ស្នងការ​ខេត្តតាកែវ ​ដាក់​បទបញ្ជា​ឲ្យ​តាមដាន​ទប់ស្កាត់​ឧបាយកល​ចង់​ផ្ដួល​រដ្ឋាភិបាល​

32

 

តាកែវ ៖ ​ស្នងការ​នគរបាល​ខេត្តតាកែវ ប្រាប់​មន្ត្រី​នគ​របាល​ទូទាំង​ខេត្ត អោយ​តាមដាន និង​ទប់ស្កាត់​ឧបាយ ​កល​ទុច្ចរិត​ ដែល​ចង់​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

ស្នងការ​នគរបាល​ខេត្តតាកែវ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង​ បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺង ម៉ាត់​ចំពោះ​មន្ត្រី​នគ​រ​បាល​ទូទាំង​ខេត្តតាកែវ ​ត្រូវតែ​ធ្វើការ​តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត​ចំពោះ បុគ្គល​ណា ​ក្រុម​ណា ឬ​បក្ស​ណា​ដែល​មានបំណង​បង្ក​ចលាចល​នៅក្នុង​ខេត្ត ឬ​មានបំណង​ចង់​ផ្ដួល​រំលំ​រាជ រដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា កម្លាំង​មាន​សមត្ថកិច្ច​ត្រូវតែ​ចាត់​វិធានការណ៍​ទប់ស្កាត់​អោយ​បាន​ទាន់ ពេលវេលា​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​លោកនាយ​ប៉ុស្តិ៍​ទាំង​១០០​ឃុំ​សង្កាត់ អធិការ​ក្រុង​ស្រុក​ទាំង​១០ និង មន្ត្រី​នគរបាល កាលពី​ម្សិលមិញ លោកស្នងការ សុខ សំណាង បាន​បញ្ជា​អោយ​ធ្វើ​ផែនការ​ដល់​កម្លាំង ប្រចាំការ​គ្រប់គ្រង​សភាពការណ៍​សន្តិសុខ ​សណ្តាប់​សង្គម និង​ប្រមូលផ្តុំ​ព័ត៌មាន ​សភាពការណ៍ នយោបាយ ​សន្តិសុខ​នៅក្នុង​ខេត្ត​អោយ​បាន​ច្បាស់លាស់ ដើម្បី​ធ្វើយ៉ាងណា​ទប់ស្កាត់ និង​អនុវត្ត​ចាត់​វិធាន ការណ៍​តាមច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​នូវ​គ្រប់​សកម្មភាព​ប្រមូល​ផ្តុំ​កម្លាំង បង្ក​ចលនា​បាតុកម្ម​ទាម ទារ តវ៉ា​នានា ក្នុង​ចេតនា​ធ្វើ​ឲ្យ​មាន​អសន្តិសុខ ​អស្ថិរភាព​នយោបាយ បាត់បង់​សណ្តាប់ធ្នាប់​សង្គម និង​ប៉ះ ​ពាល់​ដល់​សុវត្ថិភាព ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​។

នៅក្នុង​ឱកាស​នោះ លោកស្នងការ​ខេត្ត ក៏បាន​បញ្ជា​អោយ​លោក​ស្នងការរង ទទួល​ដឹកនាំ​ស្រុក​-​ក្រុង​នីមួយៗ ឲ្យ​ចុះទៅ​ប្រចាំការ​ដឹកនាំ​បញ្ជា​កងកម្លាំង ត្រួតពិនិត្យ​សភាពការណ៍ ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ជូន​សង្គម ដោយ​អនុវត្តតាម​ខ្លឹមសារ​ផែនការ ដែល​បាន​ផ្សព្វផ្សាយ​ខាងលើ ដល់​មូលដ្ឋាន​របស់ខ្លួន ​ហើយ​ជាពិសេស មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ត្រូវតែ​ក្ដាប់​សភាព​ការណ៍​អោយបាន​ នៅ​មូលដ្ឋាន​របស់ខ្លួន​។

គួរបញ្ជាក់ថា ​ការបើក​កិច្ចប្រជុំ​ជាមួយ​លោកនាយ​ប៉ុស្តិ៍ និង​អធិការ​ក្រុង​ស្រុក​របស់​ស្នងការដ្ឋាន នគរបាល​ខេត្តតាកែវ បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បានចេញ ​សជណ ប្រាប់​ទៅ​អភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ឲ្យ​រៀបចំ​ក្រុមការងារ​ប្រចាំ​បញ្ជា​សម្រាប់​តាមដាន និង​ដោះស្រាយ​បញ្ហា​នានា ពាក់ព័ន្ធ​នឹង​ឧបាយកល​ផ្ដួល រំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជា ដែល​ចុះហត្ថលេខា​ដោយ នាយក​រដ្ឋមន្ដ្រី​ស្ដីទី សម្ដេច​ក្រឡាហោម ស ខេង កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា នេះ​៕