហរដ្ឋអាមេរិក​ នៅ​ទីក្រុង​ភ្នំពេញ​ដែល​មិន​ត្រឹមតែ​មិន​គោរព​អព្យាក្រឹត្យ​ភាព​ចំពោះ​បញ្ហា​ប្រទេស​កម្ពុជា​ទេ​ មិន​មាន​ទាំង​បេក្ខជន​ប្រធានាធិបតី​នៅ​សហរដ្ឋអាមេរិក​ខ្លួនឯង​តែម្តង ​ហើយ​ប្រសិនបើ​អាមេរិក​ អនុវត្តតាម​គោលនយោបាយ​ថ្មី ​របស់លោក ​ត្រាំ​ ក្នុង​ការ​គោរព​ឯករាជ្យ​អធិបតេយ្យភាព​នៃ​ប្រទេស​ដទៃ​ អាមេរិក​ នឹង​មាន​មិត្ត ភក្តិ​ច្រើនណាស់​ ហើយ​គេ​គោរព​គេ​ស្រឡាញ់​។​ ប៉ុន្តែ​ស្ថានទូត​នៅ​ទីក្រុង​ភ្នំពេញ ​មិនទាន់​ធ្វើការ​កែប្រែ​ទេ ​ព្រោះ​ពេល​ដែល​កម្ពុជា​ ត្រូវ​ការក​សាង​ច្បាប់​ គេ​មករា​រាំង​, ពេល​កម្ពុជា​ អនុវត្ត​ច្បាប់ ​របស់​ប្រទេស​ត្រូវ​បាន​គេ​រារាំង​។ ​ចំណុច​នេះ​សម្តេច​គិតថា​ ប្រហែលជា​ឯកឧត្តម​ ដូ​ណា​ត្រាំ​ មាន​ភារកិច្ច​ដើម្បី​ដាស់តឿន​ជាមួយ​ នឹង​មន្ត្រី​ទាំងឡាយ​ព្រោះ​រឿង​នេះ​ជា​គោលការណ៍​ធំ​ណាស់​ទាក់ទង​នឹង​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​គេ​៕