ទាហាន​មី​យ៉ាន់​ម៉ា​ច្រាន​ចោលការ​ចោទ​ប្រកាស​ពី​ការប្រព្រឹត្ត​អំពើ​ឃោរឃៅ​លើ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា

43

មីយ៉ាន់ម៉ា៖ ​កាលពី​ថ្ងៃ​ចន្ទ​ទាហាន​មី​យ៉ាន់​ម៉ា​បាន​បញ្ចេញរបាយការណ៍​មួយ ​ដោយ​ច្រានចោល​រាល់​ការចោទ​ប្រកាន់​ពី​បទ​រំលោភ ​និង​សម្លាប់​ក្រុម​ជន​ម៉ូ​ស្ល៊ី​ម​រ៉ូ​ហ៊ីង​យ៉ាដោយ​កងកម្លាំង​សន្តិសុខ​របស់​ខ្លួន​។ ​​ស្ត្រី​មូ​ស្ល៊ី​ម​រ៉ូ​ហ៊ីង​យ៉ា​គឺ​អ្នកស្រី ណា​ហ្សូ​ម៉ា បេ​កាំ បាន​និយាយ​ថា យោធា​មី​យ៉ាន់​ម៉ាបាន​សម្លាប់​មនុស្ស​ប្រុស​ទាំងអស់ ​នៅ​ក្នុង​ផ្ទះ​របស់​អ្នកស្រី ​និង​បាន​ដុត​ផ្ទះ​របស់អ្នកស្រីចោលទៀត​ផង។

ចំណែកស្ត្រីរ៉ូ​ហ៊ីង​យ៉ាម្នាក់ទៀតអ្នកស្រី ហូ​ស្នា​អា​រ៉ា ដែល​ជា​ជន​រង​គ្រោះ​ពី​ការ​រំលោភ​ផ្លូវ​ភេទ ​មកពី​តំបន់ Bolibazar បាន​និយាយ​ថា ទាហាន​ ៣​នាក់​បាន​សម្រុក​ចូល​ផ្ទះ​របស់​អ្នកស្រីរួច​ចាប់​អ្នកស្រី​រំលោភ។ ​ពួកគេ​ថែមទាំង​បាន​បោះ​កូនពៅ​របស់អ្នកស្រីចូល​ក្នុង​ភ្លើង​ទៀត​ផង។​ ​ការ​បញ្ចេញ​របាយការណ៍​នេះ​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពីយោធា​បាន​ដាក់​ជំនួស​ឧត្ដមសេនីយ៍​ ដែល​ទទួលបន្ទុកប្រតិបត្តិ​ការដែល​ត្រូវ​បាន​ អង្គការសហប្រជា​ជាតិ​ហៅថា​ជាការ​សម្លាប់​ផ្ដាច់​ពូជ​ជនជាតិភាគតិច​។ ​បច្ចុប្បន្ន​ពួក​រ៉ូ​ហ៊ីង​យ៉ា​ជាង ៦​សែន​នាក់​បាន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​បង់​ក្លា​ដែ​ស​ជាប្រទេស​ជិត​ខាង ហើយ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃនេះមន្ត្រី​ជាន់ខ្ពស់​មួយ​របស់​អង្គការសហ​ប្រជាជាតិ ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​នៅ​ជំរំ​ជនភៀសខ្លួន ចោទប្រកាន់​ទាហាន​មី​យ៉ាន់​ម៉ាពី​បទប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ ប្រឆាំង​មនុស្សជាតិ​រួម​ទាំង​ការរំលោភ​ផ្លូវ​ភេទ​ជាច្រើន​ករណី​ទៀត​ផង​។

 

ប៉ុន្តែ​យោង​តាម​របាយការណ៍​កា​ល​ពី​ថ្ងៃ​ចន្ទ ដែល​ជា​ការស៊ើបអង្កេតផ្ទៃក្នុង​ដោយ​ផ្ទាល់របស់​ទាហាន បញ្ជាក់​ច្បាស់​ថា ​កងកម្លាំង​សន្តិសុខ​ពុំមាន​ជាប់​ពាក់ព័ន្ធ​ នឹង​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ ​រួម​ទាំង​ការ​សម្លាប់​អ្នកភូមិ​ការ​ចាប់​រំលោភ​ស្ត្រី​ ឬ​ដុត​វិហារ​រ៉ូ​ហ៊ីង​យ៉ា​នោះ​ទេ​។​ ការ​បញ្ចេញ​របាយការណ៍​នេះកើតមាន​មុន​ដំណើរ​ទស្សនកិច្ច​ របស់រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson នៅ​ថ្ងៃ​ពុធ​នេះ នៅ​ពេល​ដែល​លោកត្រូវ​គេ​រំពឹង​ថា នឹង​បញ្ជូន​សារ​ដ៏​ជាក់លាក់​មួយទៅកាន់យោធា​មី​យ៉ាន​ម៉ា៕
អត្ថបទ៖ សុខ​មាន