រុស្ស៊ី​​​ប្រើ​​សំឡេង​​វេតូ​​ជំទាស់​​នឹង​ការ​​ស៊ើប​អង្កេត​របស់​ UN លើ​សំណុំ​រឿង​​ការ​វាយប្រហារ​​អាវុធ​គីមី​​ក្នុង​ប្រទេស​ស៊ីរី​

110

ស៊ីរី៖ រុស្ស៊ី​បាន​ប្រើប្រាស់​​សំឡេង​​វេតូ​​ជំទាស់​​នឹង​ដំណោះ​ស្រាយ ​​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​​​អង្គការ​សហប្រជាជាតិ​​​ ដែល​នឹង​​​ត្រូវ​បន្ត​​ឲ្យ​មាន​ការ​​ស៊ើប​អង្កេត​​របស់​អន្តរជាតិ​មួយ ​នៅ​ក្នុង​រឿង​​ការ​វាយប្រហារ​​​​ដោយ​អាវុធ​គីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី។

​នេះ​​គឺ​ជា​លើក​ទី១០ ហើយ​ដែល​​ក្រុង​មូស្គូ​​ បាន​ប្រើប្រាស់​​សំឡេង​វេតូ​​របស់​ខ្លួន​​នៅ​ឯ​អង្គការ​សហប្រជាជាតិ ​​​​ក្នុង​គោល​បំណង​ដើម្បី​​គាំទ្រ​​សម្ព័ន្ធមិត្ត​​របស់​ខ្លួន​​ ចាប់​តាំង​​ពី​ជម្លោះ​​​បាន​ចាប់​ផ្ដើម​​មក​។ ​អគ្គរដ្ឋទូត​​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​​​លោក​ស្រី នីគី ហាឡី បាន​​ចោទ​​ប្រទេស​រុស្ស៊ី​ថា​ កំពុង​ធ្វើ​ឲ្យ​​ខូច​​ដល់​សមត្ថភាព​​របស់​អង្គការ​​ពិភពលោក​​ ដែល​កំពុង​ការពារ​មិន​​​ឲ្យ​មាន​ការ​វាយប្រហារ​​អាវុធ​គីមី​​នៅ​ពេល​អនាគត​នោះ​។ ដោយ​ឡែក​​​យន្តការ​ស៊ើប​អង្កេត​​រួម ​​ត្រូវ​បាន​បង្កើត​​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៥ ដើម្បី​កំណត់​​មុខ​សញ្ញា​​អ្នក​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ ដែល​ពាក់​ព័ន្ធ​​នឹង​ការ​វាយប្រហារ​​អាវុធ​គីមី​។ ​មាន​ន័យ​ថា ​វា​ជា​​បេសកកម្ម​​ផ្លូវ​ការ​តែ​ ១​គត់​​នៅ​ក្នុង​​ការ​ស៊ើប​អង្កេត​​ ទៅ​លើ​សំណុំ​រឿង​​ប្រើប្រាស់​​អាវុធ​គីមី​​ក្នុង​ប្រទេស​ស៊ីរី៕

​អត្ថបទ៖ មករា