មនុស្ស ២​នាក់​បាត់​បង់​ជីវិត​​ក្នុង​ពេល​ប៉ះទង្គិច​​​​គ្នា​រវាង​​នគរបាល​ជាមួយ​ក្រុម​អ្នក​តវ៉ា​​នៅ​ក្នុង​ប្រទេស​កេនយ៉ា​

199

កេនយ៉ា៖ អ្នក​ថត​​រូប​ភាព​វីដេអូ​​ម្នាក់​​របស់​សារព័ត៌មាន​រ៉យទ័រ​​​និយាយ​ថា កង​កម្លាំង​នគរបាល​​កេនយ៉ា​​បាន​បាញ់​ឧស្ម័ន​​បង្ហូរ​ទឹក​ភ្នែក​​ ទៅ​លើ​​ក្រុម​ដង្ហែក្បួន​​អ្នក​ដឹកនាំ​​ការ​ប្រឆាំង​​លោក​ រ៉ៃឡា អូឌីងហ្កា ​កាល​ពី​ថ្ងៃ​​សុក្រ​ម្សិលមិញ​។

​ការ​រារាំង​បាន​ធ្វើ​ឡើង​នៅ​ពេល​លោក អូឌីងហ្កា បាន​ចុះ​ពី​យន្តហោះ​​នៅ​ទីក្រុង​​ណៃរ៉ូប៊ី បន្ទាប់​ពី​បាន​​ទៅ​កាន់​សហរដ្ឋអាមេរិក ហើយ​ដែល​កង​នគរបាល​​កំពុង​ព្យាយាម​​​បញ្ឈប់ ​មិន​ឲ្យ​ទៅ​ដល់​សង្កាត់​ពាណិជ្ជកម្ម​នៅ​ក្នុង​ទីក្រុង​នេះ។ សេចក្ដីរាយការណ៍​​ដដែល​នេះ​បន្ត​ថា មនុស្ស ២​នាក់​បាន​បាត់​បង់​ជីវិត​ ខណៈ​នគរបាល​​ និង​ក្រុម​បាតុករ​​បាន​ប៉ះ​ទង្គិច​​គ្នា​ នៅ​លើ​ផ្លូវ​មួយ​​ចំណោម​ផ្លូវ​ជាតិ​សំខាន់​ៗ​មួយ​ចំនួន។ ​ក្រុម​អ្នក​គាំទ្រ​​លោក អូឌីងហ្កា​ មាន​បំណង​​ស្វាគមន៍​​រូប​គាត់​​ បើ​ទោះ​បី​មាន​ការ​ហាម​ឃាត់​អ្នក​តវ៉ា​​​នៅ​តាម​ផ្នែក​​ក្នុង​ក្រុង​នេះ​ក៏​ដោយ​ តែ​ពួក​គេ​​ត្រូវ​បាន​​កង​កម្លាំង​នគរបាល​​រុញ​ច្រាន​ឲ្យ​ត្រឡប់​​​​ក្រោយ​ ​ដោយ​ប្រើប្រាស់​កាណុង​បាញ់​ទឹក​ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​។ ស្រប​​ជា​មួយ​គ្នា​នេះ​​ពួក​គេ​មួយ​ចំនួន​​បាន​​គប់​ដុំ​ថ្ម​​ទៅ​លើ​នគរបាល​​​ដើម្បី​សង​សឹក។

​​ក្រុម​សិទ្ធិមនុស្ស​​និយាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៦៦​នាក់​បាន​បាត់​បង់​ជីវិត​​​ ដោយ​ការ​បង្ហូរ​ឈាម​​នៅ​ជុំ​វិញ​​ស្ថានីយ​​​បោះ​ឆ្នោត​​ ២​កន្លែង​កាល​ពី​​ពេល​​កន្លង​ទៅ​។ ​រដូវ​កាល​បោះ​ឆ្នោត​មាន​រយៈ​ពេល​​យូរ​បាន​​កកូរកកាយ​​​ ឲ្យ​មាន​ការ​បារម្ភ​​ដល់​ស្ថេរ​ភាព​នៅ​ប្រទេស​អាហ្វ្រិក​ខាង​កើត​មួយ​នេះ​ និង​រំខាន​ដល់​​ការ​ធ្វើ​សេដ្ឋកិច្ច​​របស់​ប្រទេស​នេះ​ទៀតផង​៕

​អត្ថបទ៖ រិទ្ធី