ទីភ្នាក់ងារ​បារាំង គ្រោង​ផ្តល់​កញ្ចប់​ថវិកា​ប្រមាណ​២០០​លាន​អឺរ៉ូ បន្ថែម​ដល់​កម្ពុជា​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ

85

ភ្នំពេញ៖ ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ AFD គ្រោង​នូវ​កញ្ចប់​ថវិកា​ប្រមាណ​២០០​លាន​អឺរ៉ូ បន្ថែម​ទៀត​សម្រាប់​ផ្តល់​ដល់​ក្រសួង​ធនធានទឹក និង​ឧតុនិយម យកទៅ​អភិវឌ្ឍន៍​គម្រោង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​និង​ព្រែក​នាំ​ដី​ល្បប់​នានា ជំហាន​ទី ២ ដែល​នឹងត្រូវ​អនុវត្ត​ក្នុង​រយៈពេល ៨ ឆ្នាំ ចាប់ពី​ឆ្នាំ ២០១៨​តទៅ​។​

​​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​លើកឡើង​បែបនេះ​ខណៈ​អនុញ្ញាត​ឱ្យ​លោកវាត​ឆេ​ប៉ា​ប៉ា​ស៊ៀ​ន​នាយក​គម្រោង​ទទួលបន្ទុក​កសិកម្ម អភិវឌ្ឍន៍ជនបទ និង ជីវចម្រុះ នៃ​ទីភ្នាក់ងារ​បារាំង សម្រាប់​ការអភិវឌ្ឍ (AFD) និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នា​រសៀល​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នា ២០១៧​។​

​​​ក្នុង​កិច្ច​ជំនួប​ពិភាក្សា​នេះដែរ​ឯកឧត្តម លឹម គានហោ បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​លោក Vatché PAPAZIAN និង​សហការី ដែល​បានមក​បំពេញបេសកកម្ម​ក្នុង​រយៈពេល ១០​ថ្ងៃ នៅ​កម្ពុជា ដើម្បី​ពិនិត្យ​វាយតម្លៃ​ទៅលើ​ប្រព័ន្ធ​ធារាសាស្ត្រ​និង​ព្រែក​នានា ដែល​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អនុវត្ត​ក្រោម ហិរញ្ញប្បទាន​ពី AFD ក្នុង​ជំហាន​ទី​១​កន្លងមក ក៏ដូចជា​ការចុះពិនិត្យ​វាយតម្លៃ​លើ​ទីតាំង គម្រោង​ថ្មីៗ ដែល​នឹងត្រូវ​អនុវត្ត​ក្នុង​ជំហាន​ទី​២​បន្តទៀត បន្ទាប់ពី​ចុះ​ពិនិត្យ សម្រេច​ជ្រើសរើស​ប្រព័ន្ធធារាសាស្ត្រ​ចំនួន​៣​គឺ ប្រព័ន្ធធារាសាស្ត្រ​ក​ង្ហ​ត ស្ថិតនៅក្នុង​ខេត្តបាត់ដំបង ប្រព័ន្ធធារាសាស្ត្រ​អាងទឹក​សករាជ ប្រព័ន្ធធារាសាស្ត្រ​អាងទឹក​កំបោរ ស្ថិតនៅក្នុង​ខេត្តព្រះវិហារ ក្នុង​នេះដែរ​ក៏ត្រូវ​ស្តារ​ព្រែក​បន្ថែមចំនួន​០៤​គឺ ព្រែក​ហង្ស នៅ​ស្រុក​កោះធំ ព្រែក​ទប់ ព្រែ​កសាយ និង​ព្រែ​កច​ន នៅក្នុង​ស្រុក​លើកដែក​ខេត្តកណ្តាល ដែល​ការស្តារ​ព្រែក​ក្នុង ដំណាក់កាល ទី​១ កន្លងមក​បាន​ស្តារ​ចប់​ជា​ស្ថាពរ​មាន​១៣​ព្រែក ។​

​​​ឯកឧត្តម លឹម គានហោ បញ្ជាក់ថា​ការងារ​ឧតុនិយម ប្រជាពលរដ្ឋ​ស្គាល់​គ្រប់គ្នា​ថា កម្ពុ​ជាមាន​ស្ថានីយ​រ៉ា​ដា​តេ​ជោ​សែន ដែលជា​បច្ចេកទេស ចុងក្រោយ​មាន​លេខ​រៀង​ទី​៦៤ លើ​ពិភពលោក ជា​បច្ចេកទេស​របស់​បារាំង សំរាប់​ព្យាករណ៍​អាកាសធាតុ ផ្សព្វផ្សាយ​ឱ្យ​ប្រជាជន​បានដឹង។ មួយវិញទៀត​បញ្ហា ប្រព័ន្ធ​ព័ត៌មាន​ប្រព័ន្ធ​ស្រោចស្រព (CISIS) ក្រសួង បាន​កសាងឡើង​និង​បានបញ្ចប់​ជា​បណ្តោះអាសន្ន យើង​និង​បន្ត​លំអិត​ថែមទៀត ។ CISIS នេះ​ជា​មូលដ្ឋាន​សំខាន់​ណាស់​សំរាប់ធ្វើ​ការអភិវឌ្ឍន៍​។​

​​​លោក ប៉ា​ប៉ា​ស៊ៀ​ន បាន​ជម្រាបជូន​ថា ក្នុង​ជំហាន​ទី​២ នេះ ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ គ្រោង​នូវ​កញ្ចប់​ថវិកា ប្រមាណ ២០០​លាន​អឺរ៉ូ បន្ថែមទៀត​សម្រាប់ ក្រសួង​ធនធានទឹក និង​ឧតុនិយម យកទៅ​អភិវឌ្ឍន៍​គម្រោង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​និង​ព្រែក នាំ​ដី​ល្បប់​នានា។

គម្រោង​ជំហាន​ទី ២ នេះ នឹងត្រូវ​អនុវត្ត​ក្នុង​រយៈពេល ៨ ឆ្នាំ ចាប់ពី​ឆ្នាំ ២០១៨ តទៅ ដោយ​បែង​ចែកចេញជា ៤ ដំណាក់កាល ។ លោក​បន្តថា សម្រាប់​ដំណាក់កាល​ទី​១ ឆ្នាំ ២០១៨២០១៩ ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹងមាន​កញ្ចប់​ថវិកា​សរុប​ប្រមាណ​ពី ៧១,៥​ដល់ ៧៣,៥ លាន​អ៉ឺ​រ៉ូ ។​

​​​លោក ប៉ា​ប៉ា​ស៊ៀ​ន បាន​ថ្លែង​បន្ថែម​ផ្តោតលើ​ប្រព័ន្ធធារាសាស្ត្រ​ខ្នាតតូច ដែល​អាច​ផ្តល់​ផលប្រយោជន៍​ផ្ទាល់​ដល់​ប្រជាកសិករ ជាពិសេស​ការ​មាន​កិច្ចសហការ​ណ៍​បញ្ជា​ទិញស្រូវ​ពី​ក្រុមហ៊ុន​អង្ករ​ផ្ទាល់​តែម្តង​៕