មន្ទីរពេទ្យ​បណ្ដោះអាសន្ន​មួយ​របស់​អ៊ីរ៉ង់បាន​ព្យាបាល​អ្នក​របួស​រាប់​ពាន់​នាក់​ដែល​រង​គ្រោះ​ពី​ការ​រញ្ជួយ​ដី​កម្រិត ៧.៣រ៉ិចទ័រ

69

អ៊ីរ៉ង់៖ ​អាជ្ញាធរ​និយាយ​ថា មន្ទីរពេទ្យ​បណ្ដោះអាសន្ន​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ទីក្រុង Sarpol-e Zahab នៅ​ភាគ​ខាងលិចខេត្ត​ឃើ​ម៉ាន​ហ្សានៃ​ប្រទេស​អ៊ីរ៉ង់​ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​កម្រិត​ ៧.៣រ៉ិ​ច​ទ័​រអង្រួន​ព្រំដែនអ៊ីរ៉ង់ និង​អ៊ីរ៉ាក់កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ដែលបាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ៥៣០​នាក់ និង​រាប់​ពាន់នាក់​ផ្សេង​ទៀត​រង​របួស​។

​​អង្គការ​អឌ្ឍចន្ទ​ក្រហម​អ៊ីរ៉ង់បាន​បង្កើត​ជំរំ​តង់​ភ្លាមៗ ​បន្ទាប់ពីមន្ទីរពេទ្យ​សំខាន់​មួយរបស់​ទីក្រុង​ឃើ​ត ត្រូវ​បាន​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​គ្រោះ​រញ្ជួយ​ដី​នេះ​។​ ទីក្រុង Sarpol-e Zahab គឺជា​ទីស្នាក់​អាស្រ័យ​​របស់​ជន​រង​គ្រោះប្រហែលពាក់​កណ្ដាល និង​ជាតំបន់​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​បំផុត​ក្នុង​ប្រទេស​នេះ​។ លោក Farzin Motamedi អនុប្រធាន​ទទួលបន្ទុក​ផ្នែក​សុខភាព នៃ​អឌ្ឍចន្ទ​ក្រហមប្រចាំ​ខេត្ត​ឃើ​ម៉ាន​ហ្សាបាន​លើក​ឡើង​ថា បុគ្គលិកវេជ្ជសាស្ត្រ​បានព្យាបាលអ្នករបួស​រាប់​ពាន់​នាក់ ​ចាប់​តាំង​ពីមាន​គ្រោះ​រញ្ជួយ​ដី​មក​។​ ​លោក​ថា យើង​បានទទួលអ្នក​រង​របួស​ចំនួន​ ៨​ពាន់​នាក់ក្នុង​រយៈ​ពេល ​៧២​ម៉ោង ហើយ ៤​ពាន់​នាក់​ក្នុងចំណោម​ពួកគេ​បាន ទទួល​ការ​ព្យាបាល។​ ក្រុម​វេជ្ជបណ្ឌិតបាន​ដេរមុខរបួស ​និង​ត​ឆ្អឹង​បាក់​ឲ្យ​ពួកគេ​រួចរាល់​ហើយ​។​

យោង​តាម​លោក​វេជ្ជបណ្ឌិត ​ហ្គ​ដ្រា​ត​ម៉ូ​រ៉ា​ឌី​ ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ជាច្រើន​នៅតែបន្ត​មកកាន់​មន្ទីរពេទ្យ​ ប៉ុន្តែ​មន្ទីរពេទ្យ​សង្គ្រោះ​បឋម​មួយ​នេះ​ខ្វះខាត​សម្ភារៈ​វេជ្ជសាស្ត្រខ្លាំង ​ហើយ​អ្នករបួស​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ ត្រូវ​បានបញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ក្រុង​ក្បែរ​នោះ​។​ ​យោង​តាម​របាយការណ៍​នានា​ពីការ​រញ្ជួយ​ដី ​ដែល​ជា​គ្រោះ​ធម្ម​ជាតិ​មួយ​ធ្ងន់ធ្ងរ​បំផុត​ក្នុងប្រទេសអ៊ីរ៉ង់​ជាង ​១​ទសវត្សរ៍មកនេះប៉ះទង្គិច​ដល់​ទី​ក្រុង​ធំ​ៗ​ចំនួន​៧ និង​ភូមិជាង ១,៩០០​ភូមិ​ក្នុងខេត្ត​ឃើ​ម៉ាន​សា​ទាំងមូល​។​ លំនៅឋាន​ចំនួន​ ១២,០០០​ខ្នងត្រូវ​បាន​រង​ការបំផ្លិចបំផ្លាញទាំង​ស្រុង និង​ ១៥,០០០​ខ្នង​ផ្សេងទៀត​ខូចខាត​មធ្យម​។ ​ខណៈ​ប្រទេសនេះនៅតែ​បន្ត​ស្វះស្វែងផ្ដល់​ទីជម្រក​ដល់​ជនរងគ្រោះ ខណៈមនុស្សរាប់​ពាន់​នាក់​បានបង្ខំចិត្តដេក​ហាលវាល ដោយ​គ្មាន​ការ​ផ្គត់ផ្គង់​អគ្គិសនី និង​ទឹក៕
អត្ថបទ៖ សុខ​មាន