អាជ្ញាធរ​ជម្លៀស​ពលរដ្ឋ​ ១​សែន​នាក់​ ខណៈ​ភ្នំភ្លើង Mount Agung ​បន្ត​ព្រួស​ផេះ​នៅ​លើ​កោះ​បាលី​

48

ឥណ្ឌូនេស៊ី៖ ពលរដ្ឋ​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់​កំពុង​ស្នាក់​នៅ ​ក្នុង​ជំរំ​បណ្ដោះអាសន្ន​ចំនួន ​២០០​កន្លែង​ក្នុង​តំបន់​ផ្សេងៗ​គ្នា​នៅ​លើ​កោះ​បាលី ខណៈភ្នំភ្លើង Mount Agung នៅតែ​បន្ត​ការ​គំរាម​កំហែង​ខ្លាំងដល់កោះ​តំបន់​ទេសចរណ៍​មួយ​នេះ​។

ប្រជាពលរដ្ឋ​ក្នុង​តំបន់​ភ្នំ​ភ្លើង​ផ្ទុះ​ម្នាក់ដែល​មាន​ឈ្មោះថា វ៉ា​យ៉ាន បាន​កំពុង​ស្នាក់​នៅ​មជ្ឈមណ្ឌល​ជម្លៀស​ខ្លួន​នេះរយៈពេល​ជាង​ ៣​ខែ​កន្លង​មក​ហើយ​។ ​ភូមិ​របស់​លោកនៅ​ក្នុងតំបន់​គ្រោះថ្នាក់​ ដូច្នេះលោក និង​គ្រួសារត្រូវ​បាន​បង្ខំចិត្ត​ចាកចេញ​ពីលំនៅឋាន​របស់​ខ្លួន​។​ ការ​សម្រប​សម្រួល​រស់​នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​មិន​ងាយ​ស្រួល​ទេ ​ប៉ុន្តែ​ការ​ផ្ទុះ​ភ្នំភ្លើង ​Mount Agung នា​ពេល​ថ្មីៗ​នេះបាន​នាំ​ឲ្យមានការ​ភ័យខ្លាច​ និង​ព្រួយបារម្ភក្នុង​ចំណោមប្រជាពលរដ្ឋ​ក្នុង​ភូមិ​របស់​លោក។ ​លោក វ៉ា​យ៉ាន និយាយ​ថា លោក​ត្រូវតែ​ចាក​ចេញ​ពី​ផ្ទះ​របស់​លោក ម្ដងទៀត ព្រោះភ្នំភ្លើង​បានផ្ទុះកាលពី​សប្ដាហ៍​មុន ហើយ​ផ្សែង​ផេះ​ដ៏​ក្រាស​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ការដកដង្ហើម​។

ក្រុម​គ្រួសារ​របស់​លោក វ៉ា​យ៉ាន ស្ថិត​ក្នុង​ចំណោមប្រជាពលរដ្ឋ ១​សែន​នាក់​ផ្សេងទៀត ដែល​បានភៀសខ្លួន​ចេញពីលំនៅឋាន​របស់​ខ្លួន អំឡុង​ការ​កម្រើក​ឡើង​នៃ​ភ្នំភ្លើង Mount Agung

អត្ថបទ៖ សុខ​មាន