មនុស្ស ៣២​នាក់​បាត់​បង់​ជីវិត និង ៨០​នាក់​​រង​របួស​​​ក្នុង​ការ​បំផ្ទុះ​​​​​រថយន្ត​​អត្តឃាត​នៅ​ភាគ​ខាង​​ជើង​ប្រទេស​អ៊ីរ៉ាក់​​​

317

អ៊ីរ៉ាក់​៖ ​ប្រភព​ពី​នគរបាល និង​ក្រុម​គ្រូពេទ្យ​ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ មនុស្សយ៉ាង​ហោច​ណាស់​ ៣២​នាក់​បាន​បាត់​បង់ជីវិត និង​ ៨០​នាក់​រង​របួស នៅ​ពេល​ក្មាន់​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់ បំផ្ទុះ​គ្រាប់​បែក​លើ​រថយន្ត​ដឹកទំនិញមួយ​គ្រឿង​ជិតផ្សារ​ ដែលមាន​មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​កកកុញក្នុង​ភាគខាងជើង​ទីក្រុង Tuz Khurmatu របស់ប្រទេស​អ៊ីរ៉ាក់។​

​​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​និយាយ​ថា ការ​ផ្ទុះ​ដ៏​ខ្លាំងបានកើតឡើង​ជិតផ្សារ​បន្លែ ​ក្នុង​ទីក្រុងសំបូរ​ដោយ​អ៊ីស្លាម​សាសនិក​និកាយ​ស៊ី​អ៊ី​ត នៃ​តំបន់របស់​ពួក​ Turkmen ភាគ​ខាង​ត្បូងទីក្រុង Kirkuk។​ ​ប្រភព​ពីនគរបាល និងក្រុម​គ្រូពេទ្យ​បាន​ប្រាប់​សារព័ត៌មាន Reuters ថា អ្នក​បាត់បង់ជីវិត​ភាគច្រើន​ជា​ជន​ស៊ីវិល។​ ចំនួន​អ្នក​បាត់​បង់​ជីវិត​ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើង ព្រោះ​អ្នករបួស​ភាគច្រើន​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​ ​មិន​មាន​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​ទេ​។

ការ​បំផ្ទុះគ្រាប់បែក​អត្តឃាត​ភាគច្រើន​ជា​ស្នាដៃ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម ហើយក្រុម​មន្ត្រីសន្ត​សុខ​អ៊ីរ៉ាក់និយាយ​ថា ការវាយប្រហារ​នេះ​ទំនងជា​ការប្រកាស​សកម្ម​ភាព​បះបោរ ​បន្ទាប់ពី​ការប្រកាសតំបន់ព្រះ​ចៅ​កាលី​ហ្វ ដែល​ប្រកាស​ដោយ​ខ្លួនឯង​នោះបានដួល​រលំ ហើយក្រុមសកម្ម​ប្រយុទ្ធ​របស់​ខ្លួនត្រូវ​បាន​បញ្ចេញ​ ចេញពីដែនដី​នានា​ដែលពួកគេ​បាន​គ្រប់គ្រង៕
​អត្ថបទ៖ សុខ​មាន