Felipe Massa នឹង​ប្រណាំង​ទីលាន​ចុងក្រោយ​ចុង​សប្ដាហ៍​នេះ​

43

ប្រណាំង​រថយន្ត៖ ​Felipe Massa នឹង​បញ្ចប់​អាជីព Formula One របស់​ខ្លួន​ចុង​សប្ដាហ៍​នេះ​ហើយ ក្រោយ​បញ្ចប់​ការប្រកួត​ទីលាន​ចុងក្រោយ Abu Dhabi អារ៉ាប់​រួម បន្ទាប់ពី​ចំណាយ​ពេល​ជិត 20ឆ្នាំ​លើ​ប្រភេទ​កីឡា​កាំជ្រួច​លើគោក​មួយ​នេះ​។

​​ការ​សំរេច​ចាកចេញ​របស់ Felipe Massa មានន័យថា ​រដូវ​កាល​ក្រោយ​នឹង​មិន​មាន​វត្តមាន​កីឡាករ​ប្រេ​ស៊ី​ល​ឡើយ ដែល​ជា​លើកដំបូង​រាប់​ពី​ទសវត្ស​ឆ្នាំ1960s​។ ចាប់ពី​ឆ្នាំ​នោះ​មក​ប្រេ​ស៊ី​ល​មាន​កីឡាករ​ឆ្នើម​ ដែល​ឈ្នះ​ជើងឯក​ពិភពលោក​ច្រើន​សម័យ​ដូចជា Emerson Fittipaldi, Nelson Pique និង Ayrton Senna​។ ​Felipe Massa ប្រហែល​មិន​អាច​ប្រៀបធៀប​សមិទ្ធផល​របស់​ខ្លួន ​ជាមួយ​កំពូល​អ្នក​ប្រណាំងប្រេ​ស៊ី​ល​ទាំង​បី​នោះឡើយ តែ​ក៏​អ្នកគាំទ្រ​ប្រេ​ស៊ី​ល​នៅតែ​កោតសរសើរ និងលើកទឹកចិត្ត​កីឡាករ​វ័យ 36ឆ្នាំនេះ​ជានិច្ច​។​​ ​Felipe Massa បាន​ចាប់ផ្ដើម​អាជីព F1 នៅ​ឆ្នាំ2002 ជាមួយ​ក្រុម Red Bull Sauber Petronas គិត​មកដល់ពេលនេះ​គេ​ប្រកួត​បាន 268ទីលាន​។

នេះ​ជា​ចំនួន​ប្រកួត​ច្រើន​បំផុត​ទី6 ដែល​កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ​ឆ្លងកាត់ ពោល​គឺ​មានតែ​កីឡាករ​ប្រាំ​នាក់​ប៉ុណ្ណោះ​ដែល​ប្រកួត​បាន​ច្រើនជាង Massa គឺ Ruben Barrichello, Jenson Button, Michael Schumacher, Fernando Alonso និង Kimi Raikkonen​។ រដូវ​កាល​ជោគជ័យ​បំផុត​របស់ Felipe Massa គឺ​ឆ្នាំ2008 ជាមួយ Ferrai ដោយ​បញ្ចប់​ជា​ជើងឯក​រង​ចាញ់​អ្នក​លេខ1 Lewis Hamilton តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ