Pep Guardiola៖ ទំរង់​លេង​ល្អ​របស់ Manchester City បច្ចុប្បន្ន​មិន​ធានា​ថា​ជោគជ័យ​រហូត​ចប់​រដូវ​កាល​នោះ​ទេ

62

បាល់ទាត់៖ ​ទំរង់​លេង​ល្អ​របស់ Manchester City បច្ចុប្បន្ន​មិនមែន​បាន​ន័យ​ថា ក្រុម​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ពេល​ចប់​រដូវ​កាល​នោះ​ទេ នេះ​ជា​ការ​លើកឡើង​របស់​លោក Pep Guardiola មុន​ការ​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​រាត្រី​នេះ​ក្រប​ខណ្ឌ UEFA Champions League​។

​​Manchester City នឹង​ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​អ៊ុយ​ក្រែ​ន Shakhtar Donetsk ការប្រកួត​បង្គ្រប់​កិច្ច​ ខណៈ​ដែល Manchester City ធានា​បាន​កៅអី​លេខ1 ទៅ​ហើយ​ក្នុង​ពូ​ល F នេះ​។ ​មុន​មកដល់​ការប្រកួត​រាត្រី​នេះ Manchester City បាន​យកឈ្នះ West Ham 2-1 ដែល​ជា​ការប្រកួត​ឈ្នះ 20ប្រកួត​ជាប់​គ្នា​គ្រប់​ក្រប​ខណ្ឌ តែ​ក្រោយ​ប្រកួត​រាត្រី​នេះពួកគេ​នឹង​ត្រូវ​ជួប​ក្រុម​ប្រជែង​រួម​របង Manchester United ថ្ងៃសៅរ៍​ចុង​សប្ដាហ៍​នេះ​។ ​យប់​នេះ Manchester City នឹង​មិន​មាន​វត្តមាន​ខ្សែ​បំរើ​អេ​ស្ប៉ា​ញ David Silva ដែល​ទទួល​រង​របួស​បន្តិចបន្តួចពេល​ឈ្នះ West Ham កាលពី​ថ្ងៃអាទិត្យ ស្រប​ពេល​ដែល Kevin de Bruyne ជាប់​បម្រាម​។

កីឡាករ​វ័យ 17ឆ្នាំ Phil Foden ស្ថិតក្នុង​បញ្ជី​ទៅ​ទឹកដី​អ៊ុយ​ក្រែ​ន​យប់​នេះ គ្រោង​នឹង​បង្ហាញខ្លួន​លើក​ទី​ពីរ ខណៈដែល Yaya Toure ក៏​នឹង​អាច​ចូល​លេង​ដែរ បន្ទាប់ពី​បង្ហាញខ្លួន​ឲ្យ Manchester City បានតែ 5ប្រកួត​ប៉ុណ្ណោះ​រដូវ​កាល​នេះ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ