ចិន​គ្រោង​បង្កើត​មជ្ឈមណ្ឌល​វិស័យ​ទឹក​ស្អាត​ជាច្រើន​ផ្នែក ​ជួយ​ដល់​កម្ពុជា

118

 

ភ្នំពេញ ៖ ​​ កម្ពុជា​-​ចិន នឹង​អនុវត្តន៍​អនុស្សារណៈ​យោគយល់​គ្នា ​នៅក្នុង​កិច្ចសហការ ដើម្បី​បង្កើត​មជ្ឈមណ្ឌល ​បណ្តុះបណ្តាល ​និង​ស្រាវជ្រាវ​វិស័យ​ទឹកស្អាត​ ដោយ​ប្រើប្រាស់​គម្រោង​ថវិកា​នៃ​គោល​នយោបាយ ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ​របស់​រដ្ឋ​ចិន និង ​ការជួយ​បង្កើត​មជ្ឈមណ្ឌល​ពិសោធន៍​ទឹក​ស្អាត​ធំ​មួយ នៅ​រាជធានី​ភ្នំពេញ ​និង​ឈាន​ទៅដល់​បណ្តា​ខេត្ត​នានា​ផ្សេងទៀត​។

លោក​បណ្ឌិត ឆាយ អ៊ីង​ឡុង (Cai Yunlong) តំណាង​មកពី​ក្រុមហ៊ុន Shanghai Micro-Purification Co,Ltd បាន​ថ្លែង​លើកឡើង ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ​ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង ​ឧស្សាហកម្ម និង​សិប្បកម្ម នៅ​ទីស្តីការក្រសួង ​ថ្ងៃទី​២១ ខែ វិច្ឆិកា ឆ្នាំ​២០១៧ នេះ​ថា បន្ទាប់ពី​អនុស្សារណៈ​យោគយល់ គ្នា ត្រូវ​បាន​ចុះហត្ថលេខា​រួច កាលពី​ខែកក្កដា ​ឆ្នាំ​២០១៧ កន្លង​ទៅនេះ ភាគី​ទាំងពីរ​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ក្នុង​កម្រិត​បច្ចេកទេស ដើម្បី​ពន្លឿន​កិច្ចការ​ចាំបាច់​មួយ​ចំនួន ដែល​មាន​ចែង​ក្នុង​អនុស្សារណៈ ​នៃ​ការយោគយល់​គ្នា រួមមាន​ដូចជា ការ​ខិតខំ​បញ្ចប់​ ពង្រាង​បទដ្ឋាន​គុណភាព​ទឹក ការ​ធ្វើ​វីដេអូ​ក្លិប​ស្តីពី​បញ្ហា​ទឹក កា​ត្រៀម​បើក​វគ្គ​បណ្តុះបណ្តាល​លើ​វិស័យ​ទឹកស្អាត ​និង​ការ​ត្រៀម​បង្កើត​មជ្ឈមណ្ឌល​ពិសោធន៍ ​លើ​វិស័យ​ទឹក​ស្អាត​ជាដើម ។

លោក​បណ្ឌិត ​បាន​បញ្ជាក់ថា​ សម្រាប់​គោលបំណង​នៃ​ជំនួប​ពិភាក្សា​នេះដែរ ​គឺ​ដើម្បី​ជម្រាប​ជូន​ពី​វឌ្ឍនភាព ​នៃ​ការ​អនុវត្តន៍​អនុស្សារណៈ​យោគយល់​គ្នា រវាង​ភាគី​ទាំងពីរ​កម្ពុជា​-​ចិន ​ក្នុង​កិច្ចសហការ​អភិវឌ្ឍន៍​វិស័យ​ទឹកស្អាត ​នៅ​កម្ពុជា ​ដោយ​ផ្តោត​ជាពិសេស​ទៅលើ​ការ​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​វិស័យ​ទឹក​ស្អាត​កម្ពុជា​-​ចិន ​នៅក្នុង​គម្រោង​ប្រើប្រាស់​ថវិកា​នៃ​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ របស់​រដ្ឋាភិបាល​ចិន​ផងដែរ​។

ចំណែក​លោកស្រី យ៉ាង ម៉ី​ង សាស្ត្រាចារ្យ​នៃ​សភា​វិទ្យាសាស្ត្រ​ចិន និង​ជា​អ្នក​ទទួលបន្ទុក​ជំនួយ​អនុវត្ត​គោល ​នយោបាយ​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់​រដ្ឋ​ចិន ​បាន​លើកឡើងថា ​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​នេះ ​លោក នាយក​នៃ​សភា​វិទ្យាសាស្ត្រ​ចិន​ បាន​បង្ហាញ​ពី​ជំហរ​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុង​ការ​ជួយ​បង្កើត​មជ្ឈមណ្ឌល​ពិសោធន៍​ទឹកស្អាត ​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ ​នឹង​ឈាន​ទៅ​បង្កើត​ទៅដល់​បណ្តា​ខេត្ត​ទៀត ​ក្នុងនោះ​នៅ​ខែមករា ​ដើមឆ្នាំ​ក្រោយ លោក សាស្ត្រាចារ្យ នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ជួបពិភាក្សា​ការងារ​លម្អិត ​ជាមួយ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ​ចម ប្រសិទ្ធ ផ្ទាល់​នៅ​លើ​គម្រោង​អភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​នេះ ។

ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​នូវ​អំណរ​គុណ​ដ៏​ខ្ពង់ខ្ពស់ ​ ចំពោះ​វឌ្ឍនភាព​នៃ​ការអនុវត្តន៍​អនុស្សារណៈ​យោគយល់​គ្នា រវាង​ភាគី​ទាំងពីរ​ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ចិន​ដែល​បាន​បញ្ជូន​សាស្ត្រាចារ្យ​ជំនាញ ​មក​ធ្វើ​បទ​ឧទ្ទេសនាម ទាក់ទង​វិស័យ​ទឹកស្អាត ​ជូន​ដល់​សមាជិក​អង្គ​សន្និសីទ ស្តីពី ​ទឹក​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​នេះ​ ដែលជា​ផ្នែក​មួយ​បង្កើន​ចំណេះដឹង និង​បទ​ពិសោធន៍ ​ថ្មីៗ ដល់​មន្ត្រី​ក៏ដូចជា​ប្រតិបត្តិ​ករ ទឹកស្អាត​ទាំង​វិស័យ​រដ្ឋ និង​ឯកជន​ផងដែរ ។ ​ចំណែក​ទាក់ទង​និង​ការ​បង្កើត​មជ្ឈមណ្ឌល​ពិសោធន៍​ទឹក​វិញ ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស្នើសុំ​ជួយ​ជា​កញ្ចប់​តែម្តង រួមមាន​ទាំង​មជ្ឈមណ្ឌល សំភារៈ ​បច្ចេកទេស និង​ការងារ​បណ្តុះបណ្តាល ​ជាដើម ដើម្បី​ឲ្យ​កម្ពុជា​ឈាន​ទៅរក​វឌ្ឍនភាព​ថ្មី ក្នុងការ​គ្រប់គ្រង​លើ​វិស័យ​ទឹកស្អាត ៕