ស្ដេច​ស្នូ​ឃ័​រ Ronnie O’Sullivan ធ្លាក់​ត្រឹម​វគ្គ 32 នាក់​ចុងក្រោយ Northern Ireland Open

71

ស្នូឃ័រ៖ ​ក្តី​សង្ឃឹម​ដណ្ដើម​ប្រាក់​រង្វាន់ 1លាន​ផោន​ពី​ព្រឹត្តិការណ៍​ជើងឯក​ស្នូ​ឃ័​រ Northern Ireland Open របស់​កំពូលកីឡាករ​អង់គ្លេស Ronnie O’Sullivan ត្រូវ​បាន​បញ្ចប់​ត្រឹម​វគ្គ 32នាក់​ចុងក្រោយ​ប៉ុណ្ណោះ​ក្រោម​ថ្វីដៃ​កីឡាករ​មិត្ត​រួម​ជាតិ Elliot Slessor​។

​​កីឡាករ​វ័យ 41ឆ្នាំ O’Sullivan ដែល​ទើប​ឈ្នះ​ជើងឯក English Open ខែ​មុន ហើយ​បើ​ឈ្នះ​ជើងឯក Northern Ireland Open, Scottish Open និង Welsh Open នឹង​អាច​ធ្វើ​អោយ​គេ​ទទួល​បាន​ប្រាក់​រង្វាន់​ជា​កញ្ចប់ 1 លាន​ផោន​។ ​តែ​អ្វីៗ​ត្រូវ​បាន​បញ្ចប់​នៅ​ពេល​កីឡាករ​វ័យ 23ឆ្នាំ លំដាប់​លេខ81 ពិភពលោក Elliot Slessor បាន​យកឈ្នះ ជើងឯក​ពិភពលោក 5សម័យ Ronnie O’Sullivan ដោយ​លទ្ធផល 4-1 ហ្វ្រេ​ម​។ ​ដោយឡែក​អ្នកការពារ​តំណែង​ជើងឯក​នៅទីនេះ Mark King ក៏បាន​ធ្លាក់​ចេញ​នៅ​វគ្គ 32នាក់​ចុងក្រោយ​នេះ​ដែរ ក្រោយ​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករ​ចិន Yan Bingtao​។ ​សូម​បញ្ជាក់​ថា ពានរង្វាន់​កម្មវិធី Northern Ireland Open មាន​កញ្ចប់​ទឹកប្រាក់ 366000ផោន ដោយ​ជើងឯក​ទទួល​បាន 7ម៉ឺន​ផោន រួម​ជាមួយ​ពាន Alex Higgins៕
​អត្ថបទ​៖​នាង សុភា​វុ​ធ