កុមារ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​ជំរំ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ត្រូវ​ការ​ជំនួយ​​, ការថែទាំ​សុខភាព និង​ការ​អប់រំ

58

បង់ក្លាដែស៖ ​ការ​ផ្ដល់​អាហារូបត្ថម្ភ​ការថែទាំ​សុខភាព និង​ការអប់រំ​ឲ្យ​បាន​ត្រឹមត្រូវ​ដល់​កុមារ​ជន​ភៀស​ខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ កំពុង​ក្លាយ​ជា​បញ្ហា​ប្រឈម​ខ្លាំង​ក្នុង​ជំរំ​នានា​នៅ​ប្រទេស​បង់​ក្លា​ដែ​ស។ ​​ក្នុង​ជំរំ​ខូ​ក​បា​ហ្សា​របស់​ប្រទេស​បង់​ក្លា​ដែ​ស ក្រុម​ជនភៀសខ្លួន​បាន​តម្រង់​ជួរ​គ្នា​រង់ចាំ​ជាច្រើន​ម៉ោង ដើម្បី​ទទួល​បាន​អាហារ​នៅ​កន្លែង​ឧបត្ថម្ភ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ទី​ភ្នាក់ងារ​ផ្ដល់​ជំនួយ​។​

​មនុស្ស​ជាច្រើន​នៅ​ក្នុង​ជួរ​ជា​កុមារ​គ្មាន​អាណាព្យាបាល​នៅ​ជាមួយ​។ តាម​ធម្មតា​ពួក​គេ​ត្រូវ​ឈរ​រាប់​ម៉ោង ទោះបី​ពួកគេ​មិន​ត្រូវ​បាន​ធានា​ថា​នឹង​ទទួល​បាន​អាហារ ​និង​របស់​ផ្សេងៗ​តាម​តម្រូវការ ដោយសារតែ​មនុស្ស​ដែល​ត្រូវការ​ជំនួយ​ចេះតែ​កើន​ឡើង​ក៏ដោយ។​ ​លោក ហ្សេ​លី តា​ក្រាល អ្នក​នាំ​ពាក្យ​សម្រាប់​អង្គការ​ស្បៀងអាហារ​ពិភពលោក​លើក​ឡើង​ថា ម្នាក់​ក្នុងចំណោម​កុមារ​ ៤​នាក់កំពុង​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ។ ចំនួន​នេះ​កំពុង​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ ហើយ​នោះ​ជា​អ្វី​ដែល​យើងចាំបាច់​ត្រូវ​យក​ចិត្តទុកដាក់​។​ យើង​ត្រូវតែ​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​បាន​ផ្ដល់​របប​អាហារូបត្ថម្ភ​ដល់​កុមារ​ និងស្ត្រី​មាន​ផ្ទៃពោះ ក៏ដូចជា​ស្ត្រី​កំពុង​បំបៅ​កូន​ដោយ​ទឹកដោះ។

​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង​ ៨​សែន​នាក់​បាន​រត់​គេច​ខ្លួន ​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ាទៅប្រទេសបង់​ក្លា​ដែ​ស ហើយ ​៣​នាក់​ក្នុងចំណោម​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ​៥​នាក់​ជា​កុមារ​។ យោងតាមការ​ស្រាវជ្រាវ​មួយ​ឲ្យ​ដឹង​ថា មាន​មនុស្ស​យ៉ាងហោចណាស់ ១០០០​គ្រួសារ ជា​កុមារ​ដែលគ្មាន​អ្នកមើលថែ ដែល​មានន័យថា​ឱ​ពុក​ម្ដាយ​របស់​ពួកគេត្រូវ​បាន​សម្លាប់ និង​វង្វេងផ្លូវ​។​ ​សម្រាប់​កុមារ​ជា​ជនភៀសខ្លួនការ​ខ្វះ​អាហារូបត្ថម្ភ​គឺជាក្ដី​បារម្ភ​មួយ ​ប៉ុន្តែ​ការ​រស់នៅក្នុងស្ថានភាព​គ្មាន​អនាម័យក្នុង​ជំរំនេះ​ មានន័យថាពួកគេ​កំពុង​ប្រឈម​ខ្លាំង​ទៅ​នឹងការ​រីករាលដាល​ប្រភេទ​ជំងឺ​ផ្សេងៗ ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ត្រូវការ​ទឹក​ស្អាត​ប្រើប្រាស់​ចំនួន​ ៩​លានម៉ែត្រ​គីបជា​រៀងរាល់ថ្ងៃ​៕
អត្ថបទ៖ សុខ​មាន