Roger Federer បន្ត​ឈ្នះ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូ​ល​កម្មវិធី ATP Finals ខណៈ Jack Sock យក​ឈ្នះ Zverev

51

តេន្នីស៖ ​កីឡាករ​វាយ​កូន​បាល់​ជើងឯក Grand Slam 19កម្មវិធី Roger Federer ទោះបីជា​ធានា​បាន​កៅអី​នៅ​វគ្គ 4នាក់ចុងក្រោយ​ក៏ដោយ នៅតែ​បន្ត​យកឈ្នះ​ប្រកួត​ទី​បី​ក្នុង​ពូ​ល​ទៀត​លើ​កីឡាករ​ក្រូ​អាត Marin Cilic កម្មវិធី ATP World Tour Finals នៅ​ទីក្រុង​ឡុង​ដ៍​ចក្រភព​អង់គ្លេស​។

កីឡាករ Jack Sock

​​ជើងឯក​នៅ​ទី​នេះ 6សម័យ Roger Federer បាន​យកឈ្នះ​ពីរ​ប្រកួត​ជាប់​គ្នា​រួម​មក​ហើយ ​ក្នុង​ពូ​ល​ដែល​មាន​គ្នា​បួន​នាក់​នេះ​គឺ​ឈ្នះអាល្លឺម៉ង់ Alexander Zverev និងកីឡាករ​អាមេរិក Jack Sock ខណៈ​ការ​ប្រកួត​ទី​បី​នេះ​ជា​ការ​ប្រកួត​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន Cilic នាំមុខ​ក្នុង​សិត​ដំបូង 6-7(5-7) មុន​ពេល​ដែល Federer វាយបក យកឈ្នះ​វិញ 6-4, 6-1 បន្ត​កំណត់ត្រា​មិន​ចាញ់​សោះ​នៅ ATP Finals នេះ 10ប្រកួត​ជាប់​គ្នា​។ ​ជុំ​បន្ត Federer ដែល​មាន​មុខ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ATP Finals លើក​ទី​14 ក្នុងចំណោម​ការ​បង្ហាញ​ខ្លួន 15លើក​ចុង​ក្រោយ​នោះ​ នឹង​ត្រូវ​ជួប​ជាមួយ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក David Goffin រឺ​កីឡាករ​អូទ្រីស Dominic Thiem​។

​​ងាក​មក​ទស្សនា​ការប្រកួត​មួយ​គូ​ទៀត​ក្នុង​ពូ​ល​នេះ​ដែរ ជា​ការ​ប្រកួត​កាត់សេចក្ដី​ថា​អ្នកណា​ឡើង​វគ្គ 4នាក់​ចុងក្រោយ​ជាមួយ Federer ដែល​ជា​ជំនួប​រវាង Jack Sock និង Alexander Zverev បន្ទាប់ពី​អ្នក​ទាំងពីរ​សុទ្ធតែ​ឈ្នះ​ម្នាក់​មួយ​ប្រកួត​ចំណោម 2ប្រកួត​។​ ​ជា​លទ្ធផល Jack Sock បាន​ក្លាយ​ជា​កីឡាករ​អាមេរិក​ដំបូង​ ដែល​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ATP Finals នេះ​ក្រោយ​យកឈ្នះ Alexander Zverev 6-4, 1-6, 6-4៕
​អត្ថបទ​៖​នាង សុភា​វុ​ធ