ការ​ប៉ះ​ទង្គិច​​បាន​​ផ្ទុះ​ឡើង​​ក្នុង​ពេល​ក្រុម​​សកម្ម​ប្រយុទ្ធ​​វាយប្រហារ​ទៅ​លើ​ក្បួន​​រថយន្ត​កង​ទ័ព​​​ឥណ្ឌា​ក្នុង​រដ្ឋ​​កាស្មៀ​

28

ឥណ្ឌា៖ ការ​ប៉ះ​ទង្គិច​​មួយ​បាន​ផ្ទុះ​ឡើង​​នៅ​ក្នុង​ទីក្រុង​កាស៊ីហ្គុន​ នៃ​រដ្ឋ​កាស្មៀ​​ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ បន្ទាប់​ពី​​ក្រុម​សកម្ម​ប្រយុទ្ធ​​បាន​វាយប្រហារ​​​លើ​ក្បួន​​​រថយន្ត​កង​ទ័ព​​​​ បើកបរ​ឆ្ពោះ​ទៅ​​កាន់​ទីក្រុង​​រដូវ​ក្ដៅ​ស្រ៊ីណាហ្កា។

ប្រព័ន្ធ​ផ្សព្វផ្សាយ​​ព័ត៌មាន​​​រាយការណ៍​ថា ទាហាន​​ម្នាក់​បាន​​រង​របួស​ក្នុង​ពេល​វាយប្រហារ​​ ហើយ​ការ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​នា​ពេល​ថ្មី​ៗ​នេះ ​​កំពុង​កើត​ឡើង​​​ក្នុង​បំណង​សម្អាត​ក្រុម​សកម្ម​ប្រយុទ្ធ​​ទាំង​ឡាយ ​ដែល​បាន​គេច​ខ្លួន​ចេញ​ពី​កន្លង​​ប៉ះ​ទង្គិច​​ ហើយ​ពេល​នេះ​កំពុង​​​បាន​ជាប់​គាំង​​ក្នុង​អគារ​មួយ​កន្លែង។ ​រដ្ឋ​កាស្មៀ​​​ត្រូវ​គេ​មើល​ឃើញ​​មាន​ការ​វាយប្រហារ ​​របស់​ក្រុម​​សកម្ម​ប្រយុទ្ធ​​មួយ​ចំនួន​​ដែល​ពួក​គេ​ប៉ុនប៉ង ​ជ្រៀត​ចូល​តាម​​ព្រំដែន​ក្នុង​រយៈ​ពេល ២​ទសវត្ស​​ចុង​ក្រោយ​នេះ ហើយ​តំបន់​ភ្នំ​ហិមាល័យ​​មួយ​នេះ​ជា​កន្លែង​​មួយ​ក្នុង​ចំណោម​​តំបន់​មាន​កង​ទ័ព​​​ច្រើន​បំផុត​​នៅ​លើ​ពិភពលោក​​ ដែល​ឥណ្ឌា​បាន​​ពង្រាយ​​កម្លាំង​ជាង ១​លាន ៣សែន​នាក់​ ដើម្បី​​បង្ក្រាប​ក្រុម​បះបោរ​​ដែល​បាន​ផ្ទុះ​​ឡើង​ក្នុង​ឆ្នាំ​១៩៨៩។

មួយ​ក្នុង​ចំណោម​​ជម្លោះ​មាន​អាយុ​កាល​​​យូរ​បំផុត​​នៅ​លើ​ពិភពលោក​​ បញ្ហា​​រដ្ឋ​កាស្មៀ​បាន​ផ្ដើម​ឡើង​នៅ​ពេល​ដែល​​រដ្ឋ​សំខាន់​ចាំមួរកាស្មៀ ​ត្រូវ​បាន​​បែង​ចែក​​ក្នុង​ឆ្នាំ​១៩៤៧ រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន​ ដែល​ប្រទេស​ទាំង​២ ជា​គូ​ប្រជែង​​មាន​អាវុធ​នុយក្លេអ៊ែរ​​ដែល​ធ្លាប់​ប្រយុទ្ធ​គ្នា ២​លើក​ក្នុង​​សង្គ្រាម​​ចំនួន ៣​លើក​​​ជុំ​វិញ​​បញ្ហា​តំបន់៕

អត្ថបទ៖ រិទ្ធី