ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ UN ​ទៅកាន់​កូរ៉េខាងជើង​បង្កើន​ក្ដី​សង្ឃឹម​ក្នុង​តួ​នាទី​សម្របសម្រួល​ភាព​តានតឹង​

60

កូរ៉េ​ខាង​ជើង៖ ប្រធាន​កិច្ចការ​នយោបាយ​របស់​អង្គការសហប្រជាជាតិលោក Jeffrey Feltman ​បាន​មក​ដល់​ប្រទេស​កូរ៉េខាងជើង​ហើយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ សម្រាប់​ដំណើរ​ដ៏​កម្រ​មួយ​ដែល​អ្នក​វិភាគ ​និង​អ្នកការទូត​មួយ​ចំនួន​សង្ឃឹម​ថា ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​ដោយ​អង្គការ​សហប្រជាជាតិ អាច​បន្ធូរបន្ថយ​ភាព​តឹង​ដែល​កំពុង​កើន​ឡើង​ខ្លាំង ​ជុំវិញកម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ និង​មី​ស៊ី​ល​របស់​ទីក្រុងព្យុងយ៉ាង​។​អតីតមន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​អាមេរិក​រូប​នេះ​ គឺជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​របស់​អង្គការ​សហ​ប្រជាជាតិ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង​ចាប់​តាំង​ពី​ឆ្នាំ​២០១២ ​មក​។ ​អំឡុងដំណើរ​ទស្សនកិច្ច​រប​ស់​លោករយៈពេល​ ៤​ថ្ងៃ លោកគ្រោង​នឹង​ជួប​ជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក រី​យ៉ុង​ហូ ដើម្បី​ពិភាក្សា​បញ្ហា​ដែល​មាន​អត្ថប្រយោជន៍​ និង​ក្ដី​បារម្ភ​ទាំង​សង​ខាង។​ ​កូរ៉េខាងជើង​បាន​កំពុងអភិវឌ្ឍន៍​សមត្ថភាព​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​អាច​បាញ់​ទៅដល់​ទឹកដីសហរដ្ឋអាមេរិក ជា​ការ​ផ្គើន​ទៅ​នឹងទណ្ឌកម្ម​របស់អង្គការសហប្រជាជាតិ។

កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ និង​ធំ​បំផុត​របស់ខ្លួន​ក្នុង​ខែ​កញ្ញា​ ហើយ​កាលពី​សប្ដាហ៍​មុន​នេះបាន​បាញ់​សាកល្បង​មី​ស៊ី​ល​មួយ​គ្រាប់​ទៀត ​ដែល​អាច​ទៅដល់​គ្រប់​ទីកន្លែង​ក្នុង​សហរដ្ឋអាមេរិក៕

អត្ថបទ៖ សុខ​មាន