អភិបាលខេត្ត​មណ្ឌលគិរី ​ជំរុញ​ឲ្យ​គណៈ​អភិបាលស្រុក​ចាត់​វិធាន​រក្សា​ការពារ​ធនធានធម្មជាតិ

99

មណ្ឌលគិរី ៖ ​ធនធានធម្មជាតិ​ដ៏​សម្បូរ​បែប​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ជាពិសេស ក្នុង​តំបន់​ភូមិភាគ​ឦសាន​ប្រទេស ​ត្រូវ​គេ​មើលឃើញ ​ថា កំពុង​រង​នូវ​ការបំផ្លាញ ​ដោយ​កត្តា​មនុស្ស ​ដែល​ចាំបាច់​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​។

អភិបាលខេត្ត​មណ្ឌលគិរី ឯកឧត្តម ស្វាយ សំ​អ៊ាង បាន​ជំរុញ​គណៈ​អភិបាលស្រុក​ពេ​ជ្រា​ដា ​ឲ្យ​សហការ​គ្នា​រក្សា​ការ ពារ​ធនធានធម្មជាតិ ​នៅ​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា​ និង​ត្រូវ​រៀបចំ​កែ​លម្អ​អភិរក្ស​តំបន់ភ្នំ​ណា​ម​លៀ​ ឲ្យ​កាន់តែ​ស្រស់ ស្អាត ដើម្បី​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​បាន​កាន់តែច្រើន​។ ឯកឧត្តម​ បាន​ធ្វើ​ការ​ជំរុញ​បែបនេះ ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​អភិបាល ​អភិបាលរង នៃ​គណៈ​អភិបាលស្រុក​ ពេ​ជ្រា​ដា ​កាលពី​ម្សិលមិញ​។

អភិបាលខេត្ត​មណ្ឌលគិរី បាន​បញ្ជាក់ថា តំបន់​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា ​គឺជា​តំបន់​ធនធាន​ជាតិ​មួយ ដែល កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវទេសចរ​ ដូចនេះ​ អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ពេ​ជ្រា​ដា ​ក៏ត្រូវ​រួម សហការ​ជាមួយ​ដៃគូ​វិនិយោគ​រមណីយដ្ឋាន​ប៊ូ​ស្រា​ ធ្វើ​យ៉ាង​ណា​ការពារ​ឲ្យ​បាន​នូវ​សម្បត្តិ​ធម្មជាតិ​ក្នុង​តំបន់ រមណីយដ្ឋាន ឲ្យ​បាន​ល្អ​ប្រសើរ ព្រមទាំង​រៀបចំ​កែ​លម្អ​រមណីយដ្ឋាន​មួយ​នេះ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ជាងនេះទៀត ​ដើម្បី​ទាក់ទាញ ចំណាប់អារម្មណ៍​របស់​ទេសចរ និង​អាច​ស្រូប​យក​ទេសចរ​កាន់​តែច្រើន​ថែមទៀត ដែល ជា​ផ្នែក​មួយ​អាច​ជួយ​ធ្វើ​ឲ្យ​ជីវភាព​ របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ដែល​អាស្រ័យ​ផល​ពី​វិស័យ​ទេសចរណ៍​កាន់តែ​ល្អ​មួយ​កម្រិត​ទៀតផង​។

ឯកឧត្តម ស្វាយ សំ​អ៊ាង ក៏បាន​ជំរុញ​ដល់​អភិបាល អភិបាលរង​ស្រុក នៃ​គណៈ​អភិបាលស្រុក​ពេ​ជ្រា​ដា ដែល​ទើប ​ប្រកាស​ផ្ទេរ​ភារកិច្ច​ថ្មី ត្រូវ​រៀបចំ​កែលម្អ​ក៏ដូចជា​អភិរក្ស​តំបន់​រមណីយដ្ឋាន​ភ្នំ​ណា​ម​លៀ ​ដែលជា​រមណីយដ្ឋាន​មួយ មាន សក្តានុពល​ធម្មជាតិ​យ៉ាង​ស្រស់បំព្រង​នោះ ​ឲ្យ​ក្លាយ​ជា​រមណីយដ្ឋាន​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​​ជាង​នេះ ហើយ​អាជ្ញាធរ ស្រុក ត្រូវ​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​កសាង​ផ្លូវ​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​ភ្នំ​ណា​ម​លៀ​ ឲ្យ​បានល្អ​ជាង​នេះ ​ដើម្បី​បង្ក​ការ ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​អាច​ចូល​ទៅ​កម្សាន្ត​បាន និង​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​នៅ​ហ៊ុមព័ទ្ធ ​ភ្នំ​ណា​ម​លៀ​ ឲ្យ​ខាងតែបាន​ផងដែរ ​ធ្វើ​យ៉ាងណា​អភិរក្ស​តំបន់​មួយ​នេះ​ឲ្យ​ក្លាយ​ជា​ទីកន្លែង​សក្ការបូជា​របស់​ជនជាតិ​ដើម ភាគតិច និង​ជា​រមណីយដ្ឋាន​ទេសចរ​ដែល​ជា​គោលដៅ​កម្សាន្ត​របស់​ភ្ញៀវ​។

ឯកឧត្តម​ បាន​ណែនាំ​ដល់​អភិបាលស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​ចូលរួម​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ឲ្យ​កាន់តែ មាន​ប្រសិទ្ធភាព និង​យកចិត្តទុកដាក់​លើ​ការងារ​ផ្តល់​សេវា​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស និង​មាន​តម្លាភាព​។

ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​អភិបាល អភិបាលរង នៃ​គណៈ​អភិបាលស្រុក​ពេជ្រ​ដា លោក មើល សឿន អតីត​អភិ ​បាល​ស្រុក​កោះ​ញែក ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅកាន់​មុខតំណែង​ថ្មី​ជា​អភិបាលស្រុក​ពេ​ជ្រា​ដា លោកស្រី យូ ស្រី​ពៅ ​ពី​អភិបាលរង ​ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​ផ្ទេរ​ទៅ​បម្រើ​ការងារ​ជា​អភិបាលរង ​ស្រុក​ពេ​ជ្រា​ដា ​និង​លោក ស៊ន សារុន ​ពី​អភិបាលរង​ស្រុក អូររាំង ​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើ​ការងារ​ជា​អភិបាលរង​ស្រុក​ពេ​ជ្រា​ដា​វិញ​៕