សម្តេច​​នាយករដ្ឋមន្ត្រី​ បាន​ទទួល​ជួបពិភាក្សា​ការងារ ​ជាមួយ អនុប្រធាន​ក្រុមហ៊ុន​ GE ​របស់​សហរដ្ឋអាមេរិក

86

ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ ជាមួយ អនុប្រធាន​ក្រុមហ៊ុន ​GE ​ របស់​សហរដ្ឋអាមេរិក​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ​និង​សម្តែង​ការគួរសម ជាមួយ​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ ហ៊ុន ​សែន នៅ​វិមាន​ សន្តិភាព ​នា​ព្រឹក​ទី​២៣ ខែ វិច្ឆិកា​នេះ លោក ច​ន រ៉ា​យ (Jonh E. Rice) ​អនុប្រធាន​ក្រុមហ៊ុន GE របស់​សហរដ្ឋអាមេរិក ​បាន​ជំរាប​ជូន​សម្តេច​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន GE ​មាន​គម្រោង​លើ​វិស័យ​សំខាន់ៗ ​ចំនួន​២ ​គឺ​វិស័យ​អគ្គិសនី ​និង​វិស័យ​សុខាភិបាល​ដែល​ទាក់ទង​នឹង​ឧបករណ៍​​ពេទ្យ​ដែល​កន្លងមក ​ត្រូវ​បាន​ប្រើ​ក្នុង​មន្ទីរពេទ្យ​ជាច្រើន​មកហើយ​។

នេះ​ជា​លើក​ទី​៥​ហើយ ដែល លោក ច​ន​រ៉ា​យ បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​តេ​ជោ ដោយ​នៅ​ក្នុងជំនួប​ នាពេលនេះ​ លោក ច​ន​រ៉ា​យ បាន​ថ្លែងអំណរគុណ​ដែល​កម្ពុជា​ជួយ​សម្រួល​កិច្ចការ​រីកចម្រើន​រប​ស់​ក្រុមហ៊ុន GE រហូតមកដល់​ពេលនេះ​។ ​ លោក ច​ន​ រ៉ា​យ​ បាន​ជំរាប​ជូន​ថា ក្រុមហ៊ុន GE កំពុង​សិក្សា​លើ​ការផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម ក្នុង​ខេត្ត​ព្រះសីហនុ​។ ទន្ទឹមនេះ ​ក្រុមហ៊ុន ក៏​កំពុង​សិក្សា​លើ​បណ្ដាញ​អគ្គិសនី​ និង​ការបែងចែក​អគ្គិសនី ​ទៅកាន់​ប្រជាពលរដ្ឋ​ផងដែរ ​ដែល​គម្រោង​នេះ​ នឹង​បញ្ចប់​នា ​ចុងឆ្នាំ​២០១៧​នេះ​។

ជាការ​ឆ្លើយតប សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា កម្ពុជា​កំពុង​មាន​តម្រូវ​អគ្គិសនី​ចម្រុះ ​គ្រប់​ទីកន្លែង គឺ​ទាំង​វា​រី​អគ្គិសនី និង ថាមពល​អគ្គិសនី​ប្រើ​ដោយ​ធ្យូងថ្ម​។ ​ ដោយឡែក ក្រុមហ៊ុន GE ក៏បាន​ជួយ​ក្នុង​ជំ​ហ៊ាន​ទី​១ ​ក្នុងការ​ប្រើប្រាស់ ទឹកស្អាត​នៅតាម​មន្ទីរពេទ្យ​ចំនួន​១២​រួច​មកហើយ​។ ក្រុមហ៊ុន GE ​នឹង​បន្ត​ជំហាន​ទី​២ ក្នុងការ​ជំរុញ​ការប្រើប្រាស់​ទឹកស្អាត​នេះ​ នៅតាម​មន្ទីរពេទ្យ​ចំនួន​១២ ​ផ្សេងទៀត​នៅ​កម្ពុជា​។​ ដោយសារ លោក ច​ន​រ៉ា​យ មាន​បទ​ពិសោធន៍ ច្រើន​ក្នុង​កិច្ចការ​អភិវឌ្ឍ​ នៅ​កម្ពុជា និង​ដោយសារ​លោក នឹង​ត្រូវ​ចូលនិវត្តន៍​ពី​ការងារ​នៃ​ក្រុមហ៊ុន​ GE ផង​នោះ ​សម្តេច​តេ​ជោ នឹង​ស្នើសុំ​ដល់​ព្រះមហាក្សត្រ ​អោយ​លោក ច​ន​រ៉ា​យ ​មាន​តួនាទី​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​។

ជាការ​ឆ្លើយតប លោក ច​ន​រ៉ា​យ ​បាន​សម្តែង​នូវ​មោទនភាព​ក្នុង​ការ​ទទួលយក​តួនាទី​នេះ ដោយ​លោក​ សន្យាថា​ នឹង ខិតខំ​ចូលរួម​បំរើ​ដល់​ការអភិវឌ្ឍ ​របស់​កម្ពុជា​៕