​Robert Kubica នឹង​បើក​សាកល្បង​រថយន្ត F1 ជាមួយ​ក្រុម Williams ក្រោយ​ទីលាន​ចុងក្រោយ​ចុង​សប្ដាហ៍​នេះ​

46

ប្រណាំង​រថយន្ត៖ ​កីឡាករ​ប្រណាំង​រថយន្ត Rally និង F1 សញ្ជាតិ​ប៉ូឡូញ Robert Kubica នឹង​សាកល្បង​បើកបរ​រថយន្ត F1 ឡើង វិញ​ជាមួយ​ក្រុម​ប្រណាំង Williams ចុង​សប្តាហ៍​នេះ ​ក្រោយ​បញ្ចប់​ទីលាន​ចុងក្រោយ F1 ពិភពលោក​នៅ​អារ៉ាប់​រួម​។

 

​​កីឡាករ​វ័យ ៣២​ឆ្នាំ​រូប​នេះធ្លាប់​សាកល្បង​ម្តង​រួច​មក​ហើយ​ប្រើប្រាស់​រថយន្ត Renault ស៊ែ​រី​ឆ្នាំ២០១២ កាលពី​កក្កដា​កន្លងទៅ​។ ​ដោយឡែក​កាលពី​ខែ​សីហា​ការសាកល្បង​នៅ​ថ្ងៃ​ទី​២ ជា​លើក​ដំបូង​ដែល Robert Kubica ប្រើប្រាស់​រថយន្ត F1 បច្ចុប្បន្ន តែ​មិន​ទាន់​មាន​សញ្ញាណ​ណាមួយ​ច្បាស់​លាស់​ថា គេ​នឹង​វិល​មក​ប្រឡូក​ជាមួយ F1 វិញ​នៅឡើយ តែ​មាន​ពាក្យ​ចចាមអារ៉ាម​ថា Robert Kubica អាច​នឹង​ជំនួស​តំណែង​កីឡាករ​អង់គ្លេស Jolyon Palmer​។ ​រំលឹក​ថា Robert Kubica ដែល​ធ្លាប់​ឈ្នះ F1 នៅ​ប្រទេស​កាណាដា​ឆ្នាំ២០០៨ ជាមួយ​ក្រុម BMW-Sauber បាន​ផ្ទេរ​មកកាន់ Renault នៅ​ឆ្នាំ​២០១០​។ ក្រោយ​ចប់​រដូវ​កាល Formula One ២០១០ គេ​បាន​សាកល្បង​ជិះ​រថយន្ត Rally ជា​ពេល​ដែល​គេ​ទទួល​រង​របួស​កំភួន​ដៃ​ធ្ងន់ធ្ងរ​មុន​ចាប់ផ្ដើម​រដូវ​កាល​២០១១៕
​អត្ថបទ​៖​នាង សុភា​វុ​ធ