សម្តេច​តេ​ជោ​ ផ្តល់​អនុសាសន៍​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ ខាង​ធនាគារ​មកពី​ប្រទេស​ស្វីស ​គួរ​វិនិយោគ​នៅ​កម្ពុជា

67

 

ភ្នំពេញ ៖​ ដោយសារ​ក្រុមហ៊ុន​ផ្នែក​ធនាគារ​នៃ​ប្រទេស​ស្វី​ស មាន​ស្តង់ដារ​អន្តរជាតិ ​សម្តេច​តេ​ជោ ហ៊ុន សែន ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ផ្តល់​អនុសាសន៍​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ខាង​វិស័យ​ធនាគារ​ មកពី​ប្រទេស​ស្វី​ស ​គួរ​វិនិយោគ​ខាង​វិស័យ​ធនាគារ​ និង​ពិនិត្យមើល​ខាង​វិស័យ​ធនធានមនុស្ស​ និង​ទេសចរណ៍ ​នៅ​កម្ពុជា​ផងដែរ ។

សម្ដេច​តេ​ជោ ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ផ្តល់​អនុសាសន៍​ដូច្នេះ​ខណៈ អនុញ្ញាត​ឲ្យ​លោក​អា​ន់ទ្រៀ ហ្គឺ​ប៊ឺ (Andreas Gerber) ​នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន ក្រេ​ឌី​ដ​ស្វី​ស និង ​ ប្រតិភូ​ក្រុមហ៊ុន​ជា​ច្រើនរូប​ទៀត​ របស់​ប្រទេស​ស្វី​ស ចូលជួប​សំដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​ ទីស្តីការ​នាយករដ្ឋមន្ត្រី​ នៅ​ថ្ងៃទី ២៣ ខែ វិច្ឆិកា ​នេះ​។

បើតាម​ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ស្វាគមន៍​លោក អា​ន់ទ្រៀ ហ្គឺ​ប៊ឺ ក៏ដូចជា​ប្រធាន​ក្រុមហ៊ុន​ផ្សេងទៀត ​លើ​វិស័យ​ចម្រុះ ខាង​ផ្នែក​ធនាគារ ​និង​ហិរញ្ញវត្ថុ អចលនទ្រព្យ ​ការសាងសង់​ជាដើម​។ ​លោក អា​ន់ទ្រៀ ហ្គឺ​ប៊ឺ បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា ​វត្តមាន​របស់​ប្រតិភូ​វិនិយោគិន​នេះ ​គឺ​ដើម្បី​ស្វែងរក​ការពិត អំពី​ស្ថានភាព​សេដ្ឋកិច្ច វិនិយោគ ​នៅក្នុង​ប្រទេស​កម្ពុជា​។

សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី បាន​ជម្រាប​ជូន​គណៈប្រតិភូ​ទាំងអស់ អំពី​ស្ថានភាព​នយោបាយ សេដ្ឋកិច្ច ​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ហើយ​សម្តេច ​ក៏បាន​ជម្រាប​ជូន​ប្រតិភូ​ថា​ ស្ថានភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា​ មាន​២ គឺ​កម្ពុជា​ពិត​ និង​កម្ពុជា​លើ​ទំព័រ​សារព័ត៌មាន​។ ​សម្តេច​ បាន​ជម្រាប​ជូន​អំពី​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ​គឺ​មាន​ការរីកចម្រើន​យ៉ាងច្រើន ដូច​ប្រតិភូ​ បាន​មើល​ឃើញ​ជាក់ស្តែង​។

សម្តេច​តេ​ជោ បានបញ្ជាក់​ជូន​ទៅ​កាន់​ប្រតិភូ​ថា អ្វីដែល​កម្ពុជា​នៅតែ​ផ្តល់​អាទិភាព​ គឺ​វិស័យ​៤​យ៉ាង គឺ​វិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស ​ទឹក ផ្លូវ ​និង​វិស័យ​អគ្គិសនី ​។

គណៈប្រតិភូ​ក៏បាន សាកសួរ​ទៅកាន់​សម្តេច​ផងដែរ ពី​វិស័យ​ដែល​សម្តេច​តេ​ជោ​ យល់​ឃើញថា ក្រុមហ៊ុន​ស្វី​ស គួរតែ​វិនិយោគ​បាន នៅ​កម្ពុជា​។ សម្តេច​ បាន​មានប្រសាសន៍ថា​ ក្រុមហ៊ុន​ស្វី​ស គួរតែ​វិនិយោគ​លើ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ​ដោយសារតែ​ក្រុមហ៊ុន Credit Suisse​ ជា​ធនាគារ​មួយ​លំដាប់​អន្តរជាតិ​។ ជាងនេះទៀត​ សម្តេច​តេ​ជោ​ ក៏បាន​លើកទឹកចិត្ត ឲ្យ​មានការ​វិនិយោគ​ លើ​វិស័យ​ធនធានមនុស្ស និង​ទេសចរណ៍​ ដោយសារ​បច្ចុប្បន្ននេះ ​កម្ពុ​ជា​ មាន​ទេសចរ​ប្រមាណ​៥,៥​លាន​នាក់ ហើយ​តាម​ការ​ប៉ាន់ស្មាន់ នៅ​ឆ្នាំ​២០១៧​នេះ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវទេសចរ​ ប្រមាណ​៥,៨​លាន​នាក់ ដែល​មកពី​ក្រៅប្រទេស​។

សម្តេច ​បានលើកឡើង​ដែរ​ថា ​ពី​ដើមឡើយ ក្រុមហ៊ុន​មួយចំនួន​នៅ​កម្ពុជា បាន​ផ្តោត​ទៅលើ​បរិមាណ ប៉ុន្តែ​ការវិវឌ្ឍ​​ចុងក្រោយ​នេះ គឺ​មិន​ត្រឹមតែ​បរិមាណ​ទេ ​គឺ​បាន​គិតគូរ​ទាំង​បរិមាណ និង​គុណភាព​។​ប្រតិភូ​បាន​សម្តែង​នូវ​ក្តី​រីករាយ ​ដែល​បាន​ទទួល​ព័ត៌មាន​ជាក់លាក់ ​ដើម្បី​ធ្វើការ​សម្រេចចិត្ត ​ក្នុងការ​មក​វិនិយោគ ​នៅក្នុង​ប្រទេស​កម្ពុជា​ នាពេលខាងមុខ​៕