គេហទំព័រ​កីឡា​អ៊ីតាលី​ចុះផ្សាយ​ថា Carlo Ancelotti ជា​ជម្រើស​ទី​មួយ​ដែល​អាច​ក្លាយ​ជា​គ្រូ​បង្វឹក​អ៊ីតាលី​

43

បាល់ទាត់៖ ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​អ៊ីតាលី​ខកខាន​មិនបាន​ទៅ World Cup 2018 គេហទំព័រ​កីឡា​អ៊ីតាលី La Gazzetta Dello Sport បាន​ចុះផ្សាយ​ពី​ការស្ទង់មតិ​អ្នកគាំទ្រ​បាល់ទាត់​អ៊ីតាលី​ដែល​អាច​នឹង​ជំនួស​តំណែង​លោក Gian Piero Ventura ទោះបីជា​លោក​ថា​នឹង​បន្ត​ដឹកនាំ​ក្រុម​អ៊ីតាលី​ក៏ដោយ​រហូត​ការ​សំរេច​របស់​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​។

លោក Ventura

​​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី FIGC នឹង​ធ្វើ​កិច្ចប្រជុំ​ថ្ងៃ​ពុធ​នេះ​ពិភាក្សា​ជុំវិញ​អនាគត​របស់​លោក Ventura​។ ​គេហទំព័រ​កីឡា La Gazzetta បាន​ចុះផ្សាយ​ថា​លោក Carlo Ancelotti ដែល​កំពុង​នៅ​ទំនេរ​ក្រោយ​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ Bayern Munich នោះ​ជា​ជម្រើស​មុខ​គេ​ក្នុង​ការ​បន្ត​តំណែង​គ្រូ​បង្វឹក​អ៊ីតាលី​។ ​ការស្ទង់មតិ​លើ​គេហទំព័រ​នោះ​លោក Carlo Ancelotti ទទួល​បាន​សំឡេង​គាំទ្រ 67.5ភាគរយ​ឈានមុខ​គេ ខណៈ​គ្រូ​បង្វឹក Chelsea បច្ចុប្បន្ន​លោក Antonio Conte ទទួល​បាន 22.1ភាគ​រយ​តាម​ពីក្រោយ​ដោយ​គ្រូ​បង្វឹក Juventus, Massimiliano Allegri ទី​បី និង​គ្រូ​បង្វឹក Zenit St. Petersburg លោក Roberto Mancini ទី​បួន​។

​​ក្រោម​ការដឹកនាំ​របស់​លោក Ventura ក្រុម​អ៊ីតាលី​ធ្វើ​អ្វី​ក្រុម​ភ្ញៀវ​ស៊ុយអែត​មិនបាន ​ធ្វើ​អោយ​បញ្ចប់​ទាំងពីរ​ជើង​អ៊ីតាលី​ចាញ់​ស៊ុត​អែ​ត 1-0 ខកខាន​មិនបាន​ទៅ World Cup លើកដំបូង​ក្នុង​រយៈពេល 60ឆ្នាំ​។ លើក​ចុង​ក្រោយ​ដែល​អ៊ីតាលី​អវត្តមាន​ពី World Cup គឺ​នៅ​ឆ្នាំ1958៕
​អត្ថបទ​៖​នាង សុភា​វុ​ធ