ខេត្ត​ក្រុង​មួយ​ចំនួន​នឹងមាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃ​ទី១៩ ​ដល់​ថ្ងៃ​ទី​២១​បណ្ដាលមកពី​សម្ពាធ​ទាប​មកពី​សមុទ្រ​ចិន​ខាងត្បូង​

47

ភ្នំពេញ៖ ខេត្ត​ក្រុង​មួយ​ចំនួន ក្នុងប្រទេស​កម្ពុជា​នឹង​ចាប់ផ្ដើម​មាន​ភ្លៀង​ធ្លាក់ ចាប់ពី​ថ្ងៃទី១៩​ដល់​ថ្ងៃទី​២១​វិច្ឆិកា​ខាងមុខ​ដោយសារ​រង​ឥទ្ធិពល​ពី​សម្ពាធ​ទាប​សកម្ម​មួយ​ដែល​កំពុង​កើតឡើង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

យោងតាម​ការព្យាករណ៍​អាកាសធាតុ​ប្រចាំ​សប្ដាហ៍​ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ២៣​ខែ​វិច្ឆិកា ​ឆ្នាំ ២០១៧ របស់​ក្រសួង​ធនធានទឹក​ឧតុនិយម និង​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី ១៧​វិច្ឆិកា​នេះ​បញ្ជាក់ថា បណ្ដា​ខេត្ត​ក្រុង​មួយចំនួន​នៅ​កម្ពុជា​នឹង​ចាប់ផ្ដើម​មាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃទី ១៩ ដល់​ថ្ងៃទី ២១​វិច្ឆិកា​ខាងមុខ ក្នុង​នោះ​ មាន​បណ្ដា​ខេត្ត​ក្រុង​ដូចជា រាជធានី​ភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល តាកែវ កំពង់ស្ពឺ កំពត កែប និង​ខេត្ត​ព្រះសីហនុ ដែល​អាចមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។ លើស​ពីនេះ​ នៅតាម​តំបន់ឆ្នេរ និង​នៅលើ​ផ្ទៃសមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​លាយឡំ​ជាមួយ​ខ្យល់​បោកបក់​ខ្លាំង និង​មាន​រលក​សមុទ្រ​ខ្ពស់ៗ​។​

ការព្យាករណ៍​ប្រចាំ​សប្ដាហ៍​ដដែល ក៏បាន​បញ្ជាក់​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​ប្រជា​នេសាទ​និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយ​ថ​ហេតុ​។​

ប្រ​ព័​ន្ធ​សម្ពាធ​ទាប​សកម្ម​នេះ មាន​ប្រភព​មកពី សមុទ្រ​ចិន​ខាងត្បូង ហើយ​វា​កំពុងធ្វើដំណើរ​មក​ទិស​ខាងលិច​។ សម្ពាធ​ទាប​សកម្ម​មួយ​នេះ នឹង​បន្តដំណើរ​ដល់​តំបន់​ដីសណ្ដ​រត​ន្លេ​មេ​ង្គ នា​ថ្ងៃទី​១៩​ខែវិច្ឆិកា​នេះ​៕