អគារ​សិក្សា​ថ្មី​អំណោយ​សម្តេច​តេ​ជោ ​នឹង​បើក​ឲ្យ​សិស្ស​ចូលរៀន​ជា​បណ្តើរៗ ​នៅ​បវេសនកាល​ថ្មី​នេះ

30

តាកែវ ៖ ​ដើមរដូវ​កាល​បវេសនកាល​ឆ្នាំ​ថ្មី ឆ្នាំ​សិក្សា​២០១៧២០១៨ ​នេះ ​អគារ​សិក្សា​ថ្មី ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន ​សែន ​ត្រូវ​បាន​ដំណើរ​ការ​ឲ្យ​សិស្សានុសិស្ស ​ចូលរៀន​សូត្រ​ជា​បណ្តើៗ​ ហើយ​។

នៅក្នុង​ ខណៈដែល​រដូវ​កាល​នៃ​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០១៧២០១៨ ឈាន​មកដល់​ថ្មីៗ​នេះ បណ្តា​ អគារ​សិក្សា​មួយ​ចំនួន​ក្នុង​ទូទាំង​ប្រទេស ​ដែល​ជា​សមិទ្ធផល​ថ្មី​នៃ​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវ​បាន​ដំណើរការ​អនុញ្ញាត​ឲ្យ​សិស្សានុសិស្ស​ចូល​សិក្សា​រៀន​សូត្រ​ជា​បណ្តើៗ​ហើយ ​ បើទោះជា​អគារ​សិក្សា​ថ្មី​ទាំងនោះ ​មិន​ទាន់​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​យ៉ាងណាក៏ដោយ​។

លោក ខេង សុមេធ មេបញ្ជាការ​កង​វិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប ​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ កាលពី ម្សិលមិញ នៅ​ខេត្តតាកែវ ​ក្នុងពេលដែល​លោក​បាន​ចុះ​ពិនិត្យមើល​លទ្ធផល​នៃ​ការ​សាង​សង់​សិទ្ធ​ផល​ទាំងនោះ ​ដោយ​ផ្តោត​ទៅលើ​បញ្ហា​គុណភាព សោភ័ណភាព​ រួម​ទាំង​ការ​ជំរុញ​បន្ថែម​លើ​ការងារ​សាងសង់​របង​ ខ្លោងទ្វារ ការ ចាក់​ក្រាល​បេតុង​ក្នុង​បរិវេណ​សាលា ​ការរៀបចំ​ទីលាន​កីឡា ​និង​ការរៀបចំ​សួនច្បារ ជាដើម​។​

លោក ខេង សុមេធ បាន​បញ្ជាក់ថា ពិធី​សម្ពោធ​ដែល​ត្រូវ​ប្រតិបត្តិ​តាម​ប្រពៃណី​ទំនៀមទម្លាប់ គឺ​ពិតជា​មិន អាច​មើល​រំលង​បាន​នោះទេ ក៏ប៉ុន្តែ​តម្រូវការ​ចាំបាច់​របស់​សិស្សានុសិស្ស ​ដែល​ទន្ទឹង​រង់ចាំ​អាគារ​ថ្មី​សម្រាប់​ការ សិក្សា​នេះ វារឹត​តែ​ត្រូវ​បាន​ចាប់អារម្មណ៍​ខ្លាំង​ថែមទៀត​។ កម្មវិធី​បើក​សម្ពោធ គឺអាច​ធ្វើ​នៅ​ពេល​ក្រោយ​ក៏បាន តែ ការសិក្សា​របស់​សិស្ស វា​ពិតជា​មិន​អាច​ពន្យា​ពេល​បាន​នោះទេ​។ នេះ គឺជា​អនុសាសន៍ ​ផ្ដាំផ្ញើ​ដ៏​ថ្ងៃ​ថ្លា​នៃ​សម្តេច​តេ ​ជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​។​

សិស្សានុសិស្ស​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ក្នុង​ខេត្តតាកែវ បាន​សំដែង​នូវ​ក្តី​ត្រេកអរ ដែល​បាន​ទួល អាគារ​សិក្សា​ថ្មី ។

លោក ខេង សុមេធ ឲ្យ​ដឹង​បន្ថែមថា នៅក្នុង​គម្រោង​សាងសង់​សិទ្ធ​ផល​ថ្មី​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​នៅលើ​២២​ខេត្ត​-​រាជធានី រួមមាន អាគារ​សិក្សា ទីចាត់ការ ព្រមទាំង​អគារ​ស្នាក់នៅ​របស់​គ្រូ និង​សិស្ស​ផងដែរ ​មាន​ចំនួន​សរុប​៥៣១​ខ្នង​ ស្មើនឹង​៦ ពាន់​១៦០​បន្ទប់ ដែល​កំពុង​ដំណើរការ​សាងសង់​ និង​សាងសង់​រួចរាល់ ​ជា​បណ្តើរៗ​នោះ​ ខេត្តតាកែវ ​ទទួលបាន​ អគារ​សិក្សា​ចំនួន​៨​ខ្នង ស្មើនឹង​១៦២​បន្ទប់​ អគារ​ទីចាត់ការ​៥​ខ្នង ​ស្មើនឹង​១៥​បន្ទប់ និង​អគារ​ស្នាក់នៅ​របស់​គ្រូ បង្រៀន ២​ខ្នង​ ស្មើនឹង​៤០​បន្ទប់​។

សមិទ្ធផល​ថ្មី​ទាំងនេះ ត្រូវ​បាន​សាងសង់​លើ​ទីតាំង​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ ចំនួន​៦​កន្លែង គឺ​នៅ​សាលាបឋមសិក្សា​ ហាំង​ង៉ោ ស្មៅ​ខ្ញី វិទ្យាល័យ ប៊ុន រ៉ានី​ ហ៊ុន សែន​ (​បាទី​) ​មជ្ឈមណ្ឌល​គរុ កោសល្យ​ភូមិភាគ ​សាលា​គរុកោសល្យ ​និង​វិក្រឹតិកាល​ខេត្ត វិទ្យាល័យ ជា ស៊ីម តាកែវ និង​សាលាបឋមសិក្សា ត្រាំ​៕