មន្ត្រី​ជាន់ខ្ពស់​ក្រសួងទេសចរណ៍​អះអាង​ថា មានមុខ​ងារ​១០​ទៀត​ត្រៀម​ផ្ទេរ​អោយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

121

ភ្នំពេញ៖ មន្ត្រី​ជាន់ខ្ពស់​ក្រសួងទេសចរណ៍​អះអាង​ថា ការ​ផ្ទេរអំណាច មុខងារ​ការងារ​ពី​ថ្នាក់​ក្រសួង​ទៅ​អោយ​ថ្នាក់​ខេត្ត នៅ​មាន​ភាព​យឺតយ៉ាវ ដោយសារ​មន្ទីរ​ទេសច​រណ៍​នៅតាម​ថ្នាក់​ខេត្ត​រាជធានី​មួយ​ភាគ​ធំ កំពុង​ជួប​ប្រឈម​បញ្ហា​ការ​ខ្វះ​ធនធានមនុស្ស​។​

ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល និង​បទពិសោធន៍​ការអនុវត្ត​មុខងារ​ ដែល​បានធ្វើ​ប្រតិភូកម្ម​ទៅ​អោយ​រដ្ឋបាល​រាជធានី​ខេត្ត នៅ​ថ្ងៃទី​៥ ខែធ្នូ នៅ​ទីស្តីការក្រសួង ឯកឧត្តម ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ មានប្រសាសន៍ថា អស់​រយៈពេល​បី​ឆ្នាំ​មកហើយ ដែល​ក្រសួងទេសចរណ៍​បាន​ផ្ទេរអំណាច មុខងារ​ការងារ​មួយចំនួន​ទៅអោយ​រដ្ឋបាល​ថ្នាក់​រាជធានី​ខេត្ត​ជា​អ្នកអនុវត្ត ហើយ​មក​ពេលនេះ ក្រសួងទេសចរណ៍​បាន​កំពុង​រៀបចំ​មុខងារ​ការងារ​ចំនួន​១០​មុខងារ​ទៀត ត្រៀម​ផ្ទេរ​ទៅអោយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បន្តទៀត ហើយ​នៅ​ឆ្នាំ​២០២០ ក្រសួង​នឹង​ផ្ទេរ​មុខងារ​នេះ​ទាំងអស់​ទៅអោយ​រដ្ឋបាល​ថ្នាកក្រោម​ជាតិ​។​

​​​ឯកឧត្តម ទិ​ត ចន្ថា​ បន្តថា នៅក្នុង​ដំណើរការ​នៃ​ការផ្ទេរ​មុខងារ ក៏មាន​សេវា​រដ្ឋបាល​មួយចំនួន​ដូចជា ការផ្តល់​អាជ្ញា​បណ្ណ សេវា​មណ្ឌល​កំសាន្ត​សម្រាប់​មនុស្សពេញវ័យ និង​សេវា​រដ្ឋបាល​ខ្នាតតូច​មួយចំនួនទៀត ក៏​ត្រូវបាន​ផ្តល់ជូន​អោយ​រដ្ឋបាល​ថ្នាក់​រាជធានី​ខេត្ត ជា​អ្នកគ្រប់គ្រង​និង​ទទួលខុសត្រូវ​ដោយ​ផ្ទាល់​ផងដែរ​។

ឯកឧត្តម បន្ថែម​ថា អនុវត្តតាម​ផែនការ​៣​ឆ្នាំ​ដំណាក់កាល​ទី​២ ឆ្នាំ​២០១៥ ឆ្នាំ​២០១៧​នេះ ក្រសួងទេសចរណ៍ បាន​សាកល្បង​យក​ខេត្ត​គោលដៅ​ចំនួន​៤ រួមមាន ខេត្ត​ព្រះសីហនុ កំពង់ចាម ខេត្ត​សៀមរាប និង​ខេត្ត​ពោធិសាត់ អនុវត្ត​ការផ្ទេរ​មុខងារ​នេះ ហើយ​ក្នុងចំណោម​ខេត្ត​រាជធានី​នោះ គឺ​មាន​ខេត្ត​មួយ​ចំនួន​អនុវត្ត​បាន​ល្អ​ដូច​ការ​គ្រោងទុក ប៉ុន្តែ​មាន​ខេត្ត​មួយ​ចំនួន​អនុវត្ត​មិនទាន់​បានល្អ ដោយសារ​បញ្ហា​កង្វះ​ធនធានមនុស្ស​ទទួលខុស​ត្រូវ​លើ​ផ្នែក​នេះ​។​

​​​តាម​ការ​ប្ដេជ្ញា​ចិត្ត​រប​ស់ស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​មូលដ្ឋាន​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ហៅ​កាត់​ថា គ​.​ជ​.​អ​.​ប ចាប់ពី​ឆ្នាំ​២០១៧​រហូតដល់​ឆ្នាំ​២០១៩ សម្តេច​នឹង​ខិតខំ​ជំរុញ​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​ផ្ទេរ​មុខងារ និង​ថវិកា​អោយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អោយ​ហើយ​រួចរាល់​អស់ ដើម្បី​បើកឱកាស​គេ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​គេ​អោយ​មាន​ការ​រីកចម្រើន​៕