មន្ត្រី​អន្តរក្រសួង​ចុះ​ត្រួតពិនិត្យ​សាប៊ូ​ ដុះ​ខ្លួន​សង្ស័យ​ក្លែងក្លាយ ​និង​បន្លំ​ស្លាក់​យីហោ

62

ពោធិ៍សាត់ ៖ ​មន្ត្រី​អន្តរក្រសួង​ដែល​ដឹកនាំ​ដោយ​ព្រះរាជ​អាជ្ញារង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ ភ្នំពេញ ​លោក ស្រី ម៉ា​កនី ចុះ​ត្រួតពិនិត្យ​នៅ​ទីតាំង​ផ្ទះ​មួយ​កន្លែង​នៅ​ភូមិ​ទ្រា ​សង្កាត់​ស្ទឹងមានជ័យ​១​ ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ​ដើម្បី​ត្រួតពិនិត្យ​ លើ​សម្ភារៈ ​​វត្ថុតាង​ដោយ​សង្ស័យ​សាប៊ូ ​ជាច្រើន​ម៉ាក់​ជា​ផលិតផល​ក្លែងក្លាយ​ និង​ក្លែង​ម៉ាក់​យីហោ​។

មន្ត្រី​ដែល​បាន​ចុះ​ត្រួតពិនិត្យ​រួមគ្នា​នោះ​គឺ​មាន​មកពី​ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល​ និង​ក្រសួង​ពាណិជ្ជកម្ម​រួម​ទាំង ​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ​។​

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​ប្រតិបត្តិ​ត្រួត​ពិនិត្យ​រួមគ្នា​នោះ លោក ឃ្លាំង សា​ម៉េ​ត​ ប្រធាន​ការិយាល័យ​និយ័តកម្ម​ នាយកដ្ឋាន​ឱសថ​នៃ​ក្រសួងសុខាភិបាល ​បាន​ឲ្យ​ដឹងថា​ ការ​ចុះ​ត្រួតពិនិត្យ​នេះ​បន្ទាប់​ពី​គណៈកម្មការ​អន្តរក្រសួង​មានការ​សង្ស័យ​ ក៏ប៉ុន្តែ​មិនទាន់​ប្រាកដថា ​ក្លែង ក្លាយ​ឬ​យ៉ាង​ណាទេ ​តែ​សម្រាប់​ស្លាក់​យីហោ​គឺ​មាន​ក្លែងបន្លំ​។

បើ​លោក ឃ្លាំង សា​ម៉េ​ត ​បាន​បន្តទៀតថា ប្រសិនបើ​គណៈកម្មការ​ធ្វើការ​ពិនិត្យ​រួចហើយ​ឃើញ​ថា​ផលិតផល​នេះ ក្លែងក្លាយ​ខាង​ក្រសួង​នឹងធ្វើ​ការ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដើម្បី​បញ្ជាក់​ថា​ផលិតផល​នេះ ប្រើប្រាស់​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​សុខភាព​ខាងក្រៅ និង​មាន​បញ្ហា​ស្បែក​របស់​ពួកគេ​ជាដើម​។

ថ្លែង​នៅក្នុង​កិច្ចប្រតិបត្តិការ​នោះដែរ លោក វរសេនីយ៍ត្រី ម៉ាត់ យូ​សុះ​នាយការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា បាន​ឲ្យ​ដឹងថា ​ផលិតផល​ដែល​សង្ស័យថា ​ក្លែងក្លាយ​នេះ​គឺមាន​ ចំនួន​៩​ម៉ាក​និង​៧៦៧​កេះ ​ស្មើ​និង​១០​តោន​។​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​លោក ​វរសេនីយ៍ត្រី​ម៉ាត់​ យូ​សុះ​បាន​លើកឡើងថា ​ផលិតផល​នេះ​ខាង​គណៈកម្មការ​ពុំទាន់​ធ្វើការ​រឹបអូស​នោះ​ ទេ​ដោយ​រក្សាទុក​នៅ​កន្លែង​ទីតាំង​ដដែល​ដោយ​រង​ចាំ​សេចក្តីសម្រេច​របស់​តុលាការ​ និង​មន្ត្រី​ជំនាញ​ដែល​ពួកគេ​យក​ទៅ​ធ្វើការ​ត្រួតពិនិត្យ​។​

ដោយឡែក​សម្រាប់​ម្ចាស់​ផលិតផល​និង​ម្ចាស់​ទីតាំង​ដែលមាន​ឈ្មោះថា តៅ ប្រសិទ្ធ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ហើយ​នាពេលនេះ ​ត្រូវបាន​គេចខ្លួន មន្ត្រី​នឹង​ធ្វើ​ការកោះ​អញ្ជើញ​គាត់​ឲ្យ​មក​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​។ យ៉ាងណាក៏ដោយ​ក្រសួងមហាផ្ទៃ​នឹង​មិន​លើកលែង​ឲ្យ​ ម្ចាស់​ផលិតផល​រួចខ្លួន​នោះ​ឡើយ​ក្រោយពី​ពិនិត្យ​ឃើញថា​ ផលិតផល​នេះ​ពិតជា​ក្លែងក្លាយ​និង បន្លំ​ម៉ាក​យីហោ​មែន​នោះ​។

សូម​រំលឹកថា​ កាលពី​កន្លងទៅ​ថ្មីៗ​នេះ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​សន្យាថា​ នឹង ខិតខំ​ធ្វើ​យ៉ាងណា​បោស​សំ​អាត់​ផលិតផល​ក្លែងក្លាយ និង​ក្លែងបន្លំ​យីហោ​ឲ្យ​អស់​នៅ​ប្រទេស​ កម្ពុជា​ខណៈ​ផលិតផល​ក្លែងក្លាយ​នោះ​វា​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល​ខ្លាំង​ដល់​សុខភាព របស់ ​អ្នកប្រើប្រាស់​នោះ​។

ជាមួយគ្នា​នោះ​កាល​ពីពេល​កន្លងទៅ​ថ្មីៗ​នេះ​ដែរ​មន្ត្រី​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​ការដុត​កម្ទេច​នូវ​ផលិតផល​ក្លែងក្លាយ​ប្រមាណ​ជិត​មួយ​រយ​តោន​ក្រោយពី​រឹបអូស​បាន​ពី​ឈ្មួញ​ទុច្ចរិត​។​ ផលិត ក្លែង​ទាំងនោះ​ភាគច្រើន​នាំចេញ​ពី​ប្រទេស​ថៃ វៀតណាម ​អាមេរិក បារាំង​ ហុងកុង និង​ចិន​ជាដើម​៕