ក្មេង​អាយុ​ចាប់​ពី​០២​ខួប​ឡើង​ទៅ ​អាច​ចូលរៀន​ហែល​ទឹកបាន​

84

ភ្នំពេញ៖ អាច​ចាត់ទុកថា​នេះ​ជា​លើកដំបូង​ហើយ​ដែល​ប្រទេស​កម្ពុ​ជា​មាន​សាលាបង្រៀន​ហែល​ទឹក​ដល់ ក្មេង​ដែល​មាន​អាយុ​ចាប់ពី​០២​ខួប​ឡើង​ទៅ ជា​មួយនឹង​គ្រូ​ហ្វឹកហាត់​ដ៏​ជំនាញ​ពី​បរទេស និង​សិក្សា​ស្រាវជ្រាវ យ៉ាង​ម៉ត់ចត់​របស់​សាកលវិទ្យាល័យ​មួយ​របស់​ប្រទេស​អូស្ត្រាលី​។​

​​នៅ​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ដូ​ហ្វី​ន ស្ព​ត​ក្លឹប ខេ​ម​បូ​ឌា​កាលពី​ថ្ងៃទី​៣ ធ្នូ ឆ្នាំ​២០១៧​កន្លងទៅ លោក ណាត​ថា​សាក់ ថា​វ៉ូ​ត្ត​ម (NatthasakThawudom) អតីត​កីឡាករ​ហែល​ទឹក​ក្រុម​ជម្រើស​ជាតិ​ថៃ និង​ជា​អ្នក ជំនាញ​ផ្នែក​ការបង្រៀន​ហែល​ទឹក​សម្រាប់​ទារក បាន​ឲ្យ​ដឹង​ថា ផ្អែក​តាម​ការស្រាវជ្រាវ​ជាច្រើន​ឆ្នាំកន្លងមក រួមជាមួយ​កម្មវិធី​ជាច្រើន​របស់​ប្រទេស​អូស្ត្រាលី​បាន​រក​ឃើញថា ​កុមារ​ដែល​រៀន​ពី​វិធី​ហែល​ទឹក​នៅ​វ័យ​កុមារ ភាព​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ​ជាច្រើន​ផ្នែក​លឿន​ជាង​ធម្ម​និង​មានការ​អភិវឌ្ឍ​ផ្នែក​សតិបញ្ញា និង​រាងកាយ​លឿន ជាង​កុមារ​ដែល​មិនបាន​រៀន​ហែល​ទឹក​។

​លោក​បន្តថា ការ​ហែល​ទឹក​មិនមែន​គ្រាន់តែ​ជា​កីឡា​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​វិធីសាស្ត្រ​មួយ ដើម្បី​អភិវឌ្ឍ​ខួរក្បាល និង​រាងកាយ​ក្នុង​ពេល​ដំណាលគ្នា​។

​​​ស្របគ្នា​នេះ​ដែរ ​លោកស្រី ស៊ូ​ស៊ី​រិ ប្រា​ស៊ីផុន (SudsiriPrasitphon) សហ​ស្ថាបនិក​នៃ​ក្លឹប ដូ​ហ្វី​ន និង​ជា ស្ថាបនិក​នៃ​ក្រុមហ៊ុន Brain Scan អ្នកវិទ្យាសាស្ត្រ​ផ្នែក​ពេទ្យ និង​ជា​អ្នកជំនាញ​ផ្នែក​ការអភិវឌ្ឍ​ខួរក្បាល និង សក្ដានុភាព​របស់​មនុស្ស លើក​ឡើង​ថា ការ​ហែល​ទឹក​នៅក្នុង​វ័យ​ទារក បានទទួល​ការ​ពេញនិយម​យ៉ាងច្រើន នៅ​ប្រទេស​លោកខាងលិច រួមទាំង​អា​មេ​រិក អូស្ត្រាលី និង​បណ្ដា​ប្រទេស​អភិវឌ្ឍ​នៅ​ជុំវិញ​ពិភពលោក​ក្នុងការ ជួយ​ជំរុញ​ការអភិវឌ្ឍ​កុមារ ព្រោះ​តាមពិតទៅ​ជំនាញ​ក្នុងការ​ហែល​ទឹក​របស់​កុមារ មាន​តាំងតែ​ពី​នៅក្នុង​គភ៌ របស់​ម្ដាយ​មកម្ល៉េះ​។

លើសពីនេះ​ទៀត ការរៀន​ហែល​ទឹក​នៅ​ក្នុង​វ័យ​ទារក​ថែមទាំង​មាន​អត្ថប្រយោជន៍​ដល់ កុមារ​ជាច្រើន​ទៀត ដូចជា ជួយ​រឿង​ចូល​សង្គម​, ការសម្រួល​សាច់ដុំ ពិសេស​អា​វយ​វៈ​ភ្នែក​និង​ដៃ​, បន្ថយ អាការៈ​ខ្លាច​ទឹក និង​ជួយ​ជំរុញ​ការលូតលាស់​ផ្នែក​សាច់ដុំ​បាច់​ធំ​ជាដើម​៕