នៅសល់​១៥​ថ្ងៃ​ប៉ុណ្ណោះ​ការ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​នឹង​ត្រូវ​បញ្ចប់

113

ភ្នំពេញ ៖ ​អគ្គនាយកដ្ឋាន​ពន្ធដារ​ នឹង​ផ្អាក​បញ្ចប់​ការ​បង់ពន្ធ ​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​ក្នុង​រយៈពេល​១៥​ថ្ងៃ ​ទៀត​ប៉ុណ្ណោះ ​សម្រាប់​បង់ពន្ធ​ឆ្នាំ​២០១៧ ក្នុង​ករណី​ខកខាន​មិនបាន​បង់ពន្ធ​ទាន់​ពេលវេលា ​តាម​ការកំណត់​នោះទេ​ ម្ចាស់​យានយន្ត​នឹង​ត្រូវ​រង​នូវ​ទោស ទណ្ឌ​តាមច្បាប់​ជា​ធរមាន ។

អគ្គនាយកដ្ឋាន​ពន្ធដារ ​បានចេញ​សេចក្តីជូនដំណឹង​ ស្តីពី​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៧ នៅលើ Page Facebook ​ជា​រៀល​រាល់ថ្ងៃ ដើម្បី​ក្រើនរំលឹក​ដល់​ម្ចាស់​យានយន្ត​ទាំងអស់ ដែល​ពុំទាន់​បាន​មក​បំពេញ​កាតព្វកិច្ច​បង់ពន្ធ សូម​អញ្ជើញ​មក​ប្រកាស​បង់ពន្ធ​ឲ្យ​បាន​រួសរាន់ ​នៅតាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​នៅ​តាម​ធនាគារ​អេស៊ីលីដា ធ​នាគារ​ការ​ណា​ឌី​យ៉ា​ ធនាគារ​វឌ្ឍនៈ និង​ធនាគារ​កម្ពុជា​សាធារណៈ ដើម្បី​ជៀសវាង​បាន​នូវ​ការ​កកស្ទះ ​និង​ការ​ប្រជ្រៀត​គ្នា​មក​ប្រកាស​បង់ពន្ធ ​នៅ​ថ្ងៃ​ជិត​ផុត​កំណត់​ ដែល​អាច​នាំ​ឲ្យ​មាន​បាតុភាព អសកម្ម​ដោយ​ប្រការ​ណាមួយ​។

តាម​សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹងថា ទាក់ទិន​នឹង​ការ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ​ មាន​ម្ចាស់​យានយន្ត​ជាច្រើន​បាន​មក​បង់ពន្ធ​រួចរាល់ ខណៈ​ដែល​មាន​ម្ចាស់​យានយន្ត​មួយ​ចំនួនទៀត នៅ​មិនទាន់​មក​បង់ពន្ធ​នេះ​នៅឡើយ​ ដូច្នេះ​ពាក់ព័ន្ធ​នឹង​ការបង់ពន្ធ​នេះ​ នៅសល់តែ​រយៈពេល​១៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​ការបង់ពន្ធ​ឆ្នាំ​២០១៧ នឹងត្រូវ​បញ្ចប់​ជា​ស្ថាបពរ​។

សម្រាប់​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​នេះដែរ នៅក្នុង​ករណី​ខកខាន​មិនបាន​បង់ពន្ធ​ទាន់​ពេលវេលា តាម​ការកំណត់​ខាងលើ​នោះទេ ម្ចាស់​យានយន្ត នឹង​ត្រូវ​​រង​នូវ​ទោសទណ្ឌ​តាមច្បាប់​ជា​ធរមាន ​ក្នុងនោះ​អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ​ជាពិសេស​នគរបាល​ចរាចរណ៍​ ដើម្បី​ចុះ​ត្រួតពិនិត្យ​ការ​ប្រមូល​ពន្ធ​នេះ ​នៅតាម​ដងផ្លូវ​នានា​បន្ទាប់ពី​ការបិទ​បញ្ចប់ នៃ​ការ​ប្រមូល​ពន្ធ​នៅត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិការ ឆ្នាំ​២០១៧​ខាងមុខនេះ​៕