កម្ពុជា​និង​ចិន​បង្កើន​ការ​តភ្ជាប់​ផ្លូវ​អាកាស

73

ភ្នំពេញ ៖ ​កំណើន​នៃ​ការ​មកដល់​របស់​ភ្ញៀវ​ទេសចរ​ ​និង​ទំហំ​ពាណិជ្ជកម្ម​កើនឡើង​ បានធ្វើ​ឲ្យ​ការ​តភ្ជាប់​ផ្លូវអាកាស​កំពុង​កើន​ឡើង​រវាង​ប្រទេស​កម្ពុជា ចិន ​ខណៈដែល​កម្ពុជា​រំពឹងថា ​នឹង​ទទួលបាន​ភ្ញៀវ​ទេសចរ ​ចិន​២​លាន​នាក់​នៅ​ឆ្នាំ​២០២០​។

មន្ត្រី​ទទួលបន្ទុក​បង្កើន​ការហោះហើរ ​នៃ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា លោក​ ពេជ្រ សុ​ប៉ុន​តារា​ បាន​ ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា ​ការតភ្ជាប់​តាមផ្លូវ​អាកាស​រវាង​កម្ពុជា ​ចិន​កំពុង​កើន​ឡើង​ខ្ពស់ ដោយ​បច្ចុប្បន្ននេះ ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ចំនួន​៥​ បាន​ហោះហើរ​ទៅកាន់​គោលដៅ​ផ្សេងៗ​គ្នា​នៃ​ប្រទេស​ចិន ​និង​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចិន ​ប្រមាណ​១២​បាន​ភ្ជាប់​ជើង​ហោះហើរ​ពី​ទីក្រុង​នានា ​មកកាន់​រាជធានី​ភ្នំពេញ​ សៀមរាប ​និង​ខេត្ត​ព្រះសីហនុ​។

លោក ​បន្តថា “​ការភ្ជាប់​ជើងហោះហើរ​កាន់តែច្រើន ​បង្ហាញ​ពី​សញ្ញា​ល្អប្រសើរ​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ​និង​នាំមក​នូវ​ភ្ញៀវ​ទេសចរណ៍​កាន់តែច្រើន​”​។​លោក​ បន្តថា “​តាមរយៈ​ការតភ្ជាប់​អាកាសចរណ៍​នានា​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ ក្នុង​មួយ​ថ្ងៃ​មាន​ជើង​ហោះហើរ​ប្រមាណ​៣៥​ទៅ​៤០ ​លើក​បាន​ភ្ជាប់​រវាង​កម្ពុជា ចិន​”​។

យោង​តាម​របាយការណ៍ របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ បាន​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា បច្ចុប្បន្ន​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​មានភ្ជាប់​ជើងហោះហើរ ​ទាំង​ទៅ​ទាំង​មក​ចំនួន​២២០​លើក ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ ចំនួន​២១៩​លើក និង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ចំនួន​២៤​លើក​ក្នុង​មួយថ្ងៃ​។

លោក​ ហូ វណ្ឌី ​ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បាន​ថ្លែងថា ​សកម្មភាព​នៃ​ការ​ហោះហើរ​រវាង​កម្ពុជា ​ទៅកាន់​ប្រទេស​ចិន និង​ពី​ប្រទេស​ចិន​មក​កម្ពុជា​កំពុង​កើន​ឡើង​ខ្លាំង ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​យុទ្ធសាស្ត្រ ​បើកចំហ​ជើងមេឃ​របស់​រដ្ឋាភិបាល និង​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។​លោក​ បន្តថា ​តាមរយៈ​ការ​បង្កើន​ជើងហោះហើរ​នេះ ​បានធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​ទេសចរ ចិន​កើនឡើង​ខ្លាំង ​នេះ​បើ​តាម​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍​។

លោក​បន្តថា “​កម្ពុជា​រំពឹងថា ​នឹង​ទទួល​បាន​ភ្ញៀវ​ចិន​ចំនួន​១​លាន​នាក់​នៅ​ឆ្នាំនេះ​ កើនឡើង​ពី​៨៤​ម៉ឺន​នាក់​កាលពី​ឆ្នាំមុន​”៕