អ្នក​ជំនាញ​ អះអាងថា​ សហគ្រាស​ខ្នាតតូច​ និង​មធ្យម​ត្រូវ​ពង្រឹង​សមត្ថភាព​ទាំង​ការផលិត ​និង​ការ​វេចខ្ចប់

42

ភ្នំពេញ ​៖ អ្នក​ជំនាញ​ បាន​ទទូច​ឲ្យ​សហក្រាស ​ក្នុងស្រុក ​ដែល​ជា​ផលិតករ​អ្នក​ផលិត​គួរតែ​ពង្រឹង​សមត្ថភាព​ ទាំង​ការ​វេច​ខ្ចប់ ​ដើម្បី​ឈាន​ដល់​ការប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំចូល​។

លោក​ឧកញ៉ា តែ តាំង​ប៉​ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​ បាន​ថ្លែង​ថា​សហគ្រាស ​ខ្នាត​តូច ​នៅ​កម្ពុជា​ភាគច្រើន​ ដែល​ផលិត​ជា​លក្ខណៈ​គ្រួសារ​ត្រូវ​ទាមទារ​ឲ្យ​ពង្រឹង​សមត្ថភាព​ បន្ថែមទៀត ​លើ​ស្តង់ដារ​ និង​ការផលិត ​ ដោយសារតែ​បច្ចុប្បន្ននេះ ​ម្នាក់ៗ​ផលិត​ជា​គ្រួសារ ​នឹង​មិន​អាច​ក្លាយ​ជា​ក្រុមហ៊ុន​ស្តង់ដារ​នៅឡើយ​។

លោក​ឧកញ៉ា ​ប​ន្ត​ទៀត​ថា​ សម្រាប់​សម្ព័ន្ធ​សមាគម​សហគ្រាស​ខ្នាតតូច​ និង​មធ្យម​តែងតែ​ណែនាំ​ឲ្យ​ផលិត​គិត​ទាំង​វេច​ខ្ចប់​ ឲ្យ​មាន​ស្តង់ដារ ​និង​សព្វថ្ងៃនេះ​ មាន​ផលិតផល​តិចតួច​​នៅឡើយ​ដែល​អាច​នាំចេញ​ បាន​ទៅ​ក្រៅ​ប្រទេស​។

លោក​ឧកញ៉ា ​បាន​មានប្រសាសន៍ថា ​បច្ចុប្បន្ននេះ​ រាជរដ្ឋាភិបាល​កម្ពុជា ​តាមរយៈ ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម ​សម្ព័ន្ធ​សហគ្រាស​ធុន​តូច​និង​មធ្យម ​បាន​ប្រឹងប្រែង​ពង្រឹង​ពួកគាត់​ជំរុញ​ការផលិត​ឲ្យ​បាន​តាម​ស្តង់ដារ ​ដែល​អាច​នាំចេញ​បាន​ ហើយ​ស្តង់ដារ​របស់​អាស៊ាន​គេ​ទាមទារ​ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​។

លោក​ឧកញ៉ា​ បាន​អះអាង​ទៀតថា ​សព្វថ្ងៃនេះ ​អ្វីដែល​គួរ​ឲ្យ​បារម្ភ​បន្ថែមទៀត ​គឺ​ផលិតផល​ខ្មែរ​នាំ​ចូល​ទៅ​គេ​មានការ​លំបាក​ និង​គេ​នាំចូល​មកវិញ​មាន​ភាព​ងាយស្រួល ​ហើយ​បញ្ហា​នេះ​គួរតែ​នាំគ្នា​ប្រឹងប្រែង​ ព្រោះ​កម្ពុជា​បាន​ចូល​ជា​សមាគម​សេដ្ឋកិច្ច​អាស៊ាន​រួចហើយ​ដែរ​។

លោក​ឧកញ៉ា​ បាន​បន្ថែមថា ​ការ​ជំរុញ​ឲ្យ​សហគ្រាស​ក្នុងស្រុក​នោះ ​ខាង​សម្ព័ន្ធ​សហគ្រាស​ខ្នាតតូច​និង​មធ្យម ​តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​ជារឿយៗ ​ដល់​ផលិតករ​ និង​សមាជិក​ឲ្យ​ពង្រឹង​ការផលិត​ឲ្យ​មាន​ស្តង់ដារ​។

ចំណែក​សោម សម្បត្តិ នាយក​ប្រតិបត្តិ​ នៃ​សហគ្រាស​ផលិត​ថ្នាំ​ពណ៌​ជាតិ​ខាំ​ផែន ​បាន​ថ្លែងថា​ សហគ្រាស​ខ្នាតតូច​ និង​​មធ្យម​នៅ​កម្ពុជា​ភាគ​ច្រើនបំផុត​គ្មាន​ផែនការ​អាជីវកម្ម​ និង​មិន​ដឹង​ធ្វើ​ពី​ណា​ទៅនោះ​ទេ ។ ដូច្នោះ​យុទ្ធសាស្ត្រ​ជា​មែកធាង ​នៃ​ផែនការ ​សម្រាប់​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ពួកគាត់ ដែល​មិន​អាច​ធ្វើ​ឲ្យ​សេវាកម្ម​ផលិត​ត្រូវ​តាម​សេចក្តីត្រូវការ​របស់​អតិថិជន​ និង​មិន​អាច​ឲ្យ​ក្រុមហ៊ុន​ដើរទៅ​មុខ​បាន​។

លោក​ បាន​បន្តថា​ ការពង្រឹង​សមត្ថភាព​ដល់​ពួកគាត់​ជា​រឿង​សំខាន់​ណាស់ ​ដើម្បី​ឲ្យ​ម្ចាស់​អាជីវកម្ម​អាច​មាន​ប្រាក់ចំណេញ និង​ដើរ​ទៅមុខ​បាន ​ហើយ​លើស​ពីនេះ​ការ​កសាង​ធនធានមនុស្ស​ជា​រឿង​មួយ​ដែល​គួរតែ​កុំ​មើល​រំលង ព្រោះ​ក្រុមហ៊ុន​នីមួយៗ​ត្រូវការ​ធនធាន​សម្រាប់​អភិវឌ្ឍន៍​ក្រុមហ៊ុន​។

លោក​ បាន​បញ្ជាក់ថា​ បើសិនជា​អ្នក​ផលិត​យើង​ផលិត​មិន​មាន​ស្តង់ដារ​គឺ​មិន​អាច​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល​បាន​ឡើយ​។​ បញ្ហា​នេះ ​បើ​មិន​អាច​ផ្លាស់ប្ដូរ​បានទេ​គឺ​មិន​អាច​ប្រកួតប្រជែង​ជាមួយ​គេ​បានទេ ។

សហគ្រាស​ធុន តូច​និង​មធ្យម​បាន​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ និង​បាន​ស្រូប​កម្លាំង​ពលកម្ម​ប្រមាណ ៧៣% ​ហើយ​ធាតុ​សំខាន់​របស់​សហគ្រាស​បាន​រំលេច​ចេញ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​៣ ​របស់​រាជរដ្ឋាភិបាល ​និង​គោល​យោ​បាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ផងដែរ​៕