មនុស្ស​​ ៦១​នាក់​បាត់​បង់​ជីវិត​ក្នុង​ការ​​វាយប្រហារ​​ពី​អាកាស​​នៅ​ភាគ​ខាង​ជើង​ប្រទេស​​ស៊ីរី​

122

ស៊ីរី៖ វីដេអូ​​បាន​ចេញ​ផ្សាយ​​តាម​ប្រព័ន្ធ​ Internet កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​​​ ដោយ​ក្រុម​ការពារ​ជន​ស៊ីវិល​​​ដែល​គេ​ស្គាល់​ថា​ ជា​ក្រុម​​មួក​ស​បង្ហាញ​ឲ្យ​ឃើញ​​​ផ្សែង​​ទ្រោល​ឡើង​​លើ និង​​​មនុស្ស​ដែល​កំពុង​រត់​​ស្វែង​រក​ទីជម្រក​​សុវត្ថិភាព​​ ក្នុង​ពេល​វាយប្រហារ​​ពី​អាកាស​មួយ​​ចំនួន​ទៅ​លើ​តំបន់ ​​មាន​ក្រុម​​ឧទ្ទាម​​គ្រប់​គ្រង​​ក្នុង​ភាគ​​ពាយព្យ​ប្រទេស​ស៊ីរី។

​​ក្រុម​សង្កេតការណ៍​សិទ្ធិមនុស្ស​​​​ សម្រាប់​​​ឃ្លាំ​មើល​សង្គ្រាម​​​ស៊ីរី​បាន​​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​​ថា ការ​វាយ​ប្រហារ​តាម​អាកាស​ចំនួន ៣​លើក​​ ទៅ​លើ​​ទីក្រុង​​អាតារេប​នៅ​ភាគ​ខាង​លិច​ទីក្រុង​​អេឡេប៉ូ​​ បាន​សម្លាប់​មនុស្ស​​យ៉ាង​ហោច​ណាស់​ ៦១​នាក់ ហើយ​ ២៩​នាក់​ក្នុង​ចំណោម​ពួក​គេ​​បាន​បាត់​បង់​ជីវិត​​​ នៅ​ពេល​វាយប្រហារ​​ពី​អាកាស​​ទៅ​លើ​ផ្សារ​មួយ​ក្នុង​តំបន់​​នេះ ហើយ​​ក្រុម​សង្កេតការណ៍​​មាន​មូលដ្ឋាន​​ នៅ​ប្រទេស​អង់គ្លេស​​បាន​លើក​ឡើង​ថា ​ចំនួន​​អ្នក​ស្លាប់​​ត្រូវ​គេ​សង្ស័យ​ថា​កើន​ឡើង​ថែម​ទៀត​។ ​ក្នុង​រូបភាព​វីដេអូ​នេះ​បង្ហាញ​ឲ្យ​ឃើញ ​​អំពី​សមាជិក​​ការពារ​ជន​ស៊ីវិល​​ស៊ីរី​ ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​មួក​ស​​ ដែល​​បាន​ជួយ​សង្គ្រោះ​​បុរស​ៗ​ដែល​ជាប់ ​​នៅ​ក្រោម​​បំណាក់​ថ្ម​ក្នុង​អគារ​​បាក់​បែក​​ធ្ងន់ធ្ងរ។

ទីក្រុង​អាតារេប​​បាន​ស្ថិត​នៅ​ក្នុង​អ្វី​ដែល​​គេ​​ចាត់​ទុក​ថា​ ជា​តំបន់​ស្ងប់​សឹក​​​ក្រោម​​កិច្ច​ព្រមព្រៀង​​រវាង​ប្រទេស​ទួរគី, រុស្ស៊ី និង​អ៊ីរ៉ង់ ដើម្បី​កាត់​បន្ថយ​​អំពើ​ហិង្សា​ក្នុង​តំបន់​នេះ៕​

អត្ថបទ៖ រិទ្ធី