ជន​ជាតិ​ភាគ​តិច​មូ​ស្លីម​រ៉ូ​ហ៊ីង​រៀបរាប់​ពី​ការ​ធ្វើ​ដំណើរ​ដ៏​គ្រោះ​ថ្នាក់​ចូល​មក​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​

533

បង់​ក្លា​ដែ​ស៖ ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រាប់​រយ​នាក់ដែល​បានធ្វើដំណើរ​ ពោ​ពេញ​ដោយ​គ្រោះថ្នាក់ឆ្លងទន្លេ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​ជំរំ​ ខណៈ​អ្នក​ផ្សេងទៀត​ដែល​បាន​រង់ចាំនៅ​តាម​ច្រាំងទន្លេ ដើម្បីទទួល​បាន​ការ​ផ្ដល់​លំនៅឋាន​ថ្មី​។​​ពួកគេ​ទាំង​អស់​គ្នា​បាននិយាយពីអំពើ​ហិង្សា​ និង​ភេរវកម្ម ព្រោះ​ផ្ទះសម្បែង​របស់​ខ្លួនត្រូវ​បានយោធា​មី​យ៉ាន់​ម៉ា និងក្រុម​ពុទ្ធសាសនិកដុត​បំផ្លាញ បង្ខំ​ឲ្យ​ពួក​គេ​ត្រូវ​រត់​ភៀសខ្លួន​បែបនេះ។ ​លោក ​អ៊ូ​ម៉ា ហា​គីម ដែលជា​អ្នកនេសាទបាន​និយាយ​ថា យោធា​មី​យ៉ាន់​ម៉ាកំពុង​ចាប់ និង​កាប់សម្លាប់​ពួក​លោក​ និង​បាញ់រះ​មក​លើ​ពួក​លោក​។​ យើង​មិន​អាច​ទៅ​ណា​បាន ព្រោះ​យើងត្រូវ​បាន​ទាហានឡោមព័ទ្ធ​ជិត​។​ ទាហាន​បាន​សម្លាប់​អ្នកភូមិ​របស់​យើង និង​ដុត​ផ្ទះ​របស់​យើង​ទៀត​ផង​។ ​ការ​ធ្វើ​ដំណើរ​ឆ្លងទន្លេ​បាន​ក្លាយ​ជា​សោកនាដកម្ម ​សម្រាប់​មនុស្ស​មួយ​ចំនួន​។ ជនភៀសខ្លួនម្នាក់ទៀត​គឺ​អ្នកស្រី អា​នូ​វ៉ា​រ៉ា កំពុង​ចាប់ផ្ដើម​រស់នៅ​ជីវិត​ជា​ស្ត្រី​មេ​មា​យ​។ អ្នកស្រីនិយាយ​ថា ផ្ទះ​របស់​អ្នកស្រី​ត្រូវ​បាន​គេ​ដុត​បំផ្លាញចោល ​៥​ថ្ងៃ​ហើយ។​ យើង​ទៅកាន់មាត់ទន្លេ​ណា​ហ្វ​ដោយ​ថ្មើរជើង​ និង​បាន​ជួល​ទូក​មួយ​គ្រឿង​ក្នុង​ភូមិ​។​ យើង​បាន​ស្នាក់នៅក្នុង​ប្រទេសបង់​ក្លា​ដែ​ស និង​នៅ​ក្នុង​ព្រៃ​កោងកាង នៅ​លើ​ទឹកដី​ខាង​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​កងកម្លាំងការពារ​ព្រំដែន​មី​យ៉ាន់​ម៉ាព្យាយាម​ដេញ​ចាប់​ពួក​យើង។ ​ប្ដី​របស់​អ្នកស្រី​បាន​លោតចូល​ក្នុងទន្លេ​ បន្ទាប់មក​ពួក​យើង​ក៏បាន​ឆ្លងកាត់​ទន្លេ​មកដល់​ទីនេះ។

ជន​មូ​ស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង ​៦​សែន​នាក់​ បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា ចាប់តាំងពី​ចុងខែ​សីហា​មក​។​ អាជ្ញាធរ​និយាយ​ថា ​លំហូរ​ចូល​មាន​កម្រិត​ល្បឿន​យឺតប៉ុន្តែ​នៅតែមានមិន​ដាច់​ មនុស្ស​រាប់​រយ​នាក់​មកដល់​ថ្មី​ក្នុង​ប្រទេស​បង់​ក្លា​ដែ​សជា​រៀងរាល់សប្ដាហ៍​។ រដ្ឋមន្ត្រីការបរទេសបង់​ក្លា​ដែ​ស​គ្រោង​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ានៅ​សប្ដាហ៍​នេះ ដើម្បី​ពិភាក្សាពី​ការ​ធ្វើ​មាតុភូមិនិវត្តន៍របស់​ជនភៀសខ្លួន​ទាំងនោះ៕
អត្ថបទ៖ សុខ​មាន