មនុស្ស ៤១​នាក់​រង​របួស​ក្នុង​ឧបទ្ទវហេតុ​​រថភ្លើង​ ២​ខ្សែ​​បុក​គ្នា​នៅ​ជិត​ទីក្រុង​ឌូសែលដុស​ប្រទេស​អាល្លឺម៉ង់

45

អាល្លឺម៉ង់៖ កង​កម្លាំង​ផ្នែក​ពន្លត់​​អគ្គិភ័យ​​ក្នុង​តំបន់​ បាន​និយាយ​​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​​ថា មនុស្ស ៤១នាក់​បាន​រង​របួស​​ក្នុង​ចំណោម​​នោះ​មាន​ ៣​នាក់​​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​​ក្នុង​ពេល​​​ដែល​​រថភ្លើង​​ ២​ខ្សែ​​បាន​បុក​​គ្នា​នៅ​ក្បែរ​ទីក្រុង​​ឌូសែលដុស​ប្រទេស​អាល្លឺម៉ង់។

ចំនួន​អ្នក​រង​របួស​​ដែល​បាន​រាយការណ៍​​ដោយ​សេវា​សង្គ្រោះ​​​បន្ទាន់​​ឲ្យ​ដឹង​ថា ​មនុស្ស​ចាប់​​ពី ៥​នាក់​ទៅ​ដល់ ៥០​នាក់​​បាន​រង​របួស ខណៈ​ក្រុម​​សេវា​កម្ម​នេះ​ទទួល​ព័ត៌មាន​​ពី​ក្រុម​អ្នក​ពិនិត្យ​​គ្រោះ​ថ្នាក់​នេះ។ លោក ឌើតឆេបាញ ​ការី​ផ្លូវ​​ដែក​ឲ្យ​ដឹង​ថា រថភ្លើង​​ដឹក​​អ្នក​ដំណើរ​​មួយ​ខ្សែ​​របស់​ក្រុម​ហ៊ុន​ National Express ប្រចាំ​តំបន់​​បាន​បើក​បរ​ជ្រុល​ទៅ​បុក​​រថភ្លើង​​​ដឹក​ទំនិញ​​ DB មួយ​ខ្សែ​ទៀត។ លោក មេប៊ុស ​ផ្នែក​ពន្លត់​អគ្គិភ័យ​​បាន​បញ្ជាក់​ថា អ្នក​ដំណើរ​​នៅ​លើ​រថភ្លើង​​មាន​រហូត​ដល់​ ១៥០​នាក់​​ ហើយ​អ្នក​នាំ​ពាក្យ​​រដ្ឋាភិបាល​​អាល្លឺម៉ង់​​បាន​និយាយ​ថា លោក​ស្រី​អធិការបតី​អាល្លឺម៉ង់​​ Angela Markel ត្រូវ​បាន​គេ​ជម្រាប​ឲ្យ​ដឹង​​ពី​ស្ថានភាព​​គ្រោះ​ថ្នាក់​រថភ្លើង​នេះ៕

អត្ថបទ៖ រិទ្ធី