ដា​ណឺ​ម៉ាក​កក់​សំបុត្រ​យន្តហោះ​ទៅ​រុស្ស៊ី​ឆ្នាំក្រោយ​បន្ទាប់ពី​ឈ្នះ​អៀរ​ឡង់ 5-1

60

បាល់ទាត់៖ ជើងឯក Euro ឆ្នាំ1992 ដា​ណឺ​ម៉ាក​បានសម្រេច​ក្តី​ស្រ​ម៉ៃ​របស់​ខ្លួន​ ក្នុង​ការ​ចង់​ឡើង​ទៅ​លេង​បាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​ឆ្នាំក្រោយ​ហើយ បន្ទាប់ពី​បំបាក់​ក្រុម​អៀរ​ឡង់​យ៉ាង​ចាស់ដៃ 5-1 វគ្គ Play-off ជើង​ទី​ពីរ​នៅ​ទឹកដី​អៀរ​ឡង់​កាលពី​យប់​អង្គារ​ម្សិលមិញ​នេះ​។​បន្ទាប់ពី​ស្មើគ្នា​នៅ​ជើង​ទី​មួយ 0-0 ដា​ណឺ​ម៉ាក​ហាក់​មានការ​ភ័យខ្លាច​បន្តិច ​ពេល​ទៅផ្ទះ​អៀរ​ឡង់​ក្នុង​ជើង​ទី​ពីរ​ដោយសារ​ម្ចាស់ផ្ទះ​មានឱកាស​នាំ​មុខ​មុន​ក្នុង​នាទី​ទី6 ពី​ការ​ស៊ុត​របស់ Shane Duffy ប៉ុន្តែ​នាទី​ទី​29 រឿង​អាក្រក់​បាន​កើត​ឡើង​ទៅលើ​ក្រុម​ម្ចាស់ផ្ទះ​អៀរ​ឡង់ ដោយសារ​បាល់​ចូល​ទី​ខ្លួនឯងរបស់ Cyrus Christie ហើយ​នាទី​ទី32 ដា​ណឺ​ម៉ាក​មានឱកាស​នាំមុខ​វិញ 2-1 រក​បាន​ដោយ Christian Erisen​។ ចូល​ដល់​វគ្គ​ទី​ពីរ​អៀរ​ឡង់​កាន់តែ​ដុនដាប​បន្ត​ទៀត ក្រោយពី​ត្រូវ​បាន​ក្រុម​ភ្ញៀវ​ស៊ុត​បន្ថែម​ដល់​ទៅ 3​គ្រាប់​បន្ត​ទៀត​ដែល​ជា​ជ័យជំនះ​ធំធេង​របស់​ក្រុម​ភ្ញៀវ​ដា​ណឺ​ម៉ាក ​ក្នុង​ការ​បញ្ចប់​ក្តី​សង្ឃឹម​របស់​អៀរ​ឡង់ដែល​ចង់​ទៅលេង World Cup តាំងពី​ឆ្នាំ1990 ត្រូវ​បាន​បញ្ឈប់​ត្រឹម​វគ្គ Play-off នេះ​។​

​រំលឹក​ដែរ​ថា​ ដា​ណឺ​ម៉ាក​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក គឺ​ធ្វើ​បាន​ល្អ​បំផុត​ត្រឹម​វគ្គ 8​ក្រុម​ចុងក្រោយ World Cup ឆ្នាំ1998 ដែល​បារាំង​ធ្វើជា​ម្ចាស់ផ្ទះ​និង​ម្ចាស់​ជើងឯក​ផង​ដែរ​៕

​អត្ថ​ប​ទ៖ ឈិ​ត រតនា