កម្ពុជា​ និង​ចិន សន្យា​រួមគ្នា​ជំរុញ​ឲ្យ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស និង​កសាង​សមត្ថភាព​ដល់​សហជីព

90

ភ្នំពេញ​ ៖ ​ជំនួប​ពិភាក្សា​ការងារ រវាង​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ និង​អគ្គនាយក​មជ្ឈមណ្ឌល​ធនធាន​មនុស្ស​ពលករ​ចិន ​បាន​សន្យា​រួមគ្នា​ថា​ នឹង​ជួយ​រួមចំណែក​ដល់​វិស័យ​ អភិវឌ្ឍន៍​ចំពោះ ​វិស័យ​ការងារ​នៅ​កម្ពុជា​ ឲ្យ​កាន់ ​តែ​ល្អ​ប្រសើរ​ឡើង ​ពិសេស​ទាក់ទង​និង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស ​និង​កសាង​សមត្ថភាព​ដល់​សហជីព​កម្ពុជា​។

ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ក្នុង​ជំនួប​ការងារ ជាមួយ​ឯកឧត្តម ប៉េង យ៉ុង អគ្គនាយក​មជ្ឈមណ្ឌល​ធនធានមនុស្ស​ពលករ​ចិន ​កាលពី​ថ្ងៃ​ទី​២៧ ខែ វិច្ឆិកា​ ម្សិល​ម៉ិ​ញ​ ​មានប្រសាសន៍ថា ​គិត​មកដល់ពេលនេះ គឺមាន​រយៈពេល​៦០​ឆ្នាំ​ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា​-​ចិន ​បានធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​ឈាន​ដល់​ការ​ទំនាក់ទំនង​លើ​គ្រប់​ជ្រុងជ្រោយ ទាំង​លើ​ឆាក​ជាតិ ​និង​អន្តរជាតិ ពិសេស​នាំមក​នូវ​សមិទ្ធផល​ជាច្រើន​រវាង​ប្រទេស​ទាំងពីរ​ ហើយ កន្លងមក​រដ្ឋាភិបាល​កម្ពុជា​ តែងតែ​គាំទ្រ​ចំពោះ​គោលនយោបាយ របស់​រដ្ឋាភិបាល​ចិន​ទោះ​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ​។

ក្នុងជំនួប​ដដែល​នេះ ឯកឧត្តម​អគ្គនាយក ប៉េង យ៉ុង ​បាន​មាន​ប្រសាសន៍​ថា តប​តាម​ការ​អញ្ជើញ​របស់​សម្ព័ន្ធ សហជីព​ជាតិ​កម្ពុជា ដែល​និង​មាន​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ពង្រឹង​ធនធានមនុស្ស និង​សមត្ថភាព​ដល់​សហជីព​កម្ពុជា ​គម្រោង​នេះ​ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ ​ជា​ផ្នែក​មួយ​ក្នុងការ​គាំទ្រ​ចំពោះ​វិស័យ​ការងារ​នៅ​កម្ពុជា​។

ឯកឧត្តម ​បន្ថែមថា មិន​ត្រឹមតែ​ប៉ុណ្ណោះ កិច្ចសហប្រតិបត្តិការ​នេះ​ និង​ជា​ផ្លូវ​មួយ​ជំរុញ​ដល់​អ្នក វិនិយោគ ​ចិន​ឲ្យ​មក​កម្ពុជា​កាន់តែ​ច្រើនឡើង​។​ បច្ចុប្បន្ន ​មាន​អ្នក​វិនិយោគ​ចិន ​និង​និយោជិត​ជាច្រើន​បាន​មក​វិនិយោគ និង​ធ្វើការ​នៅ​កម្ពុជា ដូច្នេះ​កិច្ច​សហប្រតិបត្តិការ​នេះ ក៏​នឹង​ជំរុញ​ផងដែរ​ឲ្យ​អ្នក​វិនិយោគ ​និង​និយោជិត​ទាំងនោះ​គោរព​ទៅតាម​លក្ខខណ្ឌ​ និង​ច្បាប់​ការងារ​របស់​កម្ពុជា​ផងដែរ​៕