ដំណាច់​ឆ្នាំនេះ ​កម្ពុជា​នឹង​នាំចេញ​កៅស៊ូ​បាន​ក្នុង​រង្វង់​១៩​ម៉ឺន​តោន​ ទៅ​ទីផ្សារ​អន្តរជាតិ

58

ភ្នំពេញ ​៖ មន្ត្រី​ជាន់ខ្ពស់ ​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​រំពឹងថា ​ខណៈដែល​តម្លៃ​កៅស៊ូ​ងើបឡើង​វិញ​នោះ ការនាំចេញ​នៅ​ដំណាច់ឆ្នាំ​២០១៧ ​នឹង​កើន​ឡើង​ជិត ​២០​ម៉ឺន​តោន​។

លោក ប៉ុល សុ​ផា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​អគ្គនាយក​ចំការ​កៅស៊ូ​កម្ពុជា​ បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ដោយសារតែ​តម្លៃ​កៅស៊ូ​នៅ​ដំណាច់ឆ្នាំ​២០១៦ កន្លងទៅនេះ ​មានតម្លៃ​ខ្ពស់​ឡើងវិញ​នោះ ហើយ​នៅ​ដំណាច់ឆ្នាំ​២០១៧ នេះ​ ការនាំ​ចេញទៅ​ផ្សារ​អន្តរជាតិ​អាច​បាន​ក្នុង​រង្វង់​រហូត ​១៩​ម៉ឺន​តោន ។

លោក​ បាន​បន្តទៀតថា ​តម្លៃ​កៅស៊ូ​នៅ​ឆ្នាំ​២០១៧ ដែល​កសិករ​បាន​លក់​កាលពី​សប្តាហ៍​មុននេះ មាន​តម្លៃ​កើន​ពី ១៩៥០​ដុល្លារ ​កើន​ដល់ ២៤០០ ដុល្លារ​ក្នុង​១ ​តោន ហើយ​ទីផ្សារ​កាន់​តែ​មាន​ភាពល្អ​ប្រសើរ​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ដាំ​ដុះ​កៅស៊ូ និង​ប្រជាកសិករ​ដាំ​កៅស៊ូ​មាន​ទឹកចិត្ត​ស្រស់ថ្លា​ជាង​មុន​។

លោក​ បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ ទៀតថា ​សម្រាប់​ដំណាច់​ឆ្នាំនេះ ការនាំចេញ​កៅស៊ូ​នឹង​កើន​ឡើង​ជាង​កាលពី​ឆ្នាំ​២០១៦ ហើយ​យុទ្ធសាស្ត្រ​ឆ្នាំ​២០១៧ ​ខាង​អគ្គនាយកដ្ឋាន​កៅស៊ូ​ស្នើសុំ​ឲ្យ​កសិករ​អ្នក​ដាំ​កៅស៊ូ​គួរ​យកចិត្តទុកដាក់​ថែទាំ​ចំការ​ ឲ្យ​បានល្អ​ជាង​មុន​។

សម្រាប់ លោក ជា សា​វន ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​គ្រួសារ​តំបែរ​បាន​ទទួល​ស្គាល់​ថា​រយៈពេល​ចុងក្រោយ​នេះ​តម្លៃ​កៅស៊ូ​ចាប់​ផ្តើម​ហក់​ឡើងវិញ ​ហើយ​ជាក់​ស្តែង​ថ្មីៗ​នេះ​តម្លៃ​កៅស៊ូ​ដែល​កសិករ​លក់​បាន​ក្នុង​តម្លៃ​ចាប់ពី ២២០០​ដុល្លារ​ក្នុង ១​តោន ។

លោក​ បាន​បន្តទៀតថា ​ការនាំចេញ​របស់​កម្ពុ​ជា ​នឹង​កើន​ឡើង​បន្តទៀត ​ដោយសារតែ​កសិករ​ចាប់​ផ្តើម​មាន​សង្ឃឹម​ច្រើន ​ហើយ​បាន​ទាក់ទង​ខាង​សមាគម​ ដើម្បី​ដាំ​ដុះ​កៅស៊ូ​ថ្មី​ឡើងវិញ ​ហើយ​ឆ្នាំនេះ​កសិករ​សម្រុក​ដាំ​កាន់តែច្រើន​។

ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​គ្រួសារ​តំបែរ​បានស្នើ​ឲ្យ​កសិករ​អ្នក​ដាំ​ដុះ​កៅស៊ូ ​និង​អ្នក​វិនិយោគ​ផ្នែក​កៅស៊ូ​ពិនិត្យ​លើ​ការថែទាំ​កៅស៊ូ ​ដែល​មាន​ស្រាប់​ទៅតាម​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ​និង​គួរ​ជ្រើសរើស​ឲ្យ​បាន​ម៉ត់ចត់​ផង​ដែរ​មុននឹង​យក​កូន​កៅស៊ូ​មក​ដាំ​ដុះ​នោះ​៕