ការ​តវ៉ា​ប្រឆាំង​លោក ​ត្រាំ ឈាន​ចូល​ដល់​ថ្ងៃ​ទី​២ ​នៃ​ជំនួប​កំពូល​តំបន់​ក្នុង​ទីក្រុង​ម៉ានីល​

56

ហ្វីលីពីន៖ ​ក្រុម​អ្នក​តវ៉ា​រាប់​រយ​នាក់​បាន​ដើរ​ជា​ក្បួន​តាម​ដង​ផ្លូវ​នានា នៃ​ទីក្រុងម៉ានីលកាលពី​ថ្ងៃអង្គារ​ម្សិលមិញ​ ដើម្បី​បង្ហាញ​កំហឹង​របស់​ពួកគេ​ប្រឆាំង​ទៅ​នឹង​ការ​មិន​យកចិត្តទុកដាក់ ចំពោះបញ្ហា​សិទ្ធិ​មនុស្សនៅ​ឯ​ជំនួប​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដែល​ប្រព្រឹត្តទៅ​។​​ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​ពាក្យស្លោក និង​កាន់​បដា និយាយ​បរិហារ​លោកប្រធានាធិបតីអាមេរិក Donald Trump និងលោក​ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte។ ពួកគេ​បាន​ដើរ​ជា​ក្បួន​ឆ្ពោះ​ទៅកាន់វិមាន​ប្រធានាធិបតី​មុន​ពេល​ប្រមូល​ផ្ដុំ​គ្នា និង​ដុតរូបតំណាងទង់ជាតិ​អាមេរិក​ ដែល​ត្រូវ​បានគូស​ជា​រូប​គ្រាប់បែក ​និងលលាដ៍ក្បាល ព្រមទាំង​មានសរសេរ​ថាអវសាន​នៃ​ចក្រពត្តិនិយម​ និង​ហ្វា​ស៊ី​ស​និយម​។​ ​ចំណែក​មួយ​ក្រុម​តូច​ផ្សេងទៀត​ដែល​យកចិត្តទុកដាក់​ លើ​បញ្ហា​បម្រែបម្រួល​បរិ​យា​កាសបាន​ព្យាយាម​ប្រជ្រៀតបើកផ្លូវ​ កាត់​រនាំង​ការពារ​របស់​ក្រុម​នគរបាល តែ​មិនបានសម្រេចមុន​ពេលពួកគេដុត​បំផ្លាញ រូបសំណាកក្រុម​មេដឹកនាំដែល​បានចូល​រូ​ម​ក្នុង​កិច្ចប្រជុំ​នោះ​។

​​ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន កំពុង​ជួប​ប្រជុំ​ក្នុង​ទីក្រុងម៉ានីលរយៈពេល​ ២​ថ្ងៃ​ចុងក្រោយ​ មិនបានលើក​បញ្ហា​វិបត្តិ​ជន​មូ​ស្លីម​រ៉ី​ហ៊ីង​យ៉ា ដែល​រង​ការ​ធ្វើ​ទុក្ខបុក​ម្នេញពីសំណាក់​យោធា​មី​យ៉ាន់​ម៉ា​ទេ ដែល​បាន​ធ្វើ​ឲ្យ​ក្រុម​អង្គការ​ការពារសិទ្ធិមនុស្សដែល​ខកចិត្តកំពុង​សង្ឃឹមថា នឹង​មាន​ចំហ​ដ៏​តឹង​រឹង​លើ​វិបត្តិ​មនុស្សធម៌​។ ហើយក៏​ពុំមានការ​រងសម្ពាធណាមួយ​ដែរពីប្រធានាធិបតី​អាមេរិក Donald Trump ជុំវិញសង្គ្រាម​បង្ហូរ​ឈាម​ប្រឆាំងបញ្ហា​គ្រឿងញៀន​របស់​ហ្វីលីពីននោះ​ដែរ អំឡុង​ជំនួប​ក្រៅ​វេទិកានៃ​កិច្ចប្រជុំកំពូលអាស៊ានជាមួយ​លោក​ប្រធានាធិបតី Rodrigo Duterte៕
អត្ថបទ៖ សុខ​មាន