បញ្ហា​ជាច្រើន ត្រូវបាន​លើកឡើង​ក្នុង​វេទិកាសាធារណៈ ​ ដើម្បី​រក​ដំណោះស្រាយ​

98

រតនគិរី ៖ ​បញ្ហា​ប្រឈម​នានា​ជាច្រើន ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់​នៅក្នុង​ស្រុក​អូ​រយ៉ា​ដាវ ​លាតត្រដាង​ប្រាប់​ថ្នាក់ ដឹកនាំ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្តរតនគិរី ​ដើម្បី​ឲ្យ​មាន​ការ​ជួយ​ដោះស្រាយ​។

បញ្ហា​ប្រឈម​នានា​ជាច្រើន​នៅក្នុង​ឃុំ​ទាំង​៧ នៃ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ​ត្រូវ​បាន​ប្រជាពលរដ្ឋ លើកឡើង​លាតត្រដាង​ប្រាប់​ឯកឧត្តម​ ទេសរដ្ឋមន្ត្រី លី ធុជ ​ទទួលបន្ទុក​បេសកកម្ម ​ពិសេស និង​ជា​ប្រធាន ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្តរតនគិរី​ ក្នុង​វេទិកាសាធារណៈ​ ដែល​បាន​ធ្វើឡើង​កាលពី​ម្សិលមិញ​។

បញ្ហា​ប្រឈម​ដែល​ប្រជាពលរដ្ឋ​បានលើកឡើង មានដូចជា តម្លៃ​អគ្គិសនី​មិន​ប្រក្រតី ​បញ្ហា​សំឡេង រំខាន និង​បញ្ហា​ការ​សាយភាយ​ក្លិន​មិនល្អ​ចេញពី​រោងចក្រ​កែច្នៃ​ដំឡូង​មី ដែល​មាន​ទីតាំង​នៅក្នុង​ឃុំ​សោម​ធំ បញ្ហា​ធារាសាស្ត្រ បញ្ហា​ផ្លូវថ្នល់ បញ្ហា​សេវាសាធារណៈ​ បញ្ហា​កង្វះខាត​មណ្ឌល​សុខភាព បញ្ហា​សន្តិសុខ និង បញ្ហា​កុងត្រូលជជុះ ​ដែលមាន​នៅលើ​ផ្លូវជាតិ​លេខ​៧៨ ដែលជា​ផ្លូវ​ឆ្ពោះទៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ រួមទាំង​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត​។

ថ្លែង​ចំពោះមុខ​ប្រជាពលរដ្ឋ​ជាង​៥០០​នាក់ មកពី​ឃុំ​ទាំង​៧ នៃ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ​ឯកឧត្តម លី ធុជ បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ខិតខំ​ដោះស្រាយ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​គ្រប់ មូលដ្ឋាន​បាន​លើកឡើង ព្រមទាំង​ចូលរួម​លុបបំបាត់​រាល់​បាតុភាព​អសកម្ម​ទាំងឡាយ​ក្នុង​ការងារ​របស់​ខ្លួន ដើម្បី​ទទួល​បាន​ការ​គោរព​ស្រឡាញ់​ពី​ប្រជាពលរដ្ឋ​។

ទន្ទឹមនឹង​ការណែនាំ ឯកឧត្តម ក៏បាន​លើកឡើង​ពី​ភាព​រីក​ចំរើន​រយៈពេល​កន្លងមក ​នៅក្នុង​ខេត្ត រតនគិរី​ទាំងមូល ដែល​ទទួល​បាន​សមិទ្ធ​ផល​ជាច្រើន​គួរ​អោយ​កត់សម្គាល់​ផងដែរ​។

តាមរយៈ​វេទិកាសាធារណៈ​រវាង​ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ ត្រូវបាន​ចាត់ទុកថា គឺជា​រឿង​សំខាន់ នៅត្រង់ថា បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​កើតមាន​នៅក្នុង​ដែនដី​របស់ខ្លួន ត្រូវបាន​លាតត្រដាង និង​ស្នើ​ឲ្យ អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ​តាម​វិស័យ​ឆ្លើយតប​ភ្លាមៗ និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ផងដែរ​៕