សហរដ្ឋអាមេរិក​ព្រមាន​ថា ​របប​ដឹកនាំ​របស់​កូរ៉េខាងជើង​នឹង​ត្រូវ​វិនាស​បើ​សិន​ជា​សង្គ្រាម​ផ្ទុះ​ឡើង

158

អាមេរិក៖ បន្ទាប់ពី​ទីក្រុង​ព្យុងយ៉ាង​បាន​បាញ់​ មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​ដ៏​ទំនើប​របស់​ខ្លួន​ ដែល​អាច​ហោះ​ទៅដល់​ទឹកដី​អាមេរិក​នោះ សហរដ្ឋអាមេរិក​បាន​ធ្វើ​ការ​ព្រមាន​ថា របប​ដឹកនាំ​របស់​កូរ៉េខាង​ជើងអាច​នឹង​ឈាន​ទៅ​រក​សេចក្ដី​វិនាស​ទាំងស្រុង បើសិនជា​សង្គ្រាម​ផ្ទុះឡើង​ហើយ​នោះ​។​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ​ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់​ថា រាល់​ជម្រើស​ទាំងអស់​ដែល​ទាក់ទង​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​កូរ៉េខាងជើង​ស្ថិត​នៅ​លើ​តុ ដែល​ក្នុង​នោះរួមមាន​ទាំង​ជម្រើស​យោធា​ផង​ដែរ ប៉ុន្តែ​ពួកគេ​នៅតែ​ប្រកាន់​ជម្រើស​ការទូត​ដដែល​។​ ថ្លែង​ទៅកាន់​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុម​ប្រឹក្សា​​សន្តិសុខ​អង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិកលោកស្រី​ នី​គី ហា​លី បាន​ធ្វើ​ការ​ព្រមាន​ថា អាមេរិក​មិន​ដែល​រក​រឿង​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​កូរ៉េខាងជើង​នោះ​ទេ ហើយ​នៅ​ថ្ងៃ​នេះ​អាមេរិក​នៅតែ​មិន​ស្វះ​ស្វែង​ចង់​ធ្វើសង្គ្រាម​ដដែល​។ ប៉ុន្តែ​បើ​សិន​សង្គ្រាម​ផ្ទុះឡើងគឺ​វា​កើតឡើង​ ដោយសារតែ​ការ​បន្ត​នូវ​សកម្មភាព​ដ៏​គឃ្លើន​ ដូចដែល​គេ​បាន​មើល​ឃើញ​ច្បាស់​កាលពី​ថ្ងៃ​ម្សិលមិញ ពោល​គឺ​ប្រសិនជា​សង្គ្រាម​ផ្ទុះឡើង ភាគី​អាមេរិក​គឺ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ឡើយ ហើយ​របប​កូរ៉េខាងជើង​នឹង​ត្រូវ​វិនាស​ជាក់​ជា​ពុំខាន​ឡើយ​៕
អត្ថបទ៖ មករា