លំនៅឋាន​​រាប់​រយ​ខ្នង​នៅ​តំបន់​​វិនឈូរ៉ា​ក្នុង​​រដ្ឋ ​California រង​ការ​​បំផ្លិច​បំផ្លាញ​ដោយ​​ភ្លើង​ឆេះ​ព្រៃ​​

45

អាមេរិក៖ ភ្លើង​ឆេះ​ព្រៃ​មាន​ល្បឿន​​ទៅ​មុខ​យ៉ាង​​រហ័ស​ បាន​​បក់​បោក​​ដោយ​ខ្យល់​ស្ងួត Santa Ana និង​មាន​​កម្ដៅ​ផង​​បាន​បំផ្លាញ​​លំនៅឋាន​​រាប់​រយ​ខ្នង​ និង​អគារ​ផ្សេង​​ៗ​ជា​ច្រើន​​ទៀត​ទាំង​នៅ​ក្នុង និង​​ជុំ​វិញ​​តំបន់​វិនឈូរ៉ា នៃ​រដ្ឋ​ California​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ ខណៈ​ដែល​​អ្នក​ស្រុក​រាប់​ពាន់​នាក់​ប្រឈម​​ការ​ភៀស​ខ្លួន ​ចេញ​ពី​កន្លែង​រស់​នៅ​​ដែល​អណ្ដាត​ភ្លើង​នឹង​​អាច​រាល​ដាល​​​មក​ដល់។

ឥទ្ធិពល​ភ្លើង​​ឆេះ​ព្រៃ​ដែល​​គេ​ដាក់​ឈ្មោះ​ថា ភ្លើង ថូម៉ាស់ បាន​​ផ្ដើម​ឆេះ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​​ នៅ​តាម​ជើង​ភ្នំ​​តំបន់​វិនឈូរ៉ា។ ​ខ្យល់​បាន​​បក់​បោក​​​ឲ្យ​មាន​​កម្លាំង​ឆេះ​យ៉ាង​លឿន ​​ឆ្ពោះ​ទៅ​កាន់​ភាគ​​ខាង​លិច​​តំបន់​មួយ​នេះ ​ដែល​ស្ថិត​នៅ​ចម្ងាយ​​ប្រហែល ៨០គីឡូម៉ែត្រ​​ពី​ភាគ​ពាយព្យ​​ទីក្រុង​ Los Angeles ហើយ​នៅ​​ពេល​ថ្ងៃ​ត្រង់​ថ្ងៃ​អង្គារ​ម្សិលមិញ​​ គេ​មិន​អាច​ទប់​ស្កាត់​​អណ្ដាត​ភ្លើង​ឆេះ​​ព្រៃ​​នេះ​បាន​ឡើយ​ ​​បណ្ដាល​ឲ្យ​​ឆេះ​បំផ្លាញ​​ព្រៃ​ឈើ​​ជាង ១ម៉ឺន ៨ពាន់ ២១០​ហិកតា​ និង​បាន​បង្ខំ​​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់ ​​ត្រូវ​​ភៀស​ខ្លួន​ចេញ​ពី​លំនៅឋាន​របស់​ពួក​គេ។ លោក Jerry Brown អភិបាល​រដ្ឋ​ ​California បាន​ប្រកាស​​ភាព​អាសន្ន​​​ភ្លាមៗ និង​ស្វែង​រក​​មូលនិធិ និង​ធន​ធាន​រដ្ឋ​ដើម្បី​ជួយ​​​ក្រុម​អ្នក​​ពន្លត់​អគ្គិភ័យ​​ជាង ១ពាន់​នាក់​ដែល​​ប្រឹង​ប្រែង​ទប់​ស្កាត់​​អណ្ដាត​ភ្លើង​​ឆេះ​ មិនឲ្យរាល​ដាល​​​​​​ទៅ​ដល់​​តំបន់​មាន​​លំនៅឋាន​ពលរដ្ឋ​រស់​នៅ៕

អត្ថបទ៖ រិទ្ធី