ប្រធាន​មន្ទីរ​សង្គមកិច្ច​ អះអាងថា​ ជនអនាថា ​ងាយ​រងគ្រោះ​នៅ​ភ្នំពេញ​នឹង​ត្រូវ​បាន​ដោះស្រាយ

53

ភ្នំពេញ ​ ៖ បញ្ហា​ជនអនាថា និង​ចាស់ជរា ដែល​តែងតែ​ដើរ​សុំទាន ​និង​នៅ​តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ​នឹងត្រូវ​ដោះស្រាយ ​ គិតគូរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ​ចំពោះ​ការ​ស្ដារ​នីតិ​សប្ប​ទារ និង​ទំនុកបម្រុង​ដល់​គាត់​ទាំងនោះ​។

ការគិតគូរ​អំពី​ការ​ដោះ​ស្រាយ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ចំពោះ​ការស្ដារ​នីតិ​សប្ប​ទារ និង​ទំនុកបម្រុង​ដល់​ជនអនាថា ​និង​ចាស់ជរា​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​លើកឡើង​សម្រាប់​ការចូល​កាន់​តំណែង​ថ្មី​ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន ​និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ ​ពី​សំណាក់​លោកស្រី មុំ ចាន់​ដា​នី ដែល​ទើប​ចូលកាន់​តំណែង​ថ្មី​នេះ​ជំនួស​លោក ​សន សុផល ដែល​ត្រូវ​សម្រួល​ទៅកាន់​ភារកិច្ច​ថ្មី​។

ការប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច​នេះ​ ធ្វើឡើង​នា​រសៀល​ថ្ងៃទី​១៤ វិច្ឆិកា ឆ្នាំ​២០១៧​នេះ ​នៅ​សាលា​រាជធានី​ក្រោម​អធិបតីភាព​ឯកឧត្ដម វង សូត​ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ ឯកឧត្ដម ម៉ប់ សារិន​ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ថា ​ការប្រកាស​តែងតាំង​នេះ ធ្វើឡើង​ជា​ធម្មតា ​ទៅតាម​នីតិវិធី​វិធី នៃ​ច្បាប់ ​ជាក់ស្តែង​សម្រាប់​ពេលនេះ គឺ​បាន​ប្រកាស់​តែងតាំង​លោកស្រី មុំ ចាន់​ដា​នី ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច ​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ ជំនួស​លោក​សន សុផល ។ ដូច្នេះ​ លោកស្រី​ប្រធាន​មន្ទីរ​ថ្មី ត្រូវ​យកចិត្តទុកដាក់ ​ប្រកបដោយ​ជោគជ័យ ​និង​សហការ​ការ សាមគ្គីភាព​អោយបាន​ល្អ ​ដើម្បី​ជំរុញ​ឲ្យ​មន្ទីរ​នេះ​កាន់តែ​ទទួល​បាន​ការគាំទ្រ ​មាន​ជំនឿ​ជឿ​ទុកចិត្ត​ថែមទៀត​។

លោកស្រី មុំ ចាន់​ដា​នី បាន​ឡើង​ធ្វើ​ការ​ប្តេជ្ញាចិត្តថា ​លោកស្រី​នឹង​យក​អស់​កម្លាំងកាយ​ចិត្ត​បំរើ​កា​រ​ងារ​ជូន​ប្រជា​ពល​រដ្ឋ ​និង​បង្កើន​ការងារ​អោយ​បាន​ទ្វេដង​ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ​កងកម្លាំង ប្រដាប់​អាវុធ​ ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ ​សង្កាត់​អោយ​មាន​សុវត្ថិភាព ។

ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​ និង​យុវនីតិសម្បទា​បាន​មានប្រសាសន៍​ជំរុញ​ឲ្យ​ប្រធាន​មន្ទីរ​ថ្មី​ត្រូវ​ខិតខំ​បំរើ​កា​រងារ ​និង​គិតគូរ​ពី​ការ​ដោះស្រាយ​បញ្ហា​សង្គមកិច្ច​នេះ​ឲ្យ​កាន់តែ​ប្រសើរ ព្រោះ​ភ្នំពេញ​បញ្ហា​ជនអនាថា គឺជា​រឿង​ក្ដៅ​មួយ​ដែល​ត្រូវ​ដោះស្រាយ ហើយ​ការងារ​នេះ​សង្ឃឹមថា​ប្រធាន​មន្ទីរ​ថ្មី​នឹង​អាចធ្វើ​បាន​៕