សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សួរសុខទុក្ខ​កូនក្មួយ​កម្មករ ៤,៦២៦​នាក់ នៅ​កោះ​ពេជ្រ​

72

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​តំណាង​កម្មករ និង​និយោជិក ៤,៦២៦​នាក់ មកពី​រោងចក្រ​ចំនួន​៦៩ នៅក្នុង​រាជធានី​ភ្នំពេញ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

សម្តេច​តេ​ជោ ហ៊ុន សែន សប្បាយរីករាយ​យ៉ាង​ខ្លាំង​ក្នុងពេលដែល​បាន​ជួបជុំ​តំណាង​កម្មករ​កម្ម​ការ​នី​នា​ពេល​ព្រឹក​នេះ​។ រហូតមកដល់​ពេលនេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​កម្មករ​ចំនួន​១៧​លើក​រួចហើយ ដែល​នេះ​គឺជា​លើក​ទី​១៨ ដោយ​ក្នុង​នោះ សម្តេច​តេ​ជោ ​បាន​អញ្ជើញ​ជួប​សំណេះសំណាល​នៅ​តំបន់​រោងចក្រ​ផ្ទាល់​ចំនួន​១១​លើក និង​ជាមួយ​តំណាង​កម្មករ និយោជិក​នៅ​កោះ​ពេជ្រ ចំនួន​០៧​លើក​។​

សព្វ​ថ្ងៃនេះ ​កម្ពុ​ជា​មាន​រោងចក្រ​កាត់​ដែរ ១,១០៧ ដែល​ពីមុន​មានតែ​៦៤​។ បើ​សរុប​រោងចក្រ​សហគ្រាស ទាំងអស់​គឺមាន​ចំនួន ១១,១៦៨ ដែល​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង ១​លាន នាក់​។ ដោយសារ​ស្ថេរភាព​នយោបាយ និង​សន្តិសុខ​សង្គម ព្រមទាំង​ការអនុគ្រោះ​ព​ន្ធ​ដល់​វិនិយោគទុន បរទេស​គឺ​បាន​ទាក់ទាញ​វិនិយោគិន​យ៉ាងច្រើន ដែល​បានផ្តល់​ការងារ​នឹង​ប្រាក់ចំណូល​សមរម្យ​ដល់ក​ម្មករ​។

ប្រាក់ខែ​កម្មករ​ពីមុន​គឺ​តែ​ជាង​៣០​ដុល្លារ​ប៉ុ​ណ្នោះ ហើយ​ត្រូវបាន​តម្លើង​ជា​បន្តបន្ទាប់​រហូត​បច្ចុប្បន្ន​នេះ គឺ​ប្រាក់​ឈ្នូ​ល​អប្ប​បរិ​មា​គឺ ១៥៣ ដុល្លារ ហើយ​នៅតែ​៤២​ថ្ងៃ​ទៀត​ទេ​(​ឆ្នាំ​២០១៨) បងប្អូន​កម្មករ កម្ម​ការ​នី នឹង​ទទួល​បាន​ប្រាក់បៀវត្សរ៍​ចំនួន ១៧០​ដុល្លារ (​ឡើង​១១%) បូករួម​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​សុំអោយ​កម្មករ​និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ចូលរួម​ថែ​រក្សា សន្តិភាព និង​ការអភិវឌ្ឍ​ដើម្បីអោយ​ប្រទេសជាតិ​កាន់តែ​រីកចម្រើន​។ បើ​គ្មាន​សន្តិភាព​គឺ​មិន​មាន​ការអភិវឌ្ឍ​នោះទេ ហើយ​ការអភិវឌ្ឍ​ក៏​មិនអាច​ខ្វះ​បាន​នូវ​សន្តិភាព​នោះទេ​។ ទន្ទឹម​នឹង​ការ​ដាក់ចេញ​នូវ​គោល នយោបាយ​ឧស្សាហកម្ម ២០១៥២០២៥ សម្តេច​ត​តេ​ជោ​បាន​ផ្តល់នូវ​អនុសាសន៍​សំខាន់ៗ​៥​ចំណុច ដល់​និយោជក និង​និយោជិក​ដើម្បី​ធ្វើការ​រួមគ្នា​ធានា​ដល់​លក្ខណៈ​ការងារ​និង​ប្រាក់ចំណូល​ល្អ​៖ ១)​ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព ស្ថេរភាព និង​សុវត្ថិភាព​សណ្តាប់ធ្នាប់​ស​ង្គ​ម​អោយ​បានល្អ​។​២)​រួមគ្នា​រក្សា​ការងារ និង​បង្កើត​ការងារ​ថ្មីៗ​ច្រើន​ថែមទៀត ដោយ​ធ្វើការ​ពង្រីក​និង​បង្កើន​ទីផ្សារ​បន្ថែម​។​៣)​រួមគ្នា​បង្កើន​ប្រាក់ចំណូល​ដោយ​ការបណ្តុះបណ្តាល​ចំណេះដឹង​បន្ថែម​ដល់ក​ម្មករ​។ រាជរដ្ឋាភិបាល នឹង​បន្ត​តម្លើង​ប្រាក់ខែ​កម្មករ​ជា​រៀងរាល់ឆ្នាំ កើន​ទាំង​ប្រាក់បៀវត្សរ៍​អប្ប​បរិ​មា និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​។ ចំពោះ​តម្លៃ​ទឹក ភ្លើង​វិញ ចាប់តាំងពី​ថ្ងៃទី​១ កញ្ញា ឆ្នាំ​២០១៧ កន្លងទៅនេះ គឺ​ថ្លៃ​ភ្លើង​បញ្ចុះ​មក​នៅត្រឹម​៤៥០៛ ក្នុង​១​គីឡូវ៉ាត់ម៉ោង សម្រាប់​ការប្រើ​ក្រោម​៥០​គីឡូវ៉ាត់ម៉ោង ក្នុង​១​ខែ និង​ថ្លៃ​ទឹកតែ​៧០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រ​គីប ។ សម្តេច​តេ​ជោ បាន​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​កុំ​តម្លើងថ្លៃ​ឈ្នួល​ផ្ទះ រយៈពេល​១​ឆ្នាំ (២០១៨) ដើម្បី​ជួយ​កម្មករ​យើង​មានលទ្ធភាព​រកប្រាក់​ចំណូល​បន្ថែម​ជួយ​ដល់​ជីវភាព រស់នៅ​កាន់តែ​ប្រសើរឡើង​។​៤)​ផ្តល់​របប​គាំពារ​សន្តិសុខ​សង្គម ដល់​កម្មករ​ចាប់ពី​ខែ មករា ២០១៨ នេះ គឺ​និយោជក (​ម្ចាស់​ក្រុមហ៊ុន​) នឹង​បង់ថ្លៃ​របប​សន្តិសុខ​សង្គម ១០០% ដល់ក​ម្មករ កម្ម​ការ​នី ដែល​បងប្អូន​អាច​នៅសល់​ប្រាក់ ប្រមាណ​ពី (,០០០៛១២,០០០៛​ក្នុង​១​ខែ​)​

ជាមួយគ្នានេះដែរ កម្មករ កម្ម​ការ​នី​យើង​ទាំងអស់ (​រួមទាំង​កម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូន​បើកបរ កសិកម្ម​…) គឺ​ទទួលបាន​ការពិនិត្យ​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥតគិតថ្លៃ​តាមរយៈ​មូលនិធិ​សមធម៌​។ សម្តេច​តេ​ជោ បាន​ណែនាំ​អោយ​ក្រុមហ៊ុន រៀបចំ​បង្កើត Clinic បន្ថែម​នៅតាម​រោងចក្រ​របស់ខ្លួន​ដើម្បី​ជួយ​ដល់ក​ម្មករ​។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​សំរាលកូន គឺ​ទទួលបាន​ការឈប់​សម្រាក​ពី​ការងារ រយៈពេល ៣​ខែ ហើយ​នៅ​ទទួលបាន​ប្រាក់ខែ ១២០%(៥០% ដោយ​ក្រុមហ៊ុន និង ៧០% ដោយ​បេឡា​ជាតិ​។​) លើសពីនេះទៅទៀត ចាប់ពី​ខែមករា ឆ្នាំ​២០១៨ នេះ​ទៅ សម្រាប់​កម្ម​ការ​នី​មាន​ផ្ទៃពោះ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​នៅពេល​សម្រាលកូន ដោយ​អ្នក​សម្រាល​បានកូន​១​ទទួលបាន​៤០​ម៉ឺន​រៀល អ្នក​សម្រាល​បានកូន​ភ្លោះ​ទទួលបាន​៨០​ម៉ឺន​រៀល និង​អ្នក​សម្រាល​កូនភ្លោះ​៣ គឺ​ទទួលបាន​១​លាន​២០​ម៉ឺន​រៀល​រួម​នឹង​ការឧបត្ថម្ភ​បន្ថែមទៀត​ពីស​ម្ដេច​តេ​ជោ​ចំនួន​៤​លាន​រៀល​។

សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់ សារជាថ្មី​ថា ក្មួយៗ​កម្មករ​កម្ម​ការ​នី​ទូទាំងប្រទេស នឹង​ទទួលបាន​សេវា​ជិះឡាន​ក្រុង​សាធារណៈ FREE រយៈពេល​២​ឆ្នាំ (​ពី​ខែសីហា ២០១៧-​សីហា ២០១៩)​។ នៅ​ឆ្នាំ ២០១៩ ខាងមុខនេះ កម្មករ​ទាំងអស់ នឹងមាន​ប្រាក់​សោធន​និវត្តន៍ (​ប្រាក់​រឺ​ត្រែ​ត​) ដែល​នឹង​ទទួលបាន​ចំនួន ៨០% នៃ ប្រាក់ខែ​ដែល​ខ្លួន​ធ្លាប់ បានទទួល​ពេល​នៅ​ធ្វើការ​ចុងក្រោយ ។​

)​បន្ត​ផ្តល់​កិច្ច​គាំពារ​និង​យកចិត្តទុកដាក់​ចំពោះ​កម្មករ កម្ម​ការ​នី​ដែល​កំពុងធ្វើការ​នៅក្រៅ​ប្រទេស ដោយ​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រទេស​ដៃគូ​ដើម្បី​ផ្តល់នូវ​ល​ក្ខ័​ណ្ឌ​ការងារ​ល្អៗ ព្រមទាំង​ជួយ​សម្រួល នូវ​លិខិតបទដ្ឋាន​នានា​ដែល​ពាក់​ព័​ន្ឋ​នឹង​ការងារ​របស់​ក្មួយៗ​កម្មករ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គាំទ្រ​និង​លើកទឹកចិត្ត​ជំរុញ​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​និង​ជំនាញ​ផ្សេងៗ​ដល់​ពលករ​ទូទៅ​ដើម្បី​ពង្រឹងសមត្ថភាព​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ និង​ដើម្បី​ងាយស្រួល​ក្នុង​ការរក​ការងារ​ធ្វើ​បន្ត​នាពេល​អនាគត ប្រសិនបើ​បាត់បង់​ការងារ​។

ទន្ទឹមនឹង​នោះដែរ គឺ​សម្តេច​ប្រមុខ​ដឹកនាំ​បាន​ណែនាំ​ដល់​គ្រប់​ស្ថានទូត​កម្ពុជា​ដែលមាន​ពលករ​ធ្វើការ​នៅក្រៅ​ប្រទេស ត្រូវធ្វើ​ការតាមដាន​ស្ថានភាព​ការងារ​ពលករ​ជាប្រចាំ ដូចជា​ស្ថានភាព​រស់នៅ និង​ផល​លំបាក​ផ្សេងៗ​របស់​ពលករ ដើម្បី​រក​វិធី​ដោះស្រាយ​ជូន​បងប្អូន​អោយបាន​ទាន់ពេលវេលា​។​

មុននឹង​បញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ជូនពរ​កូនក្មួយ​កម្មករ កម្ម​ការ​នី និង​និយោជក​ទាំងអស់​ដែល​បាន​ចូលរួម​សំណេះសំណាល​ក្នុងថ្ងៃនេះ​។ សម្តេច​តេ​ជោ ក៏បាន​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​មួយចំនួន​ដល់​កូនក្មួយ​កម្មករ​និង​កម្ម​ការ​នី​មាន​ផ្ទៃពោះ​ចំនួន ៣១៦​នាក់ ក្នុង​បរិយាកាស​ស្និទ្ធស្នាល រីករាយ និង​កក់ក្តៅ​ក្រៃលែង​៕​