ជម្លោះ​​នៅ​​តែ​បន្ត​​កើត​មាន​​ក្នុង​ប្រទេស​កូឡុំប៊ី បើ​ទោះ​បី​​មាន​​កិច្ច​ព្រមព្រៀង​​​សន្តិភាព​ក៏​ដោយ​

71

កូឡុំប៊ី៖ អង្គការ​លើក​លែង​ទោស​​អន្តរជាតិ​​បាន​​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា កិច្ច​ព្រមព្រៀង​​​សន្តិភាព​រវាង​​​រដ្ឋាភិបាល​​​កូឡុំប៊ី និង​​ក្រុម​ឧទ្ទាម​ហ្វាកម៉ាក់ស៊ីស​ បាន​កាត់​​បន្ថយ​ការ​បាត់បង់​ជីវិត​​ជន​ស៊ីវិល។ ប៉ុន្តែ​​ជម្លោះ​​នៅ​តែ​បន្ត​​កើត​មាន​តាម​តំបន់​ផ្សេង​​ៗ​មួយ​ចំនួន​​របស់​ប្រទេស​នេះ។

ហ្វាក​ត្រូវ​​បាន​គេ​ស្គាល់​ថា​ ជា​កង​កម្លាំង​ប្រដាប់​អាវុធ​​បដិវត្ត​របស់​ប្រទេស​កូឡុំប៊ី​​ ហើយ​រដ្ឋាភិបាល​​លោក​ប្រធានាធិបតី​ ជួន ម៉ានូអែល សាន់​តូស​ បាន​ចុះ​ហត្ថលេខា​​លើ​ឯកសារ​​​កិច្ច​ព្រមព្រៀង​​​សន្តិភាព​​​កាល​ពី​ឆ្នាំ​មុន​ ដើម្បី​បញ្ចប់​សង្គ្រាម​​មាន​រយៈ​ពេល​​ជាង ៥​​ទសវត្ស​កន្លង​មក​ ហើយ​​ក្រុម​អតីត​​ឧទ្ទាម​​ប្រហែល​ ១ម៉ឺន ១ពាន់​នាក់​ និង​ក្រុម​​កម្លាំង​សម្ព័ន្ធ​មិត្ត​របស់​ពួក​គេ​បាន​រំ​សាយ​​ ហើយ​ក្រុម​ទាំង​នេះ​​បច្ចុប្បន្ន​​បាន​ក្លាយ​ទៅ​ជា​គណបក្ស​នយោ​បាយ​មួយ​។ ​ការ​ចាក​ចេញ​របស់​ក្រុម​ហ្វាក​​បាន​បន្សល់​​ទុក​​តំបន់​ជា​ច្រើន ​​ដែល​ពួក​គេ​​ធ្លាប់​គ្រប់​គ្រង​​​ឲ្យ​ក្លាយ​ជា​តំបន់​ជម្លោះ រវាង​ក្រុម​ឧទ្ទាម​តូច​​មួយ​គឺ​​ក្រុមកង​ទ័ព​រំដោះ​ជាតិ​​ហៅ​កាត់​ ELN និង​ក្រុម​ឧក្រិដ្ឋ​កម្ម និង​ធ្វើ​ឲ្យ​ជន​ស៊ីវិល​​ធ្លាក់​ទៅ​ក្នុង​គ្រោះ​ថ្នាក់​។

​អគ្គលេខាធិការ​​អង្គការ​លើក​លែង​ទោស​​អន្តរជាតិលោក​​ សាលីល សេតធី​ ដែល​កំពុង​​​ទស្សនកិច្ច​ក្នុង​ប្រទេស​នេះ​មាន​​ប្រសាសន៍​​ថា គួរ​ឲ្យ​​សោក​ស្ដាយ​​ការ​​ពិត​របស់​​ពួក​គេ​​បច្ចុប្បន្ន​​គឺ​ថា ​ក្នុង​រយៈ​ពេល​​មួយ​ឆ្នាំ​​ចុង​ក្រោយ​នេះ​​អំពើ​ឧក្រិដ្ឋ​​កម្ម​មួយ​ចំនួន ​​ស្ថិត​នៅ​ក្រោម​​ការ​រំលោភ​ច្បាប់​​អន្តរជាតិ និង​ការ​រំលោភ​​បំពាន​​សិទ្ធិមនុស្ស​​ ជា​ទូទៅ​​បាន​បន្ត​ប្រឈម​​នៅ​តាម​តំបន់​ធំ​ៗ​ជា​ច្រើន​​នៅ​រដ្ឋ​ឆូកូ៕​

អត្ថបទ៖ រិទ្ធី