Ronaldo បំបែក​កំណត់ត្រា​មួយទៀត​ក្រោយ​ស៊ុត​ពីរ​គ្រាប់​ឲ្យ Real Madrid យក​ឈ្នះ APOEL 6-0

111

បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រ​ទូ​ហ្កា​ល់ Cristiano Ronaldo បាន​បំបែក​កំណត់ត្រា​ថ្មី​មួយទៀត Champions League ក្រោយស៊ុត​ពីរ​គ្រាប់​ឲ្យ Real Madrid យកឈ្នះ​ម្ចាស់ផ្ទះ APOEL Nicosia 6-0​។

​​Ronaldo រក​បាន​ពីរ​គ្រាប់​នៅ​វគ្គ​ទី​ពីរ ដែល​ជា​គ្រាប់​ទី18 របស់​គេ​នៅ UEFA Champions League ក្នុង​ប្រតិទិនឆ្នាំ2017 នេះដែល​ជា​កំណត់ត្រា​ថ្មី​មួយ​។ 18គ្រាប់​នេះ Ronaldo បានមកពី​ការប្រកួត 1០លើក​ក្នុង​ឆ្នាំ 2017 នេះ ដែល​ធ្វើឲ្យ​សរុប​គេ​មាន 113គ្រាប់​នៅ Champions League 16គ្រាប់​ច្រើនជាង Lionel Messi​។​ ​ជ័យជំនះ 6-0 លើ​ម្ចាស់ផ្ទះ APOEL Nicosia យប់​ម៉ិ​ញ​បាន​ធានា​កៅអី​នៅ​វគ្គ 16ក្រុម ដែល​ជា​ជ័យជំនះ​ក្រៅ​ដី​ធំបំផុត​របស់ Real Madrid រដូវ​កាល​នេះ​ដែល​ជា​រដូវ​កាល​ដ៏​អាប់អួ​មួយ​របស់​ក្រុម​ជើងឯក La Liga និង Champions League មួយ​នេះ​។

ទោះបី​នៅសល់​មួយ​ប្រកួត​ទៀត​ទើប​បញ្ចប់​វគ្គ​វិល​ជុំ​ក៏ដោយ Real Madrid បាន​ធាន​ត្រឹម​តំណែង​លេខ2 ប៉ុណ្ណោះ ខណៈ Spurs យកឈ្នះ Borussia Dortmund យប់​ម៉ិ​ញ​ធានា​បាន​តំណែង​លេខ​មួយ​ក្នុង​ពូ​ល​។ ក្រុម​លេខ2 ក្នុង​ពូ​ល នឹង​ត្រូវ​ចាប់ឆ្នោត​ឲ្យ​ជួប​ក្រុម​លេខ1 ក្នុង​ពូ​ល​នៅ​វគ្គ 16ក្រុម​ចុងក្រោយ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ