មនុស្ស ៥០​នាក់​បាត់​បង់​ជីវិត​ក្នុង​ការ​​បំផ្ទុះ​​គ្រាប់​បែក​អត្តឃាត​​​នៅ​វិហារ​អ៊ីស្លាម​មួយ​​កន្លែង​ក្នុង​ប្រទេស​​នីហ្សេរីយ៉ា

42

នីហ្សេរីយ៉ា៖ ក្មាន់​គ្រាប់បែក​អត្តឃាត​​ម្នាក់​ បាន​សម្លាប់​​មនុស្ស​យ៉ាង​​ហោច​ណាស់​ ៥០​នាក់​ នៅ​ភាគ​ឦសាន​​ប្រទេស​​នីហ្សេរីយ៉ា​​កាល​ពី​​ថ្ងៃ​​អង្គារ​ម្សិលមិញ​ ក្នុង​ការ​វាយប្រហារ​​​ទៅ​លើ​​​វិហារ​​អ៊ីស្លាម​​មួយ​​កន្លែង​​​ ដែល​ជា​និមិត្ត​​រូប​ដ៏​សំខាន់​​របស់​បក្ស​ពួក ​​ក្រុម​សកម្ម​ប្រយុទ្ធ​​អ៊ីស្លាម​​បូកូហារ៉ាម។

ការ​វាយប្រហារ​​​បំផ្ទុះ​គ្រាប់​​បែក​អត្តឃាត​មួយ​នេះ ​​នៅ​ក្នុង​តំបន់​​មូប៊ី​នៃ​រដ្ឋ​​អាដាម៉ាវ៉ា​ជា​ហេតុការណ៍​​មួយ ​ក្នុង​ចំណោម​ហេតុការណ៍​ដ៏​អាក្រក់​​បំផុត នៅ​​ភាគ​ឦ​សាន​ប្រទេស​នេះ​ចាប់​តាំង​ពី​លោក​​ប្រធានាធិបតី​​ មួហាមម៉ាឌូ ប៊ូហារី​ ឡើង​កាន់​អំណាច​​ក្នុង​ឆ្នាំ​២០១៥ ​ដែល​បាន​​សន្យា​បំបាត់​​ក្រុម​បះបោរ​​បូកូហារ៉ាម​​ដែល​​កើត​មាន​​អស់​ ៨​ឆ្នាំ​​មក​ហើយ​ និង​បាន​​វាយប្រហារ​​ជា​​​​ច្រើន​លើក​​ទៅ​លើ​​ជន​ស៊ីវិល​ និង​​​លើ​គោល​ដៅ​​កង​ទ័ព​​មួយ​ចំនួន​។

ការ​វាយប្រហារ​​​ទាំង​នេះ​បាន​​ធ្វើ​ឲ្យ​មនុស្ស​​យ៉ាង​ហោច​ណាស់​ ២៧៨នាក់​​បាត់​បង់​ជីវិត​​​ក្នុង​ឆ្នាំ​២០១៧ ​នេះ​ នេះ​​បើ​យោង​តាម​​​តួ​លេខ​​ដែល​បញ្ជាក់​​​​ដោយ​អ្នក​​សារព័ត៌មាន​​រ៉យធឺ​ ហើយ​ការ​វាយប្រហារ​​នា​ពេល​​ចុង​ក្រោយ​​បំផុត​នេះ​​ នៅ​មិន​ទាន់​មាន​ការ​អះអាង​​ទទួល​ខុស​ត្រូវ​ពី​ក្រុម​ណា​មួយ​​នៅ​ឡើយ​ទេ៕​​

អត្ថបទ៖ រិទ្ធី