ការ​រីកចម្រើន​ នៃ​វិស័យ​ហិរញ្ញវត្ថុ​ជំរុញ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ

40

ភ្នំពេញ ៖ ​ក្រោយពី​ប្រទេស​កម្ពុជា​ បាន​ផ្តល់​នូវ​សុខ​សន្តិភាព ​ស្ថិរភាព​នយោបាយ​​បានល្អ ​វិស័យ​ហិរញ្ញវត្ថុ​ បាន​រីក​ដុះដាល​យ៉ាង​ខ្លាំង ​ដែល​ជា​ចំណែក​មួយ​បាន​ជួយ​បាន​ជួយ​ដល់ ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ជីវភាព​កាន់តែ​ធូរធារ ​ជាពិសេស​ការ​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​។

តំណាង​អតិថិជន​របស់​ធនាគារ ស៊ី​អាយ​អឹម​ប៊ី​ (CIMB) ​បាន​លើកឡើង​ ក្នុង​ពិធី​អបអរ​ខួប​គម្រប់​៧​ឆ្នាំ នៃ​ប្រតិបត្តិ​ការ​របស់​ធនាគារ​ CIMB ​ដើម្បី​ចែករំលែក​បទពិសោធន៍​ល្អ ​នៃ​សេវាកម្ម​អតិថិជន​ ក្រោម​ប្រធានបទ “​យើង​ស្រឡាញ់​អតិថិជន​របស់​យើង​” ដែល​បាន​រៀបចំឡើង​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ម្សិល​ម៉ិ​ញ​នេះ​ថា ចាប់​តាំង​វិស័យ​ម៉ាក្រូ ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មានការ​រីកចម្រើន ​ធនាគារ​បាន​ក្លាយ​ជា​កន្លែង ​ដែល​មាន​ទំនុក​ចិត្ត​ខ្ពស់​បំផុត​ ក្នុង​ការ​ផ្តល់សេវា​ដាក់​ប្រាក់បញ្ញើ​ ការ​ដក​ប្រាក់​ចេញចូល ​និង​បាន​ទាក់ទាញ​យ៉ាងខ្លាំង ​ដល់​អ្នកវិនិយោគទុន​បរទេស​ ឲ្យ​មក​បណ្តាក់​ទុក​រកស៊ី​នៅ​កម្ពុជា​។

អតិថិជន​ទាំងនោះ ​បាន​លើកឡើង​ស្រដៀង​គ្នា​ថា​ ស៊ី​អាយ​អឹម​ប៊ី​ បាន​ក្លាយ​ជា​ដៃគូ​យ៉ាង​សំខាន់​ ក្នុង​ការ​ផ្តល់សេវា​ទៅ​ដៃគូ​ធ្វើ​ពាណិជ្ជកម្ម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​បាន​រហ័ស​ទាន់​ចិត្ត ​ដោយ​មិន​មានការ​ព្រួយ​បារម្ភ​ ក្នុង​ការ​បាត់បង់ ​បច្ចុប្បន្ន​ការ​ធ្វើ​អាជីវកម្ម និង​កា​រធ្វើ​ពាណិជ្ជកម្ម​របស់​ពួកគាត់ មានការ​កាន់តែ​រីកចម្រើន​យ៉ាង​ខ្លាំង​ផងដែរ ។

លោកស្រី ហេង ធីតា ​នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល​ នៃ​ធនាគារ​ CIMB ​បាន​លើក​ឡើងថា​ ស៊ី​អាយ​អឹម​ប៊ី ​គឺជា​ធនាគារ​ថ្នាក់​តំបន់​មួយ ​ដែល​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​បំផុត ​លើ​សេវាកម្ម​អតិថិជន​។​ជាក់ស្តែង​ការបង្កើត​កម្មវិធី​ថ្ងៃនេះ ​គឺ​ដើម្បី​ស្វែង​ពី​ចំណុច​ខ្វះខាត ​និង​ចំណុច​រីកចម្រើន ​ក៏ដូចជា​ស្វែងរក​មតិយោបល់​របស់​អតិថិជន​ ដើម្បី​ធ្វើការ​កែ​លម្អ​លើ​ចំណុច​ខ្វះខាត​ទាំងឡាយ ​ក្នុង​គោលដៅ​ជំរុញ ការ​ផ្តល់​សេវា​ឲ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត​បន្ថែម​ ជូន​ដល់​អតិថិជន​របស់ខ្លួន​។

ធនាគារ ស៊ី​អាយ​អឹម​ប៊ី មាន​បណ្តាញ​សាខា​ច្រើន​ជាងគេ​ នៅក្នុង​តំបន់​អាស៊ាន បើ​ចាប់​គិត​ត្រឹម​ខែមីនា ​ឆ្នាំ​២០១៧ ​ធនាគារ​នេះ​ មាន​សាខា​ចំនួន​៩០០​កន្លែង​ និង​ស្ថិត​ក្នុងចំណោម​ធនាគារ​វិនិយោគ​ធំជាងគេ​។ ស៊ី​អាយ​អឹម​ប៊ី​ បានចាប់ផ្តើម​ប្រតិបត្តិ​ការ​បើក​សាខាពាណិជ្ជ នៅ​ភ្នំពេញ​ជា​លើកដំបូង​ក្នុង​ឆ្នាំ​២០១០៕